en     km
en     km

WHOប្រកាសពីគម្រោងបង្កើតក្រុមប្រឹក្សាពន្លឿនវ៉ាក់សាំងរបេងថ្មីបន្ទាប់ពីអាក់ខាន់ដោយសារកូវីដ-១៩

Share

អង្គការសុខភាពពិភពលោក(WHO)បានឱ្យដឹងនៅលើគេហទំព័ររបស់ខ្លួនថា ការរាតត្បាតនៃជំងឺកូវីដ១៩ បានរាំងស្ទះនូវកិច្ចខិតខំប្រឹងប្រែងការអភិវឌ្ឍវ៉ាក់សាំងសម្រាប់ប្រឆាំងនឹងជំងឺរបេងនាពេលកន្លងមក។ ក៏ប៉ុន្តែប៉ុន្មានមុនថ្ងៃនេះ អគ្គនាយកអង្គការសុខភាពពិភពលោក បានប្រកាសប្រាប់មហាជននូវផែនការថ្មី ស្តីពីការបង្កើតក្រុមប្រឹក្សាពន្លឿនវ៉ាក់សាំងជំងឺរបេង។
(កញ្ញា កែវ សុជាតា រាយការណ៍)
បើយោងតាមគេហទំព័រ World Health Organization ចុះផ្សាយនៅថ្ងៃអង្គារ ទី១៧ ខែមករា បានរាយការណ៍ថា ឆាប់ៗនេះអង្គការសុខភាពពិភពលោកនឹងបង្កើតនូវក្រុមប្រឹក្សាជួយសម្រួលដល់ការផ្តល់អាជ្ញាបណ្ណ និងការប្រើប្រាស់វ៉ាក់សាំងជំងឺរបេងប្រកបដោយប្រសិទ្ធភាព។
ការជំរុញនេះ មានគោលបំណងឱ្យអ្នកផ្តល់មូលនិធិ ទីភ្នាក់ងារសកលលោក រដ្ឋាភិបាល និងអ្នកប្រើប្រាស់វ៉ាក់សាំងចុងក្រោយគេបង្អស់កំណត់នូវរោគសញ្ញា ឬការវិវត្ត ជាពិសេសរួមគ្នាជម្នះរាល់ឧបសគ្គដែលរារាំងការអភិវឌ្ឍវ៉ាក់សាំងជំងឺរបេង។
វេជ្ជបណ្ឌិត Tedros Adhanom Ghebreyesus អគ្គនាយកអង្គការសុខភាពពិភពលោក បានទាញយកហេតុផលនៃជំងឺកូវីដ១៩ មកពន្យល់ថា ប៉ុន្មានឆ្នាំនេះជំងឺរាតត្បាតកូវីដ១៩ ក្លាយជាមេរៀនដ៏សំខាន់បំផុតមួយសម្រាប់ប្រជាជនទូទាំងសកលលោក ពីព្រោះមានការអន្តរាគមន៍បានយ៉ាងឆាប់រហ័ស និងប្រកបដោយការច្នៃប្រឌិត។ លោកបន្តថា ការអភិវឌ្ឍន៍វ៉ាក់សាំងរបេងនេះ កើតឡើងបានដោយសារតែវាបានជះឥទ្ធិពលលើផ្នែកនយោបាយ ម្យ៉ាងមានហិរញ្ញប្បទានគ្រប់គ្រាន់ផងដែរ។
យ៉ាងណាមិញ ជំងឺរបេង និងជំងឺកូវីដ១៩ ហាក់មានបញ្ហាប្រឈមខុសប្លែកគ្នា ក៏ប៉ុន្តែធាតុផ្សំដែលពន្លឿនឱ្យវិទ្យាសាស្ត្រ ការស្រាវជ្រាវ និងការបង្កើតថ្មីគឺដូចគ្នាពោលគឺត្រូវការធ្វើជាបន្ទាន់ ត្រូវការការចូលរួមវិនិយោគពីសាធារណជន ការគាំទ្រពីសប្បុរសធម៌ និងការចូលរួមរបស់វិស័យឯកជននិងសហគមន៍ផងដែរ។ លោកវេជ្ជបណ្ឌិត Tedros ជឿជាក់ថា ជំងឺរបេងនឹងទទួលបានការអន្តគមន៍សម្របសម្រួលយ៉ាងពេញទំហឹងដូចនឹងជំងឺកូវីដ១៩ដែរ។

តាមប្រភពដដែលបានបញ្ជាក់ថា ប្រទេសជាច្រើនបានប្តេជ្ញាចិត្តយ៉ាងម៉ឺងម៉ាត់ក្នុងការបញ្ចប់នូវជំងឺរបេងត្រឹមឆ្នាំ២០៣០។ ផ្ទុយទៅវិញ យោងតាមទិន្នន័យនៅក្នុងគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពរបស់អង្គការសុខភាពពិភពលោកក្នុងយុទ្ធសាស្រ្តបញ្ចប់ជំងឺរបេង និងសេចក្តីប្រកាសគោលនយោបាយឆ្នាំ២០១៨ ស្តីពីការប្រយុទ្ធប្រឆាំងនឹងជំងឺរបេង បានបញ្ជាក់ច្បាស់ៗថា ការរាតត្បាតនៃជំងឺរបេងមិនបានបង្ហាញភាពអន់ថយនៃសន្ទុះអ្នកឆ្លងនោះទេ។ នៅឆ្នាំ២០២១ មនុស្សប្រហែល១០លាននាក់ បានធ្លាក់ខ្លួនឈឺដោយសារជំងឺរបេង ហើយមនុស្សជាង ១ លាននាក់ បានស្លាប់ដោយសារជំងឺនេះ។
គួរបញ្ជាក់ថា បច្ចុប្បន្ននេះ ថ្នាំ BCG គឺជាវ៉ាក់សាំងជំងឺរបេងដែលមានអាជ្ញាប័ណ្ណតែមួយមុខគត់។ ខណៈដែលវាផ្តល់នូវប្រសិទ្ធភាពកម្រិតមធ្យមក្នុងការទប់ស្កាត់ទម្រង់ធ្ងន់ធ្ងរចំពោះទារក និងកុមារតូចៗ។ ដោយឡែក ថ្នាំវ៉ាក់សាំងនេះមិនមានប្រសិទ្ធិភាពខ្ពស់សម្រាប់ការពារក្មេងជំទង់ និងមនុស្សពេញវ័យ ដែលមានចំនួនជិត៩០% នៃការចម្លងជំងឺរបេងនៅទូទាំងពិភពលោក។
តាមគេហទំព័រWHOបានជូនដំណឹងថា នៅក្នុងឆ្នាំ២០២៣នេះ ប្រមុខរដ្ឋ និងរដ្ឋាភិបាលនឹងជួបប្រជុំគ្នាសម្រាប់កិច្ចប្រជុំកម្រិតខ្ពស់របស់អង្គការសហប្រជាជាតិលើកទី២ ស្តីពីជំងឺរបេង ដើម្បីពិនិត្យមើលវឌ្ឍនភាពប្រឆាំងនឹងជំងឺរបេង។ នេះសបញ្ជាក់យ៉ាងច្បាស់ពីឱកាសដ៏សំខាន់មួយ ដើម្បីកែខៃនូវការយឺតយ៉ាវក្នុងការឆ្លើយតបនឹងជំងឺរបេង ជាពិសេសចែកចាយវ៉ាក់សាំងជំងឺរបេងដែលមានប្រសិទ្ធិភាពខ្ពស់ជូនដល់អ្នកជំងឺឱ្យបានទាន់ពេលវេលា៕

Share

ព័ត៌មានទាក់ទង

Image