en     km
en     km

បក្សភ្លើងទៀនគ្រោងប្ដឹងក្រុមប្រឹក្សាធម្មនុញ្ញក្រោយ គ.ជ.ប មិនចុះឈ្មោះបក្សខ្លួនឱ្យចូលបោះឆ្នោតពេលខាងមុខ

Share

ភ្នំពេញ៖ លោក សុន ឆ័យ អនុប្រធានម្នាក់នៃគណបក្សភ្លើងទៀន បានអះអាងថា នឹងដឹកនាំមន្រ្តីបក្សដាក់ឯកសារ ប្ដឹងទៅក្រុមប្រឹក្សាធម្មនុញ្ញ ក្នុងករណីដែលគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) នៅតែបដិសេដមិនទទួលស្គាល់ ឯកសារសុំចុះបញ្ជីចូលរួមការបោះឆ្នោតរបស់ គណបក្សភ្លើងទៀន ឱ្យបានមុនថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៣។ លោក គីម ចាន់ចាវ រាយការណ៍

 

ការអះអាងរបស់ លោក សុន ឆ័យ អំពីការប្តេជ្ញាចិត្តប្តឹងទៅក្រុមប្រឹក្សាធម្មនុញ្ញឱ្យបានឆាប់នេះ កើតមានឡើងបន្ទាប់ពីគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បដិសេដមិនទទួលស្គាល់ ឯកសារសុំចុះបញ្ជីចូលរួមការ បោះឆ្នោតរបស់ គណបក្សភ្លើងទៀន កាលពីរសៀលថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៣។

 

ក្នុងសន្និសីទសារព័ត៌មាន ស្តីពី “សេចក្ដីសម្រេចរបស់គណៈកម្មាធិការជាតិរៀបចំការ បោះឆ្នោត (គ.ជ.ប) ដែលបានបដិសេធការចុះបញ្ជីគណបក្សនយោបាយឈរឈ្មោះបោះឆ្នោត ជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២៣ របស់គណបក្ស ភ្លើងទៀន” នៅថ្ងៃទី១៦ ខែឧសភានេះ លោក សុន ឆ័យ បានបង្ហាញការរំពឹងថា ការដាក់ពាក្យប្ដឹងទៅក្រុមប្រឹក្សាធម្មនុញ្ញនេះ នឹងទទួលបានលទ្ធផលល្អប្រសើរ ហើយអាចដោះស្រាយបញ្ហាបានជាវិជ្ជមាន។ បន្ថែមពីនេះលោក បដិសេដថានឹងមិនមានការតវ៉ាក្នុងរូបភាពណាមួយឡើយ។

 

«ហើយក៏បានបញ្ជាក់អញ្ចឹងថា មិនពិតទេ យើងមិនមានគម្រោងធ្វើបាតុកម្មទេ ហើយក៏បញ្ចប់បញ្ហាហ្នឹងទៅ។ ឃើញថាប្រហែលជាអាជ្រោតជ្រាប ជាពិសេសសម្តេចនាយករដ្ឋមន្ត្រី គឺលោកខិតខំក្នុងការរៀបចំស៊ីហ្គេម គឺថាយើងក៏បានធ្វើលិខិតអបអរសាទរដែរ មោទនភាពជាតិយើងទាំងអស់គ្នា»។

 

លើបញ្ហានេះ លោក សុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លើកឡើងថា គជប គឺជាតួអង្គអនុវត្តច្បាប់ ហើយការអនុវត្តដែលមិនចុះឈ្មោះឱ្យគណបក្សភ្លើងទៀននេះ គឺជាការត្រឹមត្រូវ។

 

«ពីព្រោះក្នុងដំណើរការរៀបចំឯកសាររដ្ឋបាលជាផ្លូវការគេមិនដែលយកឯកសារថតចម្លងឬឯកសារណាក្រៅពីច្បាប់ដើមទេ ដូច្នេះហើយការបដិសេដរបស់គជប គឺជាការត្រឹមត្រូវស្របទៅតាមកិច្ចការរដ្ឋបាល។ ប្រទេសណាក៏ដូចប្រទេសណាដែរ គេមិនដែលប្រើប្រាស់ច្បាប់ថតចម្លងយកមកប្រើក្នុងកិច្ចការរដ្ឋបាលទេ»។
លោក សុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា

លោក សុន ឆ័យ អះអាងថា ក្នុងការបោះឆ្នោតក្រុមប្រឹក្សាឃុំ-សង្កាត់កាលពីឆ្នាំ២០២២ កន្លងមកឃើញថា មានតែគណបក្សពីរប៉ុណ្ណោះដែលមានការគាំទ្រពីប្រជាពលរដ្ឋខ្មែរ នោះគឺគណបក្សភ្លើងទៀន និងគណបក្សប្រជាជនកម្ពុជា។ លោកថា ការបដិសេដមិនឱ្យគណបក្សភ្លើងទៀនចូលរួមប្រកួតប្រជែងក្នុងការបោះឆ្នោតថ្នាក់ជាតិខាងមុខនេះ គឺជារឿងដែលមិនអាចទទួលយកបាន។ សម្រាប់លោក សុន ឆ័យ ការមិនអាចទទួលយកបាននេះ គឺមិនត្រឹមតែក្រុមគណបក្សភ្លើងទៀនឡើយ ប៉ុន្តែសហគមន៍អន្តរជាតិក៏មិនអស់ចិត្តដែរ ត្បិតហេតុអ្វីរឿងបែបនេះកើតឡើងតែចំពោះគណបក្សភ្លើងទៀន៕

 

Share

ព័ត៌មានទាក់ទង

Image