អនុប្រធានបក្សថៃរួបរួមជាតិ (UTN) លោក Thanakorn Wangboonkongchana បានរាយការណ៍កាលពីថ្ងៃចន្ទ ទី១៥ ខែឧសភាថា នាយករដ្ឋមន្ត្រីថៃ លោក Prayut Chan-o-cha និងជាប្រធានបក្ស UTN អាចនឹងមិនបន្តអាជីពជាអ្នកនយោបាយរបស់លោកទៀតទេ បន្ទាប់ពីគណបក្សខ្លួនចាញ់ឆ្នោត។
(កញ្ញា កែវ សុជាតា រាយការណ៍)
បើយោងតាមសារព័ត៌មាន CNA គណៈកម្មការរៀបចំការបោះឆ្នោតនៃប្រទេសថៃបានបង្ហាញពីលទ្ធផលបឋមចុងក្រោយបំផុតកាលពីថ្ងៃអាទិត្យ ទី១៤ ខែឧសភា ឆ្នាំ២០២៣ថា គណបក្សប្រឆាំងដែលហៅថា Move Forward ដឹងនាំដោយលោក Pita Limjaroenrat បានទទួលអាសនៈសភាច្រើនជាងគេបង្អស់ ពោលគឺ ១៥២អាសនៈ ដោយឈរលើលំដាប់ទី១។
ខណៈតាមពីក្រោយដោយគណបក្សភឿថៃ ដឹកនាំដោយគ្រួសារមហាសេដ្ឋី ស៊ីណាវ៉ាត្រា ទទួលបាន១៤១អាសនៈ។ ចំណែក គណបក្ស UTN ដឹកនាំដោយនាយកមន្រ្តីថៃបច្ចុប្បន្ន ទទួលបានតែ ៣៦អាសនៈ ដែលនាំឱ្យគណបក្សនេះឈរលើលំដាប់លេខរៀងទី៥។យ៉ាងណាមិញ លោក Thanakorn បានប្រាប់ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកថា លោក ប្រាយុទ្ធ មិនបានលើកឡើងពីរឿងឈប់ធ្វើនយោបាយក្រោយគណបក្សរបស់លោកចាញ់ឆ្នោតនៅឡើយទេ ក៏ប៉ុន្តែលោកគិតថា លោក ប្រាយុទ្ធ ប្រហែលជាបញ្ចប់វិស័យនេះតែត្រឹមប៉ុណ្ណឹង។
ក្នុងនោះដែរ លោក Thanakorn បានសម្តែងការគាំទ្រចំពោះលោកប្រាយុទ្ធ និងកោតសរសើនូវកិច្ចខិតខំប្រឹងប្រែងគ្រប់គ្រងប្រទេសជាតិអស់រយៈពេលជាង៨ឆ្នាំ។ លោកបាននិយាយថា លោកប្រាយុទ្ធបានធ្វើការបម្រើប្រទេសជាតិពេញមួយជីវិតរបស់លោកក្នុងនាមជានាយករដ្ឋមន្ត្រី។ លោកបានបន្ថែមទៀតថា ក្នុងពេលដែលលោក ប្រាយុទ្ធ ចាន់អូចា កាន់អំណាចបានធ្វើរឿងជាច្រើនសម្រាប់ប្រទេសថៃ ជាពិសេសលោកបានលុបបំបាត់នូវអំពើពុករលួយទាំងស្រុងនៅក្នុងប្រទេស ហើយលោកជឿជាក់ថា យ៉ាងហោចណាស់ លោក ប្រាយុទ្ធ នឹងស្ថិតនៅក្នុងក្រអៅចិត្តប្រជាជនថៃជាយូរអង្វែង។គួរបញ្ជាក់ថា លោក ប្រាយុទ្ធ បានក្លាយជានាយករដ្ឋមន្ត្រីថៃក្នុងឆ្នាំ២០១៤ បន្ទាប់ពីលោកបានដឹកនាំរដ្ឋប្រហារផ្តួលរំលំរដ្ឋាភិបាលជាប់ឆ្នោតតាមបែបប្រជាធិបតេយ្យរបស់លោកស្រី យីងឡាក់ ស៊ីណាវ៉ាត្រា ប្អូនស្រីលោក ថាក់ស៊ីន អតីតនាយករដ្ឋមន្រ្តីថៃ។
កាលពីថ្ងៃអាទិត្យ ទី១៤ ខែឧសភានេះ លោក ប្រាយុទ្ធ បានចូលរួមប្រកួតប្រជែងស្វែងរកសន្លឹកឆ្នោតក្នុងការបោះឆ្នោតជាសកលនៅក្នុងប្រទេសថៃ ដោយលោកសង្ឃឹមថា នឹងបន្តកាន់អំណាចបន្តទៀត បន្ទាប់ពីបានធ្វើការក្នុងនាមជានាយករដ្ឋមន្រ្តីកាន់អំណាចជាងប្រាំបីឆ្នាំមកហើយ។
សូមជម្រាបថា លោក Pita Limjaroenrat ជាបេក្ខជននាយករដ្ឋមន្ត្រីនៃគណបក្ស Move Forward ដែលទទួលបានអាសនៈច្រើនជាងគេ បានប្រកាសកាលពីថ្ងៃចន្ទ ទី១៥ ខែឧសភា ថា លោកមានការគាំទ្រគ្រប់គ្រាន់ពីសម្ព័ន្ធមិត្តនយោបាយ ដើម្បីបង្កើតរដ្ឋាភិបាលតាមគោលនយោបាយរបស់គណបក្សរបស់លោក។ ក៏ប៉ុន្តែ ដើម្បីបានតំណែងជានាយករដ្ឋមន្ត្រី យ៉ាងហោចណាស់ លោកត្រូវមាន ៣៧៦ អាសនៈ ពីសភាទាំងពីរ ឬក៏តែពីសន្លឹកឆ្នោតរបស់ប្រជាពលរដ្ឋទូទៅក៏បាន៕
ប្រភព៖ CNA ចុះថ្ងៃអង្គារ ទី១៦ ខែឧសភា ឆ្នាំ២០២៣