ខេត្តកំពង់ធំ៖ នៅថ្ងៃទី ១០ ខែ ឧសភា ឆ្នាំ ២០២៣ សហគមន៍កសិកម្មច្រនាងស្វាយភ្លើងអភិវឌ្ឍន៍បានរៀបចំពិធី “ សម្ពោធដាក់ឱ្យប្រើប្រាស់ផ្សារសហគមន៍កសិកម្មច្រនាងស្វាយភ្លើងអភិវឌ្ឍន៍” មានទីតាំងនៅភូមិប្រាំងសំរោង ឃុំច្រនាង ស្រុកតាំងគោក ខេត្តកំពង់ធំ។
…….
ពិធីសម្ពោធផ្សារនេះមានការអញ្ជើញចូលរួមពីតំណាង មន្ទីរ រដ្ឋបាលស្រុក ឃុំ អង្គការសង្គមស៊ីវិល វិស័យឯកជន និងសមាជិកសហគមន៍កសិកម្មចំនួន ១០២នាក់ (ស្ត្រី ៧៣នាក់) ។
ថ្លែងនៅក្នុងពិធីសម្ពោធ លោកស្រី ចែម ចាន់ ប្រធានក្រុមប្រឹក្សាភិបាលសហគមន៍កសិកម្ម ច្រនាងស្វាយភ្លើងអភិវឌ្ឍន៍ បានរំលឹកអំពីប្រវត្តិនៃការបង្កើត សហគមន៍កសិកម្មនាងស្វាយភ្លើងអភិវឌ្ឍន៍ និងសមិទ្ធិផលសម្រេចបាន រហូតមកដល់បច្ចុប្បន្ន។ ដោយគិតត្រឹមឆ្នាំ២០២២ សហគមន៍កសិកម្ម មានសមាជិកចំនួន ២១៤នាក់ (ស្រ្តី១៦០នាក់) និងមានភាគហ៊ុនចំនួន ៦១៥ហ៊ុន គិតជាទឹកប្រាក់ ៣០,៧៥០,០០០រៀល និងមានមុខរបរសំខាន់ៗ ដូចជា លក់ជីកសិកម្ម លក់ចំណីសត្វ លក់មាន់សាច់ លក់ស៊ុតមាន់ បន្លែ ឥណទានក្រុមផលិត និងឥណទានអាជីវកម្ម ទិញស្រូវធ្វើអង្ករ និងលក់មាន់អាំង។
លោកស្រីបានឱ្យដឹងថា តាមរយៈការគាំទ្រថវិកាដោយ (១) អង្គការហេហ្វឺកម្ពុជា ក្រោមគម្រោងកម្មវិធីសហគ្រាសកែច្នៃផលិតផលមាន់ស្រែខ្មែរសម្រាប់មោទកភាពជាតិកម្ពុជា (ភីភីអ៊ិនភី) និង (២) តាមរយៈ UNDP និង ការគាំទ្រពីក្រសួងកសិកម្មស្បៀងអាហារនិងកិច្ចការជនបទរបស់សាធារណៈ រដ្ឋ កូរ៉េ (MAFRA) ក្រោមគម្រោង ការលើកកម្ពស់ការប្រើប្រាស់បច្ចេកទេសវិទ្យាថាមពលពន្លឺព្រះអាទិត្យសម្រាប់វិស័យកសិកម្ម និងការអភិវឌ្ឍន៍ជនបទនៅ កម្ពុជា សហគមន៍កសិកម្មនេះបានកសាងផ្សារសហគមន៌កសិកម្ម ដែលជាកន្លែងប្រមូលផ្តុំផលិតផលកសិកម្មក្នុងសហគមន៍កសិកម្ម។
សូមជម្រាបថា ផ្សារសហគមន៍កសិកម្មនេះ មានទំហំ បណ្តោយប្រវែង ១៥ម៉ែត្រ និង ទទឹង ៨ ម៉ែត្រ ជាតម្រូវការចាំបាច់របស់កសិករក្រុមផលិត និងសហគមន៍កសិកម្មក្នុងគោលបំណងទី១. បង្កើតប្រព័ន្ធទីផ្សារ (លក់ ទិញ និងដឹកជញ្ជូន)៖ ជាទីកន្លែងប្រមូលផ្តុំ ទិញ លក់ទំនិញកសិកម្មការផ្សារភ្ជាប់រវាងអ្នកលក់ និងអ្នកទិញក្នុងសហគមន៍ និងខាងក្រៅសហគមន៍ការជួលតូបក្នុងផ្សារសហគមន៍កសិកម្មស្តុក វេចខ្ចប់ និងរក្សារទុកផលិតផលដឹកជញ្ជូនទំនិញកសិកម្ម។
និងទី២. ដើម្បីបង្កើនសេដ្ឋកិច្ចសហគមន៍ និងមុខរបរ៖ ប្រភពចំណូល និងសេដ្ឋកិច្ចសហគមន៍ បង្កើនមុរបរបន្ថែមសម្រាប់សហគមន៍ លើកទឹកចិត្តដល់ក្រុមផលិតក្នុងសហគមន៍កាត់បន្ថយចំណាកស្រុក។
នាឱកាសនោះដែរ លោកបណ្ឌិត ញ៉ែម សារ៉េត នាយកប្រចាំប្រទេសអង្គការហេហ្វឺកម្ពុជាបាន ថ្លែងថា ដើម្បីចូលរួមចំណែកលើកស្ទួយវិស័យកសិកម្មជាមួយរដ្ឋាភិបាល ជាពិសេស ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក៏ដូចជា កសិករ ក្នុងនោះដែរ អង្គការហេហ្វឺអន្តរជាតិកម្ពុជាបានចូលរួមពង្រឹង និងលើកកម្ពស់ការបង្កើនផលិតផលកសិកម្ម និងបង្កើនប្រាក់ចំណូលដល់កសិករតាមរយៈការបណ្តុះបណ្តាល និងផ្តល់ទុនវិនិយោគសំរាប់អនុវត្តសកម្មភាព មុខរបរកសិកម្ម ផ្តោតលើខ្សែច្រវ៉ាក់ផលិតកម្មនៃការចិញ្ចឹមមាន់ស្រែខ្មែរ បន្លែសុវត្ថិភាព និងត្រី ។ អង្គការហេហ្វឺអន្តរជាតិកម្ពុជាបន្តជួយគាំទ្រសហគមន៍កសិកម្មពី ៥២ និងពង្រីកឲ្យបានរហូតទៅ ១១០ សហគមន៍កសិកម្ម ដើម្បីឈានទៅសម្រេចបាននៃការជួយគាំទ្រ កសិករចំនួន ៣០០,០០០ គ្រួសារ គិតត្រឹមឆ្នាំ ២០៣០។ ជាពិសេសគម្រោងកម្មវិធីនានារបស់អង្គការហេហ្វឺកម្ពុជានឹងជួយបង្កើនប្រាក់ចំណូលគ្រួសារចន្លោះពី ៤,៤៩០ ដល់ ៧,៧០០ ដុល្លាសហរដ្ឋអាមេរិកក្នុង១ឆ្នាំៗគិតត្រឹមឆ្នាំ ២០៣០។ ថ្មីៗនេះអង្គការហេហ្វឺបានផ្តល់ការគាំទ្រលើការវិនិយោគ ដោយមានការចូលរួមបដិភាគរបស់កសិករក៏ដូចជាសហគមន៍កសិកម្ម ដើម្បីប្រើប្រាស់សម្រាប់វិនិយោគទៅលើការកសាងផ្សារសហគមន៍កសិកម្ម ចំនួន ១១ កន្លែង និងទិញយានយន្តដឹកផលិតផលកសិកម្មចំនួន ១០ គ្រឿង។
លោកបណ្ឌិតបញ្ជាក់បន្ថែមថា អង្គការហេហ្វឺកម្ពុជា និង UNDP បានសហការអនុវត្តគម្រោង “លើកកម្ពស់ការប្រើប្រាស់បច្ចេកទេសវិទ្យាថាមពលពន្លឺព្រះអាទិត្យសម្រាប់វិស័យកសិកម្មនិងការអភិវឌ្ឍន៍ជនបទនៅកម្ពុជា” ដើម្បីកសាងសងផ្សារសហគមន៍កសិកម្មបន្ថែមដែលគ្រប់គ្រងដោយសហគមន៍កសិកម្ម ដើម្បីផ្សារភ្ជាប់រវាងអ្នកលក់ និងអ្នកទិញក្នុងសហគមន៍ និងខាងក្រៅសហគមន៍ រួមទាំង ជាទីកន្លែងប្រមូលផ្តុំ ទិញ លក់ទំនិញកសិកម្ម និងដឹកជញ្ជូនទំនិញកសិកម្ម ជាពិសេសដើម្បីសម្រេចបានការបង្កើនការផលិតមាន់ស្រែ បន្លែ និងត្រី កិច្ចសហការណ៍ជួយគាំទ្រដល់សហគមន៍កសិកម្មចំនួន ៤ កន្លែង (មានសមាជិកចំនួន ១៣៧៩ គ្រួសារ)។
ដោយឡែកលោក ឈុំ សុវណ្ណនី តំណាងអង្គការ យូអ៊ីនឌីភី បានថ្លែងអបអរសាទរ និងការកោតសរសើរចំពោះសមិទ្ធផល របស់សហគមន៍កសិកម្ម។ លោកមានប្រសាសន៍ថា គម្រោងរបស់អង្គការយូអិនឌីភី បានផ្តោតលើការពង្រឹង កសិកម្មដែលបន្សាំ ខ្លួន ទៅ នឹង បម្រែបម្រួល អាកាសធាតុ ទីផ្សារ និង សូឡាបូមទឹក។ លោកបានបន្តថា “ ផ្សារសហគមន៍នឹងជាកន្លែងប្រមូលផ្គុំនូវផលិតផលកសិកម្ម ជាពិសេស កសិករនឹងមិនបារម្មណ៍អំពីថ្លៃជួល តូបផ្សារ ប្រចាំខែនោះទេ ព្រោះយើងមានផ្សារសហគមន៍ខ្លួនឯង”។
រីឯលោក ស៊ីវ ឈឿន តំណាងប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តកំពង់ធំបានស្នើ ឱ្យសហគមន៍ កសិកម្ម គួរបង្កើនទំនាក់ទំនងទៅកាន់ទីផ្សារ និងអ្នកបញ្ជាទិញខាងក្រៅឲ្យបានល្អ ដើម្បីឱ្យផ្សារសហគមន៍ កសិកម្មដំណើរការ។ ម្យ៉ាងវិញទៀត សហគមន៍គួរៀបចំ និងបង្កើនក្រុមផលិតដែលឆ្លើយតបនឹងតម្រូវការទីផ្សារ និងអ្នកបញ្ជាទិញ។
សូមបញ្ជាក់ផងដែរថា តាមរយៈគម្រោង “លើកកម្ពស់ការប្រើប្រាស់បច្ចេកទេសវិទ្យាថាមពលពន្លឺព្រះអាទិត្យសម្រាប់វិស័យកសិកម្មនិងការអភិវឌ្ឍន៍ជនបទនៅកម្ពុជា” ដែលសហការអនុវត្តរវាង អង្គការហេហ្វឺកម្ពុជា និងUNDP និងទទួលបានការគាំទ្រពីក្រសួងកសិកម្មស្បៀងអាហារ និងកិច្ចការជនបទ របស់ សាធារណៈ រដ្ឋ កូរ៉េ (MAFRA) ផ្សារសហគមន៍កសិកម្ម ចំនួន៣ បន្ថែមទៀតនឹងត្រូវដាក់សម្ពោធជាផ្លូវការនៅខេត្តកំពង់ធំ និងខេត្តសៀមរាប នៅខែឧសភា ឆ្នាំ ២០២៣នេះ៕