en     km
en     km

លោកព្រាប កុល ប្ដេជ្ញាធ្វើអភិបាលកិច្ចកំណែទម្រង់រដ្ឋ ក្រោយទទួលតំណែងធំក្នុងជួររាជរដ្ឋាភិបាល

Share

លោកព្រាប កុល រដ្ឋមន្ដ្រីប្រតិភូអមនាយករដ្ឋមន្ដ្រី បានប្ដេជ្ញាចិត្តធ្វើអភិបាលកិច្ចកំណែទម្រង់រដ្ឋ ដូចជា លើកស្ទួយតម្លាភាព ប្រឆាំងអំពើពុករលួយ ដើម្បីមប្រើជាតិក្រោយចូលក្នុងជួររាជរដ្ឋាភិបាល ជាការងារស្រដៀងគ្នានិងសង្គមស៊ីវិល ដែលលោកធ្លាប់កាន់តំណែងជានាយកប្រតិបត្តិនៃអង្គការតម្លាភាពកម្ពុជា។

លោក ឡាក់ ច័ន្ទតារា ជូននូវសេចក្ដីរាយការណ៍

ថ្លែងក្នុងសន្និសិទសារព័ត៌មាន ក្រោយព្រះមហាក្សត្រតែងតាំងកាលពីថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៣ លោក ព្រាប កុលបានឱ្យដឹងថា លោកប្ដេជ្ញាចិត្តក្នុងការធ្វើអភិបាលកិច្ចកំណែទម្រង់រដ្ឋ ដូចជាលើកស្ទួយតម្លាភាពក្នុងសង្គម ប្រឆាំងអំពើពុករលួយ និងការវិនិយោគទុនបរទេស ទំនាក់ទំនងអន្ដរជាតិជាដើម។

រាជរដ្ឋាភិបាល សម្ដេច ហ៊ុន សែន បានគាំទ្រឱ្យលោកព្រាប កុល បំពេញតួនាទីទាំងនេះ។ នេះបើតាមការបញ្ជាក់របស់លោក ក្នុងសន្និសិទសារព័ត៌មាននាថ្ងៃទី១៦ ខែឧសភា នេះ។ លោករំលេចថា ការងាររបស់លោក នឹងចាប់ផ្ដើមនៅអាណត្តិថ្មីនៃរាជរដ្ឋាភិបាល ក្រោយការបោះឆ្នោត។

ការចូលរួមជីវភាពនយោបាយជាមួយរាជរដ្ឋាភិបាលមួយរយៈពេលចុងក្រោយនេះ ​មានការកើនឡើងគួរឱ្យកត់សម្គាល់ ខណៈការបោះឆ្នោតតំណាងរាស្ដ្រនីតិកាលទី៧ នឹងខិតជិតមកដល់ នាថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ខាងមុខ។ គេសង្កេតឃើញខ្លះជាមន្ដ្រីនៅបក្សប្រកួតប្រជែង និងខ្លះជាសង្គមស៊ីវិលក៏ចូលរួមជីវភាពនយោបាយជាមួយរាជរដ្ឋាភិបាលបច្ចុប្បន្នដែរ។ តែអ្នកកាន់កាន់តំណែងធំៗក្រោយពេលចុះចូលមិនសូវមានច្រើននោះទេ ក្នុងនោះលោក ព្រាល កុល ជាអតីតនាយកប្រតិបត្តិ នៃអង្គការតម្លាភាពកម្ពុជា ក៏ជាបុគ្គលទី៣ ដែរ ដែលទទួលតំណែងធំមួយក្នុងជួរដ្ឋាភិបាល ជារដ្ឋមន្ដ្រីប្រតិភូអមនាយករដ្ឋមន្ដ្រី បន្ទាប់ពីលោក សូ ណារ៉ូ ទទួលតំណែងជារដ្ឋមន្ដ្រីប្រតិភូអមនាយករដ្ឋមន្ដ្រីដូចគ្នា និងលោក យ៉ង សាំងកុមារជារដ្ឋលេខាធិការក្រសួងកសិកម្ម។

សូមជម្រាបថា លោកព្រាប កុល ធ្លាប់ជាអតីតនាយកប្រតិបត្តិនៃអង្គការតម្លាភាពកម្ពុជា រយៈពេល២អាណត្តិ គឺ៨ឆ្នាំ។ លោកបានលាលែងពីការងារនៅសង្គមស៊ីវិលតាំងពីឆ្នាំ២០២០ រួចបន្ដការងារផ្នែកឯកជនរបស់លោករយៈពេល៣ឆ្នាំ ទើបសម្រចចិត្តចូលរួមជាមួយរាជរដ្ឋាភិបាលមុនពេលចូលនិវត្តន៍៕

Share

Image
Image
Image