en     km
en     km

តុលាការ​ប៉ាគីស្ថាន​ធានា​ភរិយា​អតីត​នាយករដ្ឋមន្ត្រី Imran Khan ​នៅ​ក្រៅ​ឃុំ​ក្នុង​រឿង​ពុករលួយ

Share

 

LAHORE ៖ យោងតាមរ៉យទ័រតុលាការប៉ាគីស្ថានក្នុងទីក្រុង Lahore កាលពីថ្ងៃចន្ទទី១៥ ខែ ឧសភា ឆ្នាំ ២០២៣ បានធានាភរិយារបស់អតីតនាយករដ្ឋមន្ត្រី Imran Khanនៅក្រៅឃុំ ក្នុងសំណុំរឿងពុករលួយ។ នេះបើតាមការឱ្យដឹងរបស់មេធាវី។

លោក Khan ត្រូវបានចាប់ខ្លួនដោយទីភ្នាក់ងារប្រឆាំងអំពើពុករលួយ កាលពីសប្តាហ៍មុន ដែលបណ្តាលឱ្យមានការតវ៉ាដោយហឹង្សានៅទូទាំងប្រទេស។ ក្រោយ​មកលោក Khan ​ត្រូវ​បានតុលាការ​ក្នុង​ទីក្រុង Islamabad ​ដោះ​លែង និង​ដាក់​ប្រាក់​ធានា​ឱ្យនៅក្រៅឃុំរយៈ​ពេល​ពីរ​សប្តាហ៍។ភរិយារបស់លោក Khan គឺលោកស្រី Bushra Bibi ត្រូវបានចោទប្រកាន់រួមជាមួយលោក Khan ក្នុងសំណុំរឿងពាក់ព័ន្ធនឹងការទទួលបានថវិកាពីអ្នកអភិវឌ្ឍន៍ដីធ្លី នៅក្នុងការបង្កើតសាកលវិទ្យាល័យ Al Qadir។

លោក Intizar Hussain Panjutha មេធាវីរបស់ភរិយាលោក Khan បានប្រាប់រ៉យទ័រថា “យើងបានស្នើសុំការធានាការពារលោកស្រី Bushra Bibi ក្នុងសំណុំរឿងការសាងសង់សកលវិទ្យាល័យ Al Qadir  ហើយ​ចៅក្រមពីររូបរបស់តុលាការទីក្រុង Lahore បានផ្តល់ការធានាឱ្យនៅក្រៅឃុំរហូតដល់ថ្ងៃទី ២៣ ខែឧសភា” ។

លោក Khan ដែលអមដំណើរភរិយាទៅកាន់តុលាការជាន់ខ្ពស់នៅទីក្រុង Lahore កាលពីថ្ងៃច័ន្ទទី១៥ ខែឧសភា២០២៣ បានសម្តែងក្ដីបារម្ភថារដ្ឋាភិបាលគ្រោងនឹងចាប់ខ្លួនប្រពន្ធរបស់លោកដែលលោកអះអាង​​ថាជាយុទ្ធនាការប្រឆាំងនឹងរូបលោក។លោក Khan បានសរសេរនៅលើ Twitter ថា “ផែនការរដ្ឋាភិបាលពេលនេះគឺធ្វើឱ្យខ្ញុំអាម៉ាស់ដោយចាប់ Bushra ដាក់គុក” ។

រដ្ឋមន្ត្រីក្រសួងព័ត៌មាន Marriyum Aurangzeb មិនបានឆ្លើយតបភ្លាមៗចំពោះសំណើសុំការអត្ថាធិប្បាយទេ។ រដ្ឋាភិបាល​បដិសេធ​ថា​មិន​មាន​អ្នក​នៅ​ពី​ក្រោយ​ករណី​នេះ​ទេ ហើយ​និយាយ​ថា ទីភ្នាក់ងារ​ប្រឆាំង​អំពើ​ពុករលួយ ការិយាល័យ​គណនេយ្យភាព​ជាតិ​កំពុង​ធ្វើ​ការ​ដោយ​ឯករាជ្យ។

សំណុំរឿងនេះគឺជាករណីមួយក្នុងចំណោមបណ្ដឹងជាង ១០០ ដែលបានប្ដឹងលោកKhan ចាប់តាំងពីលោកត្រូវបានបណ្តេញចេញពីអំណាចកាលពីឆ្នាំមុន។ចាប់តាំងពីពេលនោះមក លោក Khan បានធ្វើយុទ្ធនាការទូទាំងប្រទេសសម្រាប់ការបោះឆ្នោតថ្មីៗ ហើយបានបន្ទោសពួកយោធាចំពោះការបង្រ្កាបលោក និងគណបក្សរបស់លោក។ លោក Khan ​ត្រូវ​បាន​គេ​បាញ់​ឱ្យ​រង​របួស​ជើង​ខណៈ​ពេល​ធ្វើ​យុទ្ធនាការ​កាល​ពី​ឆ្នាំ​មុន៕

 

ប្រភព៖ Reuters ចុះថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៣

Share

Image
Image
Image