loader

វិភាគ​៖​ តើ​បាន​ប្រយោជន៍​អ្វី​ពី​ការ​លុប​រូបគំនូរ​ស្ត្រី​កាន់​ម្ជុល​នៅ​លើ​អគារ​ប៊ូល​ឌី​ង​?

cover--painted-women-picture-on-Building-
រូបគំនូរ​ស្ត្រី​កាន់​ម្ជុលដេរ​លើ​អគារ​ប៊ូល​ឌី​ង និងរូបពេលដែលអាជ្ញាធរកំពុងលុបចោល

​ក្រោយ​ពេល​អាជ្ញាធរ​រាជធានី​ភ្នំពេញ​ បាន​លុប​រូបគំនូរ​ស្ត្រី​កាន់​ម្ជុលដេរ​ ដែល​វិចិត្រករ​ជនជាតិ​អា​មេ​រិ​ក​ លោក ​ដេ​វី​ដ​ ឆូ​
(David​ Choe)​ បាន​គូស​នៅ​លើ​ជញ្ជាំង​អគារ​ប៊ូល​ឌី​ង​រួច​មក​ មានការ​រិះគន់​ពី​គ្រប់​មជ្ឈដ្ឋាន​ ទៅ​ដល់​អាជ្ញាធរ​រាជធានី​ភ្នំពេញ​
ក្នុង​នោះ​ក៏​មាន​អង្គការ​ចំនួន​៩​ ដែល​ធ្វើការ​ខាង​ស្ត្រី​ផង​ដែរ​។​

​តើ​មាន​ប្រយោជន៍​អ្វី​ក្នុង​ការ​លុប​រូបគំនូរ​នោះ​? សូម​ស្ដាប់​បទ​វិភាគ​ដែល​រៀបរៀង​ជូន​ដោយ​លោក​ ណុ​ល​ ដា​រ៉ា​ ដូច​តទៅ​៖

​មានការ​រិះគន់​ជា​បន្តបន្ទាប់​ និង​ឥត​ឈប់​ឈរ​ ពី​សំណាក់​អ្នកលេង​ហ្វេ​ស​ប៊ុ​ក​ ចំពោះ​អាជ្ញាធរ​រាជធានី​ភ្នំពេញ​ ដែល​បាន​លុប​រូបគំនូរ​ស្ត្រី​ម្នាក់​កាន់​ម្ជុល​ ដែល​វិចិត្រករ​ជនជាតិ​អា​មេ​រិ​ក​ឈ្មោះ​ David​  Choe​ បាន​គូរ​នៅ​លើ​ជញ្ជាំង​អគារ​ប៊ូល​ឌី​ង​ ក្នុង​រាជធានី​ភ្នំពេញ​ ក្នុង​ខែធ្នូ​ ឆ្នាំ​២០១៥​នេះ​។​

​ លោក​ ឡុ​ង​ ឌី​ម៉​ង់
​ លោក​ ឡុ​ង​ ឌី​ម៉​ង់

​អ្នកនាំពាក្យ​សាលា​រាជធានី​ភ្នំពេញ​លោក​ ឡុ​ង​ ឌី​ម៉​ង់​ បាន​ប្រាប់​ពី​មូលហេតុ​នៃ​ការ​លុប​រូបគំនូរ​នោះ​ថា​ វា​ធ្វើ​ឱ្យ​ខូច​សោ​ភណ្ឌ​ភាព​ទីក្រុង​ និង​អត្តសញ្ញាណ​រាជធានី​ភ្នំពេញ​។​ ម្យ៉ាងទៀត​ គំនូរ​នោះ​មិន​ទាន់​មានការ​អនុញ្ញាត​ច្បាប់​ពីសា​លា​រាជធានី​នៅឡើយ​ទេ​ ទោះបីជា​មានការ​ដាក់​ពាក្យសុំ​ច្បាប់​ក៏​ដោយ​។​

​ប៉ុន្តែ​អ្នកលេង​ហ្វេ​ស​ប៊ុ​កបាន​ថតរូប​គំនូរ​ផ្ទាំង​ផ្សាយពាណិជ្ជកម្ម​ស្រា​បៀរ​ និង​ផ្ទាំង​ផ្សាយពាណិជ្ជកម្ម​ក្លឹ​ប​កម្សាន្ត​វិមាន​ស្ទឹង​លាភ​ មក​សរសេរ​ថា​ រូបភាព​ទាំងនោះ​ខុស​វប្បធម៌​ប្រពៃណី​ខ្មែរ​ ប៉ុន្តែ​អាច​ផ្សាយ​បាន​នៅ​តាម​ទី​សាធារណៈ​ តើ​អ្នកជំនាញ​វប្បធម៌​បកស្រាយ​យ៉ាងណា​?​

​អ្នកខ្លះ​សរសេរ​លើ​ហ្វេ​ស​ប៊ុ​កថា​ ប្រហែលជា​ផ្ទាំង​រូបភាព​លើ​អគារ​ប៊ូល​ឌី​ង​នោះ​ មិន​បាន​បង់លុយ​ឱ្យ​សាលា​រាជធានី​ ដូច​ផ្ទាំង​ផ្សាយពាណិជ្ជកម្ម​ស្រា​បៀរ​ហើយ​មើលទៅ​ បានជា​អាជ្ញាធរ​លុប​ចេញ​យ៉ាង​តក់ក្រហល់​បែប​នេះ​។​

​ទន្ទឹម​គ្នា​នឹង​ការ​រិះគន់​នៅ​លើ​បណ្ដាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​ អង្គការ​ដែល​ធ្វើការ​ខាង​ការ​លើកកម្ពស់​ស្ត្រី​ចំនួន​៩​ ក្នុង​នោះ​មាន​មណ្ឌល​ព័ត៌មាន​ស្ត្រី​កម្ពុជា​ អង្គការ​សីល​ការ​ អង្គការ​ស្ត្រី​ខ្មែរ​ជាដើម​ បាន​ជំរុញ​ឱ្យ​អាជ្ញាធរ​រាជធានី​ភ្នំពេញ​ សុំ​ទោស​ជា​សាធារណៈ​ ចំពោះ​ការ​លុប​គំនូរ​ស្ត្រី​កាន់​ម្ជុល​ចេញពី​ជញ្ជាំង​អគារ​ប៊ូល​ឌី​ង​នោះ​ផង​ដែរ​។​

​យោង​លើ​ការ​រិះគន់​ឥត​ឈប់​ឈរ​ពី​សំណាក់​មហាជន​បែប​នេះ​ តើ​ជា​ការ​ចំណេញ​ ឬ​ខាត​ ដែល​អាជ្ញាធរ​លុប​រូបគំនូរ​នោះ​?

​លោកស្រី​ ជា​ វ​ណ្ណាត
​លោកស្រី​ ជា​ វ​ណ្ណាត

​អ្នកវិភាគ​ឯករាជ្យ​ លោកស្រី​ ជា​ វ​ណ្ណាត​ មាន​ប្រសាសន៍​ចាប់អារម្មណ៍​លើ​រូបគំនូរ​នោះ​ថា​​ជា​គំនូរ​ល្អ​ លើកតម្កើង​តម្លៃ​ស្ត្រី​ ជា​ពិសេស​ស្ត្រី​ម្នាក់​ ដែល​មនុស្ស​ទូទៅ​ទូទៅ​មិន​ធ្លាប់​ស្គាល់​ ហើយ​គំនូរ​នោះ​ស្ថិត​នៅ​ទីតាំង​ល្អ​ ដែល​មហាជន​អាច​មើលឃើញ​ជា​ទូទៅ​។​ លោកស្រី​មាន​ប្រសាសន៍​ថា​ តាម​ការ​យល់​ឃើញ​ផ្ទាល់ខ្លួន​របស់​លោកស្រី​ រូបគំនូរ​នោះ​មិន​បាន​ធ្វើ​ឱ្យ​ខូច​ដល់​តម្លៃ​ស្ត្រី​ខ្មែរ​ទេ​ ផ្ទុយ​ទៅ​វិញ​ គឺ​វា​បាន​លើកតម្កើង​តម្លៃ​ស្ត្រី​ខ្មែរ​ទៅ​វិញ​ទេ​។​

​យ៉ាងនេះ​ក្ដី​ លោកស្រី​ បញ្ជាក់​ថា​ លោកស្រី​មិន​ជំទាស់​នឹង​ការ​បកស្រាយ​របស់​អាជ្ញាធរ​រាជធានី​ភ្នំពេញ​ទេ​ ព្រោះ​លោកស្រី​យល់​ថា​ នោះ​ជា​សិទ្ធិ​សេរីភាព​ក្នុង​ការ​បកស្រាយ​។​
​លោកស្រី​ ជា​ វ​ណ្ណាត​ មាន​ប្រសាសន៍​បន្ថែម​ថា​ ក្នុង​នាម​អាជ្ញាធរ​ អាច​មានការ​លំបាក​ក្នុង​ការ​ទុក​រូបគំនូរ​នោះ​ ព្រោះ​វា​មិន​មានច្បាប់​អនុញ្ញាត​ ហើយ​បើ​មនុស្ស​ម្នាក់ៗ​អាច​គូរគំនូរ​នៅ​តាម​ទី​សាធារណៈ​បាន​ស្រេច​តែ​ចិត្ត​ នោះ​វា​នឹង​អាច​ធ្វើ​ឱ្យ​ខូច​សោភ័ណ​ភាព​ទីក្រុង​។​

​លោកស្រី​យល់​ថា​ ការ​លុប​រូប​នោះ​ជា​សមត្ថកិច្ច​របស់​អាជ្ញាធរ​រាជធានី​ភ្នំពេញ​ ប៉ុន្តែ​សំខាន់​អ្វី​ដែល​អាជ្ញាធរ​ធ្វើ​នោះ​ គឺ​មិន​មានការ​បកស្រាយ​ឱ្យ​បាន​ច្បាស់លាស់​ពន្យល់​ដល់​មហាជន​៖​ «​ខ្ញុំ​មើលទៅ​ក្នុង​ការ​ធ្វើ​អ្វីៗ​–​ អ្វី​ដែល​យើង​ខ្វះ​ យើង​ខ្វះ​ការ​និយាយ​គ្នា​។​ បើសិនណា​ជា​ខ្ញុំ​ធ្វើ​អ៊ីចឹង​វិញ​ ហើយ​ខ្ញុំ​ជា​អាជ្ញាធរ​វិញ​ ខ្ញុំ​ឡើង​ទៅ​ទូរទស្សន៍​ណាមួយ​ ឬ​រ៉ា​ដ្យូ​ផង​ ទូរទស្សន៍​ផង​ ផ្សព្វផ្សាយ​ប្រាប់​ពលរដ្ឋ​ថា​ ស្នាដៃ​ល្អ​ហើយ​ អី​ហើយ​ ក៏​ប៉ុន្តែ​យើង​ដែល​ជា​អ្នក​ទទួលខុសត្រូវ​សណ្ដាប់ធ្នាប់​លម្អ​នៅ​ក្នុង​ទីក្រុង​ ហើយ​ការ​ដែល​ធ្វើ​ហ្នឹង​មិន​មានការ​អនុញ្ញាត​បាន​ត្រឹមត្រូវ​ យើង​មិន​អាច​ទុក​បាន​ទេ​»​។​

​ចំណែក​អ្នក​ស្រាវជ្រាវ​ពី​ការ​អភិវឌ្ឍ​សង្គម​ លោក​ មាស​ នី​ មាន​ប្រសាសន៍​ថា​ បើ​មើលទៅ​លើ​ប្រតិកម្ម​របស់​មហាជន​ឃើញ​ថា​ គេ​បានឱ្យ​កំហុស​ច្រើន​ទៅ​លើ​អាជ្ញាធរ​រាជធានី​ភ្នំពេញ​។​

​លោក​ថា​ ជាង​ ៣០​ឆ្នាំ​ហើយ​ អាជ្ញាធរ​មិនមែន​ចាប់អារម្មណ៍​រឿង​សោភ័ណ​ភាព​អគារ​ប៊ូល​ឌី​ង​ទេ​ ហើយ​កន្លង​មក​ក៏​មាន​ព័ត៌មាន​ថា​ រដ្ឋាភិបាល​ចង់​លក់​អគារ​ទាំងនោះ​ទៅ​ឱ្យ​ឯកជន​ដែរ​ ហើយ​ការ​លុប​រូប​នោះ​ អាច​ជា​ចេតនា​មួយ​ចង់ឱ្យ​អគារ​នោះ​មើលទៅ​ឃើញ​នៅ​តែ​ចាស់​ទ្រុឌទ្រោម​។​

លោក​ មាស​ នី
លោក​ មាស​ នី

លោក​ មាស​ នី​ មាន​ប្រសាសន៍​បន្ថែម​ថា​ ការ​បន្ទោស​របស់​មហាជន​ទៅ​លើ​អាជ្ញាធរ​រាជធានី​អាច​ជា​ការ​សម​ស្រប​ ព្រោះថា​ការ​បកស្រាយ​ និង​ទ​ង្វើ​របស់​អាជ្ញាធរ​ ហាក់ដូចជា​មិន​ស៊ី​ទៅ​នឹង​ភាព​ជាក់ស្ដែង​ក្នុង​សង្គម​  ដោយសារ​មាន​រូបភាព​ផ្សាយពាណិជ្ជកម្ម​ផ្សេងៗ​ ដូច​ជា​ការ​ផ្សាយ​ស្រា​បៀរ​ជាដើម​មាននៅ​ពេញទី​ក្រុង​៖​

«​សំខាន់​ការ​ឆ្លើយ​តប​របស់​អាជ្ញាធរ​ទីក្រុង​ភ្នំពេញ​ហ្នឹង​ វា​ហាក់ដូចជា​មិន​មាន​ភាព​សម​ស្រប​ ហើយ​ទី​ពីរ​ទៀត​ ការ​ធ្វើ​នេះ​វា​ដូច​ជា​ប្រញាប់ប្រញាល់​ពេក​ ខ្លាច​ខុស​ខ្លាំង​ពេក​ រហូត​ដល់​យក​មក​លុប​ទាំង​យប់​។​ ហើយ​បើ​យើង​មើលរូប​ភាព​នេះ​ទៀត​ វា​ការ​គូរ​នេះ​មិនមែន​ចំណាយពេល​មួយ​ម៉ោង​ហើយ​ ឬ​ក៏​កន្លះ​ម៉ោង​ហើយ​ទេ​ វា​ត្រូវ​ចំណាយពេល​រាប់​អាទិត្យ​ រាប់​ថ្ងៃ​ច្រើន​ដែរ​ ទម្រាំ​គូររូប​ចេញ​ជា​រូប​ស្អាត​នេះ​ ហើយ​រូប​នេះ​ក៏​វា​មិន​មាន​រូប​ជា​បង្កប់​នូវ​នយោបាយ​ នូវ​អី​ដែរ​។​ រូប​នេះ​វា​មាន​ន័យ​មួយ​ផ្សេង​ បង្ហាញ​អំពី​ជំនាញ​របស់​ស្ត្រី​ខ្មែរ​»​។​

​បើ​មើលទៅ​លើ​ទិដ្ឋភាព​ទូទៅ​នៃ​អគារ​ប៊ូល​ឌី​ង​ វា​គឺជា​អគារ​ចាស់​ទ្រុឌទ្រោម​ មាន​កាន់​ស្លែ​ ឯ​រូបគំនូរ​ដែល​បាន​គូរ​លើ​ជញ្ជាំង​អគារ​នោះ​ បាន​ជួយ​លើក​សម្រស់​អគារ​ផង​ ជួយ​ការពារ​ភាព​ចាស់​ទ្រុឌទ្រោម​ផង​ ក៏​ដូច​ជា​ជួយ​កាត់​បន្ថយល្បឿន​នៃ​ការ​ពុក​ផុយ​ផង​ដែរ​។​

​ទាក់ទង​នឹង​រឿង​នេះ​ រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​ លោក​ ខៀវ​ កា​ញ៉ា​រី​ទ្ធ​ បាន​សរសេរ​លើ​ហ្វេ​ស​ប៊ុ​ក​ផ្លូវការ​របស់​លោក​ថា​ បើសិន​លោក​ជ្រុល​ទៅ​លុប​រូប​លើ​ជញ្ជាំង​ប៊ូល​ឌី​ង​ដ៏​កញ្ចាស់​អ៊ីចឹង​ហើយ​ លោក​សុខចិត្ត​លាប​ពណ៌​ថ្មី​ឱ្យ​ប៊ូល​ឌី​ង​ទាំងមូល​តែ​ម្ដង​ ដើម្បី​បាន​ស្អាត​ទីក្រុង​ផង​។​

​ត្រឡប់​មក​ក្រោយ​វិញ​ បើ​តាម​អ្នកវិភាគ​ទាំង​ពីរ​ខាងលើ​ ការ​លុប​រូបគំនូរ​លើ​ជញ្ជាំង​អគារ​ប៊ូល​ឌី​ង​នោះ​ វា​ជា​សមត្ថកិច្ច​របស់​អាជ្ញាធរ​រាជធានី​ភ្នំពេញ​ ប៉ុន្តែ​អ្វី​ដែល​អាជ្ញាធរ​បាន​ធ្វើ​ គឺជា​សកម្មភាព​មួយ​ ដែល​មហាជន​មិន​អាច​ទទួលយក​បាន​។​ អ្នកវិភាគ​ទាំង​ពីរ​ ឱ្យ​យោបល់​ថា​ អាជ្ញាធរ​រាជធានី​ភ្នំពេញ​ ត្រូវ​តែ​មានការ​បកស្រាយ​បំភ្លឺ​ពី​សមត្ថកិច្ច​របស់​ខ្លួន​ រួម​ទាំង​ផ្លូវច្បាប់​ឱ្យ​បាន​ច្បាស់លាស់​ ហើយ​មិន​ត្រូវធ្វើ​អ្វី​ដោយ​អាថ៌​កំបាំង​ និង​បែប​អាង​អំណាច​ខ្លួន​នោះ​ទេ​ ។​

​យ៉ាងណា​ក៏​ដោយ​ មតិ​របស់​អ្នក​ប្រើប្រាស់​បណ្ដាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​ ក៏​យល់​ដូច​អ្នកវិភាគ​ទាំង​ពីរ​ខាងលើ​ដែរ​ថា​ រូបគំនូរ​ស្ត្រី​កាន់​ម្ជុលដេរ​នោះ​ វា​មិន​ធ្វើ​ឱ្យ​ខូច​តម្លៃ​ស្ត្រី​ខ្មែរ​ទេ​ ហើយ​វា​ពិតជា​ប្រសើរ​ជាង​រូបគំនូរ​ស្ត្រី​បម្រើ​ការ​នៅ​ក្លឹ​ប​កម្សាន្ត​ ស្លៀក​ខ្លី​វៀល​ដល់​គល់ភ្លៅ​នោះ​ឆ្ងាយ​ណាស់​៕

0 0 votes
Article Rating
guest
0 Comments
Inline Feedbacks
View all comments

ព័ត៌មានទាក់ទង

ស្លាប់៣៧ នាក់ រាប់រយនាក់បាត់ខ្លួនដោយគ្រោះទឹកជំនន់នៅរដ្ឋ Kentucky សហរដ្ឋអាមេរិក

ស្លាប់៣៧ នាក់ រាប់រយនាក់បាត់ខ្លួនដោយគ្រោះទឹកជ[...]

អង្គការមណ្ឌលព័ត៌មានស្ត្រីកម្ពុជា(WMC) និងអង្គការ Internews បង្កើតវេទិកាបណ្តាញស្ត្រីអ្នកសារព័ត៌មាន

ភ្នំពេញ៖ នៅថ្ងៃទី១៥ ខែកក្ដដា ឆ្នាំ២០២២នេះ អង្[...]

ប្រធានាធិបតី​ចិន លោក ស៊ី ជីនពីង ចូលរួម​ពិធី​កាន់ដំណែង​រដ្ឋបាល​ថ្មី​របស់​ហុងកុង

ប្រធានាធិបតី​ចិន លោក ស៊ី ជីនពីង ចូលរួម​ពិធី​ក[...]

ព័ត៏មានថ្មី

វីដេអូថ្មីបំផុត

0
Would love your thoughts, please comment.x
()
x