en     km
en     km

អត្ថបទស្រាវជ្រាវ៖ ពិភពលោកកំពុងប្រឈមមុខនឹងវិបត្តិនៃបម្រែបម្រួលអាកាសធាតុ

Share

ស្របពេលអាកាសធាតុនៅលើភពផែនដីកំពុងតែមានបម្រែម្រួលពីមួយឆ្នាំទៅមួយឆ្នាំ ភ័ស្តុតាងតាមបែបវិទ្យាសាស្រ្ត និងរបាយការណ៍នានាបង្ហាញឱ្យឃើញថា បណ្តាប្រទេសមួយចំនួន បានជួបប្រទះនូវផលលំបាកផ្សេងៗគ្នាដោយសារតែឥទ្ធិពលអាក្រក់នៃការប្រែប្រួលអាកាសធាតុ។ មិនតែប៉ុណ្ណោះរបាយការណ៍ទាំងនោះក៏បានធ្វើការព្យាករណ៍ថា ពិភពលោកប្រឈមនឹងផលប៉ះពាល់អវិជ្ជមានជាច្រើន ហើយផលប៉ះពាល់អវិជ្ជមានទាំងនោះអាចជាហេតុបណ្តាលឱ្យវិស័យមួយចំនួន នៃបណ្តាប្រទេសនីមួយៗមានភាពរាំងស្ទះដែលបង្កឱ្យមានការអាក់ខានក្នុងការអភិវឌ្ឍ។
ដើម្បីជ្រាបកាន់តែច្បាស់ថា តើមានការព្យាករណ៍យ៉ាងដូចម្តេចខ្លះអំពីឥទ្ធិពលនៃបម្រែបម្រួលអាកាសធាតុ និងអ្វីខ្លះជាផលប៉ះពាល់ដែលប្រទេសមួយចំនួនកំពុងតែជួបប្រទះ? តទៅនេះសូមនាង កញ្ញា លោក លោកស្រីអញ្ញើញស្តាប់អត្ថបទស្រាវជ្រាវដែលរៀបរៀងដោយកញ្ញា គុជ ស៊ីកុល ដូចតទៅ៖

សកម្មភាពក្នុងជីវភាពប្រចាំថ្ងៃរបស់មនុស្ស ដូចជាការប្រើប្រាស់ផ្លាស្ទិក ការបញ្ចេញឧស្ម័នតាមរយៈយានយន្ត ជាពិសេសសកម្មភាពទាក់ទងនឹងថាមពលចេញពីរោងចក្រ និង ការកាប់បំផ្លាញព្រៃឈើ សុទ្ធសឹងតែជាកត្តាធ្វើឱ្យកើតមានបម្រែម្រួលអាកាសធាតុ។ ការប្រែប្រួលអាកាសធាតុទាំងនោះហើយបង្ករជាលទ្ធផលអវិជ្ជមានយ៉ាងច្រើនដល់ភពផែនដី។ ជាក់ស្តែងគេសង្កេតឃើញថាបច្ចប្បន្នសីតុណ្ហភាពចាប់ផ្តើមប្រែប្រួល អាកាសធាតុកើនកម្តៅ ធ្វើឱ្យមនុស្សពិបាកក្នុងការសម្របខ្លួនទៅនឹងអាកាសធាតុរហូតបណ្តាលឱ្យមានការប៉ះពាល់ដល់សុខភាព។

យោងតាម កម្មវិធីស្បៀងអាហារពិភពលោករបស់អង្គការសហប្រជាជាតិ(WFP)បង្ហាញថា នៅក្នុងតំបន់ជុំវិញពិភពលោក វិបត្តិអាកាសធាតុកំពុងបង្កឲ្យមានបញ្ហាជាច្រើនដែលបង្កដោយការប្រែប្រួលអាកាសធាតុ ដូចជាគ្រោះរាំងស្ងួតរហូតដល់ព្យុះសង្ឃរា និងទឹកជំនន់ទៀតផង។ ការកើនកម្តៅទាំងនេះកំពុងជំរុញមនុស្សកាន់តែច្រើនឱ្យធ្លាក់ក្នុងភាពអត់ឃ្លាន និងភាពក្រីក្រធ្ងន់ធ្ងរទៅៗ។ ក្នុងអំឡុងពេលវិបត្តិស្បៀងអាហារសកល អ្វីដែល WFP មិនធ្លាប់ឃើញក្នុងប្រវត្តិសាស្ត្រមនុស្សជាតិ នោះគឺវិបត្តិអាកាសធាតុដែលបច្ចប្បន្នកំពុងធ្វើឱ្យស្ថានភាពមនុស្សកាន់តែធ្ងន់ធ្ងរជាងមុនទៅទៀត។

WFP បន្តឱ្យដឹងថា មានប្រទេសចំនួន៨ដែលកំពុងរងផលប៉ះពាល់ជាងបណ្តាប្រទេសដទៃទៀតពីព្រោះវិបត្តិអាកាសធាតុនេះ។ ប្រទេសទាំងនោះមាន ស៊ូដង់ កំពុងលេចទឹក និងសីតុណ្ហភាពមិនអំណោយផល(ស្ងួត ក្តៅហែង)។ក្នុងពេលដំណាលគ្នានេះ វិបត្តិអាកាសធាតុបានបង្ក ឪ្យមានទឹកជំនន់ដែលមិនធ្លាប់មានពីមុនមកលេបត្របាក់ប្រទេសនេះ ខណៈតំបន់ផ្សេងទៀតកំពុងប្រឈមនឹងគ្រោះរាំងស្ងួតដ៏សាហាវដូចគ្នា។ ចំណែក ប្រទេសម៉ាដាហ្គាស្ការ ត្រូវបានវាយប្រហារដោយព្យុះស៊ីក្លូនត្រូពិចចំនួនបួនគឺ Emnati, Dumako, Batsirai និង Ana។ ខ្យល់ព្យុះទាំងនេះបានបំផ្លិចបំផ្លាញហេដ្ឋារចនាសម្ព័ន្ធ ដំណាំស្រូវត្រូវបានបំផ្លាញ ហើយបានធ្វើឱ្យមនុស្សជាង ២សែននាក់ត្រូវការជំនួយជាបន្ទាន់នូវស្បៀងអាហារ។ រីឯ ៥ប្រទេសផ្សេងទៀតក្នុងចំណោម៨ប្រទេសដែល WFP បានលើកឡើងក៏ប្រឈមនូវផលលំបាកប្រហាក់ប្រហែលទៅនឹង ម៉ាដាហ្គាស្ការ និងស៊ូដង់ផងដែរ។

ផ្អែកតាមការសិក្សាថ្មីមួយរបស់យូនីសេហ្វដែលចេញផ្សាយនៅចុងឆ្នាំ២០២២បង្ហាញថា កុមារចំនួន ៥៥៩ លាននាក់ ពោលមា្នក់ក្នុងចំណោម៤នាក់ នាពេលបច្ចុប្បន្ន កំពុងរងផលប៉ះពាល់ពីរលកកម្តៅខ្ពស់ដែលកើតទ្បើងជាញឹកញាប់។ លើសពីនេះ មានកុមារចំនួន ៦២៤លាននាក់ ដោយម្នាក់ក្នុងចំណោម៣នាក់ បានរងផលប៉ះពាល់ ពីបាតុភាពកម្តៅខ្ពស់ យ៉ាងហោចណាស់ចំនួនបីរង្វាស់រង្វាល់ ដែរដែលរួមមាន រលកកម្តៅខ្ពស់រយៈពេលយូរ ភាពធ្ងន់ធ្ងរនៃរលកកម្តៅខ្ពស់ ឬសីតុណ្ហភាពក្តៅខ្លាំង។ ក្នុងចំណោមកុមាររងគ្រោះទាំងនោះប្រទេសកម្ពុជាស្ថិតក្នុងចំណោមប្រទេសដែលកំពុងទទួលរងផលប៉ះពាល់ផងដែរ ដោយមានកុមារចំនួន ២,២លាននាក់ ឬ ៣៧,១% នៃចំនួនកុមារសរុបក្នុងប្រទេស កំពុងប្រឈមនឹងរលកកម្តៅខ្ពស់ជាញឹកញាប់។

យោងតាមអត្ថបទចេញផ្សាយដោយសារព័ត៌មាន BBC បានឱ្យដឹងថាការប្រែប្រួលអាកាសធាតុនឹងមានឥទ្ធិពលផ្សេងៗគ្នានៅទូទាំងពិភពលោក។ យោងតាមស្ថាប័នអាកាសធាតុរបស់អង្គការសហប្រជាជាតិ(IPCC) ប្រសិនបើការកើនឡើងសីតុណ្ហភាពពិភពលោកមិនអាចរក្សាបានក្នុងរង្វង់ ១.៥អង្សារទេ នោះអាចបណ្តាលឱ្យចក្រភពអង់គ្លេស និងអឺរ៉ុប នឹងងាយរងគ្រោះដោយសារទឹកជំនន់ដែលបណ្តាលមកពីភ្លៀងធ្លាក់ខ្លាំង ហើយបណ្តាប្រទេសនៅមជ្ឈិមបូព៌ានឹងជួបប្រទះរលកកំដៅខ្លាំង និងគ្រោះរាំងស្ងួតរីករាលដាល។ ចំណែកប្រទេសដីកោះនៅក្នុងតំបន់ប៉ាស៊ីហ្វិកអាចបាត់ខ្លួននៅក្រោមសមុទ្រតែម្តង។ រីឯប្រទេសអាហ្វ្រិកជាច្រើនទំនងជារងគ្រោះរាំងស្ងួត និងកង្វះស្បៀងអាហារស្ថានភាពគ្រោះរាំងស្ងួត។ ដោយឡែកប្រទេសអូស្ត្រាលីអាចនឹងទទួលរងនូវកំដៅខ្លាំង និងការកើនឡើងនៃការស្លាប់ដោយសារភ្លើងឆេះព្រៃ។

របាយការណ៍ដែលចេញផ្សាយដោយយូនីសេហ្វ ប៉ាន់ប្រមាណថា នៅឆ្នាំ២០៥០ កុមារនៅទូទាំងពិភពលោកចំនួន ២,០២ ប៊ីលាននាក់ប្រឈមមុខនឹង រលកកម្តៅជាញឹកញាប់ បើទោះជាពិភពលោកសម្រេចបាននូវ «សេណារីយ៉ូបញ្ចេញឧស្ម័នផ្ទះកញ្ចក់ទាប» ជាមួយនឹងការកើនឡើងកម្តៅផែនដីប្រហែល ១,៧ ដឺក្រេនៅឆ្នាំ២០៥០ ឬ «សេណារីយ៉ូនៃការបំភាយឧស្ម័នផ្ទះកញ្ចក់ ខ្ពស់ខ្លាំង» ជាមួយនឹងការកើនឡើងនៃកម្តៅផែនដីដែលត្រូវបានប៉ាន់ស្មានថាមានកម្រិត ២,៤ដឺក្រេ នាឆ្នាំ២០៥០ នោះ ក៏ដោយ។ ជិតពាក់កណ្តាលនៃកុមារទាំងអស់នៅទ្វីប អាហ្រ្វិក និងអាស៊ីនឹងប្រឈមមុខនឹងផលប៉ះពាល់ពីការកើនឡើងនៃ សីតុណ្ហភាពខ្ពស់ខ្លាំង។

លើសពីនេះរបាយការណ៍រកឃើញថាមានប្រទេសចំនួន ២៣ រួមទាំងប្រទេសកម្ពុជា ត្រូវបានចាត់ថ្នាក់ជាប្រទេស ដែលកុមារ មានការប្រឈមខ្ពស់បំផុតទៅនឹងសីតុណ្ហភាពខ្ពស់ខ្លាំង។ ចំនួននេះនឹងកើនឡើងដល់ ៣៣ប្រទេសនៅឆ្នាំ២០៥០ បើការបំភាយឧស្ម័នផ្ទះកញ្ចក់ទាប និងឡើងដល់ ៣៦ ប្រទេសសម្រាប់សេណារីយ៉ូនៃការបំភាយឧស្ម័នផ្ទះកញ្ចក់ ខ្លាំងបំផុត។

ប្រធានស្តីទីយូនីសេហ្វប្រចាំកម្ពុជា លោកវេជ្ជបណ្ឌិត អានៀរបាន ឆាតឺរជី លើកឡើងនៅក្នុងអត្ថបទដែលយូនីសេហ្វរាយរ៉ាប់ពីរបាយការណ៍ យ៉ាងដូច្នេះថា«បម្រែបម្រួលអាកាសធាតុកំពុងបង្កគ្រោះថ្នាក់ដល់អាយុជីវិត និងសុខុមាលភាពកុមារកម្ពុជារួចទៅហើយ ប៉ុន្តែរបាយការណ៍នេះ បង្ហាញថានៅពេលអនាគត ប្រទេសកម្ពុជានឹងក្លាយជាប្រទេសមួយក្នុងចំណោមប្រទេសដែលរងផលប៉ះពាល់ ធ្ងន់ធ្ងរបំផុតក្នុងពិភពលោក»។

ជាការឆ្លើយតបទៅនឹងបញ្ហានេះ យោងតាមឯកសាររបស់ក្រុមប្រឹក្សាជាតិ អភិវឌ្ឍដោយចីរភាពនៅកម្ពុជា លើកឡើងថា អាទិភាពរបស់ប្រទេសកម្ពុជានាពេលបច្ចុប្បន្នគឺ បន្តការអនុវត្តប្រកបដោយប្រសិទ្ធភាពនៃផែនការយុទ្ធសាស្រ្តឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុកម្ពុជា២០១៤­២០២៣ ផែនការជាតិបន្ស៊ាំ(NAP) និងរបាយការណ៍រួមចំណែកកម្ពុជាអនុវត្តអនុសញ្ញាក្របខណ្ឌសហប្រជាជាតិស្តីការប្រែប្រួលអាកាសធាតុ(NDC) តាមរយៈការផ្តល់ការគាំទ្រដល់ក្រសួងនិងស្ថាប័នពាក់ព័ន្ធចំនួន១៤ ដែលបានអនុម័តផែនការសកម្មភាពរបស់ខ្លួនសំដៅប្រមូលធនធាននិងកសាងភាពជាដៃគូ និងដល់អ្នកពាក់ព័ន្ធជាច្រើនទៀតដែលដើរតួយ៉ាងសំខាន់សម្រាប់អនុវត្តការឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុឱ្យទូលំទូលាយ។

នៅឆ្នាំ ២០៥០ បណ្តាប្រទេសជាច្រើនទៀតបានសន្យាថានឹងធ្វើឱ្យឈានដល់ ឈានដល់ «សូន្យសុទ្ធ» មានន័យថាប្រទេសទាំងនោះនឹងចូលរួមកាត់បន្ថយការបំភាយឧស្ម័នផ្ទះកញ្ចក់តាមដែលអាចធ្វើទៅបាន និងធ្វើឱ្យមានតុល្យភាពនៃការបំភាយឧស្ម័នដែលនៅសេសសល់ដោយការស្រូបបរិមាណសមមូលពីបរិយាកាស ។ នេះបើយោងតាមអត្ថបទចេញផ្សាយដោយសារព័ត៌មាន BBC។

យោងតាមក្រុមអ្នកវិទ្យាសាស្ត្រអាកាសធាតុរបស់អង្គការសហប្រជាជាតិ ក្រុមប្រឹក្សាអន្តររដ្ឋាភិបាលស្តីពីការប្រែប្រួលអាកាសធាតុ (IPCC) បានឱ្យដឹងថា សីតុណ្ហភាពសកលបានកើនឡើង ១.១C និងកំពុងឆ្ពោះទៅរក ១.៥C។ ប្រសិនបើសីតុណ្ហភាពកើនឡើងពី ១.៧ ទៅ ១.៨C លើសពីកម្រិតឆ្នាំ ១៨៥០ IPCC ប៉ាន់ប្រមាណថាចំនួនប្រជាជនពាក់កណ្តាលអាចប្រឈមនឹងកំដៅ និងសំណើមដែលគំរាមកំហែងដល់អាយុជីវិត។ ដើម្បីទប់ស្កាត់បញ្ហានេះ ប្រទេសចំនួន ១៩៤ បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងទីក្រុងប៉ារីសក្នុងឆ្នាំ២០១៥ ដោយសន្យាថានឹង «បន្តកិច្ចខិតខំប្រឹងប្រែង” ដើម្បីកំណត់ការកើនឡើងសីតុណ្ហភាពពិភពលោកដល់ ១.៥C» ៕

Share

ព័ត៌មានទាក់ទង

Image