មហារីកសុដន់គឺជាមហារីកមួយប្រភេទដែលត្រូវបានគេរកឃើញញឹកញាប់បំផុត នៅអង្គការសុខភាពពិភពលោកក្នុងតំបន់នៅអឺរ៉ុប (The WHO European Region) ដែលមានស្ត្រីចំនួន ១៥៧៩ នាក់ត្រូវបានធ្វើរោគវិនិច្ឆ័យជារៀងរាល់ថ្ងៃ។
ការទទួលទានគ្រឿងស្រវឹងគឺជាកត្តាដ៏សំខាន់នាំឱ្យកើតជំងឺនេះ។ ក្នុងចំណោមមហារីកសុដន់ ១០០ ករណី គេរកឃើញមាន៧ករណី បង្កឡើងដោយគ្រឿងស្រវឹង។ អង្គការសុខភាពពិភពលោកលើកទឹកចិត្តឱ្យមនុស្សគ្រប់គ្នាយល់នូវហានិភ័យនៃជំងឺមហារីកសុដន់នេះ ដែលអាចកាត់បន្ថយបាន ដោយគ្រាន់តែកាត់បន្ថយការទទួលទានគ្រឿងស្រវឹងតែប៉ុណ្ណោះ។
បន្ថែមពីនេះ យោងតាមការប៉ាន់ប្រមាណពីទីភ្នាក់ងារអន្តរជាតិសម្រាប់ការស្រាវជ្រាវជំងឺមហារីក (IARC) បានបង្ហាញថាក្នុងឆ្នាំ ២០២០ ការទទួលទានគ្រឿងស្រវឹងជាដើមហេតុនៃជំងឺមហារីកសុដន់ថ្មីជិត ៤០ 000 ករណីនៅក្នុងតំបន់អឺរ៉ុប។
តាមប្រភព IARC ដដែលបានលើកឡើងថា គ្រឿងស្រវឹងឬអាល់កុលត្រូវបានចាត់ថ្នាក់ជាក្រុមទី ១ ដែលមានសារធាតុបង្កមហារីកដល់មនុស្ស។ វាត្រូវផ្សារភ្ជាប់ទៅនឹងជំងឺមហារីក ៧ ប្រភេទទៀតក្រៅពីមហារីកសុដន់ស្ត្រី។ វាបង្កើនហានិភ័យនៃការកើតជំងឺមហារីកមាត់ បំពង់ក បំពង់អាហារ បំពង់សំឡេង ថ្លើម និងមហារីកពោះវៀនធំ។
បើតាមគេហទំព័រគ្លីនិច Cleveland របស់សហរដ្ធអាមេរិក ក៏បានបង្ហាញពីការសិក្សាស្រាវជ្រាវដ៏ធំមួយលើស្ត្រីចំនួន ១០៥,៩៨៦ នាក់បានបង្ហាញថា ការទទួលស្រា ៣ កែវ ឬច្រើនជាងនេះក្នុងមួយសប្តាហ៍ មានហានិភ័យខ្ពស់នៃជំងឺមហារីកសុដន់ ១៥% បើប្រៀបធៀបទៅស្ត្រីដែលមិនផឹកស្រាទាល់តែសោះ។
អ្នកជំនាញប៉ាន់ប្រមាណថា ហានិភ័យនៃជំងឺមហារីកសុដន់កើនឡើង ១០% ទៀតសម្រាប់ស្ត្រីដែលទទួលទានគ្រឿងស្រវឹងរៀងរាល់ថ្ងៃ។
ហេតុអ្វីបានជាប្រើគ្រឿងស្រវឹងបង្កើនហានិភ័យជំងឺមហារីក?
តាមគេហទំព័រ មជ្ឈមណ្ឌលគ្រប់គ្រង និងបង្ការជំងឺរបស់សហរដ្ធអាមេរិច(CDC) បានពន្យល់ថា នៅពេលអ្នកទទួលទានគ្រឿងស្រវឹង រាងកាយរបស់អ្នកបំបែកជាតិអាល់កុលទៅជាសារធាតុគីមីមួយហៅថា acetaldehyde។ សារធាតុគីមីនេះ(Acetaldehyde)នឹងបំផ្លាញ DNA របស់អ្នក និងរារាំងការជួសជុលកោសិការខូចខាត។ នៅពេល DNA ខូចខាត ធ្វើឱ្យកោសិកាថ្មីអាចលូតលាស់ពី DNA ខូចខាតនោះ ហើយបង្កើតដុំសាច់មហារីក។
តទៅនេះ យើងនឹងលើកយកនូវជំហានដែលស្រ្តីអាចធ្វើទៅបាន ក្នុងការកាត់បន្ថយហានិភ័យនៃជំងឺមហារីកសុដន់នេះ។
ប្រសិនបើស្រ្តីមានគោលបំណង កាត់បន្ថយហានិភ័យនៃជំងឺមហារីកសុដន់ ស្រ្តីត្រូវកំណត់បរិមាណគ្រឿងស្រវឹងដែលទទួលទាន ឬអាចជ្រើសរើសឈប់ទទួលទានទាំងស្រុង។ ប៉ុន្តែប្រសិនបើស្រ្តីចង់បន្តការទទួលទាន ស្រ្តីអាចទទួលទាន គ្រឿងស្រវឹងនេះ ពីរដង ឬតិចជាងនេះក្នុងមួយសប្តាហ៍។
សម្រាប់មនុស្សភាគច្រើន ការផឹកស្រាគឺជារឿងសង្គម។ ប៉ុន្តែការកាត់បន្ថយការសេពគ្រឿងស្រវឹងមិនមានន័យថា បន្ថយការជួបមិត្តភ័ក្ដិ និងក្រុមគ្រួសាររបស់ពួកគេឡើយ។
សូមចងចាំថា មនុស្សគ្រប់រូបជាពិសេសស្រ្តីត្រូវគិតអំពីសុខភាពជានិច្ច ដើម្បីកាត់បន្ថយកម្រិតហានិភ័យជំងឺមហារីកសុដន់ និងមហារីកផ្សេងទៀតឱ្យកាន់តែទាបតាមដែលអាចធ្វើទៅបាន។
ក្រៅពីការចូលរួមរបស់ស្រ្តីខ្លួនឯងផ្ទាល់ អង្គការសុខភាពពិភពលោក (WHO) ក៏បានណែនាំគោលការណ៍មួយចំនួន ដែលជាមធ្យោបាយដ៏មានប្រសិទ្ធិភាព ក្នុងការកាត់បន្ថយកម្រិតនៃការប្រើប្រាស់គ្រឿងស្រវឹង និងកាត់បន្ថយចំនួនករណីមហារីកដែលបណ្តាលមកពីការទទួលទានគ្រឿងស្រវឹងនេះផងដែរ។
គោលការណ៍ទាំងនោះមានដូចជា បង្កើនតម្លៃគ្រឿងស្រវឹង ដោយការបង្កើនពន្ធគយ។ ហាមឃាត់ ឬដាក់កម្រិតទីផ្សារគ្រឿងស្រវឹងនៅគ្រប់ប្រព័ន្ធផ្សព្វផ្សាយគ្រប់ប្រភេទ។ និងគោលការណ៍ចុងក្រោយគឺ កាត់បន្ថយវត្តមានគ្រឿងស្រវឹងលើទីផ្សារ តាមរយៈការកំណត់ម៉ោងលក់ជាដើម។
អង្គការសុខភាពពិភពលោកក៏បានផ្តល់អនុសាសន៍យ៉ាងមុតមាំដល់ប្រទេសទាំងអស់ ត្រូវពន្យល់អំពីគ្រោះថ្នាក់ឬបញ្ហាសុខភាព នៅលើស្លាកសញ្ញាគ្រឿងស្រវឹង។ ដូច្នេះអ្នកប្រើប្រាស់គ្រឿងស្រវឹងអាចសម្រេចចិត្តបានយ៉ាងល្អ ក្នុងការជ្រើសរើសទទួលទានគ្រឿងស្រវឹងដែរឬអត់ ៕
«ទទួលទានគ្រឿងស្រវឹងកាន់តែតិច ហានិភ័យនៃជំងឺមហារីកក៏កាន់តែទាប»
«The less alcohol you drink, the lower your risk for cancer»