ស្វាយរៀង៖ កម្មករប្រមាណជាង ៣០នាក់ ត្រូវបានសមត្ថកិច្ចធ្វើការឃាត់ខ្លួន នៅម៉ោងប្រមាណ១១ ព្រឹក ថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០១៥ នេះ បន្ទាប់ពីក្រុមកម្មករប្រមាណ ៧ពាន់ នាក់ បានបន្តបាតុកម្មជាថ្មីនៅ តំបន់សេដ្ឋកិច្ចពិសេសតាយ សេង នាក្រុង
បាវិត ដើម្បីទាមទារឱ្យថៅកែដំឡើងប្រាក់ខែគោល ឬប្រាក់ខែអប្បបរមាលើសពី ១៤០ ដុល្លារ ដែលរដ្ឋាភិបាលកម្ពុជាបានកំណត់ សម្រាប់ឆ្នាំ២០១៦។
មន្ត្រីសម្របសម្រួលនៃអង្គការសិទ្ធិមនុស្សលីកាដូ (LICADHO) ប្រចាំខេត្តស្វាយរៀង លោក នុត បូពិណ្ណារ័ត្ន ដែលស្ថិតក្នុងហេតុការណ៍នោះបានបញ្ជាក់ថា បន្ទាប់ពីសមត្ថកិច្ចបានប្រើប្រាស់រថយន្តបាញ់ទឹក ដើម្បីបាញ់បង្ក្រាបក្រុមកម្មកររួចហើយ សមត្ថកិច្ចក៏បានធ្វើសកម្មភាពឃាត់ខ្លួនកម្មករតែម្តង។
លោកបន្ថែមថា ជាងនេះទៅទៀត សូម្បីតែអ្នកសារព័ត៌មាន និងមន្ត្រីសិទ្ធិមនុស្ស ក៏ត្រូវកម្លាំងសមត្ថកិច្ចបណ្តេញចេញមិនឱ្យយកព័ត៌មាន និងតាមឃ្លាំមើលសកម្មភាពនេះដែរ។ មន្ត្រីសិទ្ធិមនុស្សរូបនេះ ហៅសកម្មភាពរបស់សមត្ថកិច្ចដែលបានបង្ក្រាប និងចាប់ខ្លួនកម្មករថា ជាទង្វើរំលោភលើសិទ្ធិមនុស្សយ៉ាងធ្ងន់ធ្ងរ។
លោក នុត បូពិណ្ណារ័ត្ន៖ «សកម្មភាពព្រឹកមិញ គ្មានបទល្មើសណាធ្ងន់ធ្ងររហូតដល់ដាក់ខ្នោះ ដាក់ខ្សែចង់ដៃនោះទេ។ សកម្មភាពនេះគឺ ជាករណីមួយរំលោភទៅលើសិទ្ធិយ៉ាងធ្ងន់ធ្ងរដែលប៉ះពាល់ទៅដល់សិទ្ធិរស់នៅ សិទ្ធិរស់រានមានជីវិតរបស់ពលរដ្ឋ។ លោក នុត បូពិណ្ណារ័ត្ន៖ សកម្មភាពព្រឹកមិញ គ្មានបទល្មើសណាធ្ងន់ធ្ងររហូតដល់ដាក់ខ្នោះ ដាក់ខ្សែចង់ដៃនោះទេ។ សកម្មភាពនេះគឺ ជាករណីមួយរំលោភទៅលើសិទ្ធិយ៉ាងធ្ងន់ធ្ងរដែលប៉ះពាល់ទៅដល់សិទ្ធិរស់នៅ សិទ្ធិរស់រានមានជីវិតរបស់ពលរដ្ឋ។
ប្រធានសម្ព័ន្ធសហជីពជាតិលោក ហ្វា សាលី និយាយថា ភាគច្រើននៃរោងចក្រនៅតំបន់សេដ្ឋកិច្ចពិសេស មេនហាតធេន ក្រុងបាវិត មានការរំលោភសិទ្ធិកម្មករយ៉ាងខ្លាំង ជាពិសេសនោះ គឺមានការរើសអើងចំពោះសហជីពឯករាជ្យ ដែលតែងតែចេញមុខទាមទារផលប្រយោជន៍ជូនកម្មករថែមទៀតផង។
លោក ហ្វា សាលី ក៏អំពាវនាវដល់ម្ចាស់រោងចក្រទាំងអស់ ត្រូវគោរពសិទ្ធិកម្មករ និងច្បាប់ការងារដែលមានចែងស្រាប់ សម្រាប់សមត្ថកិច្ចវិញត្រូវមានជំហរអព្យាក្រឹតក្នុងការដោះស្រាយបញ្ហា ដែលបានកើតឡើងរវាងកម្មករ និងថៅកែរោងចក្រ។
លោក ហ្វា សាលី៖ «សម្រាប់នៅក្នុងតំបន់សេដ្ឋកិច្ចពិសេសទាំងអស់ហ្នឹង មេនហាតធេន និងតំបន់ តាយ សេង ហ្នឹងគឺសុទ្ធតែជាតំបន់មួយដែលមានការរើសអើងបំផុត មិនថាអ្នកវិនិយោគចិន ជប៉ុនអីទេ គឺអត់មានអ្នកណាគោរពច្បាប់នោះទេ គឺបំបិទសិទ្ធិសេរីភាពទាំងអស់តែម្តង។ ប៉ុន្តែសហជីពភាគីខាងរដ្ឋាភិបាល គឺគេគាំទ្រ តែសម្រាប់សហជីពដែលឯករាជ្យគឺគេមិនឱ្យយើងនៅបានទេ»។
យោងតាមសេចក្តីរាយការណ៍ពីគេហទំព័រ ហ្វេសប៊ុកផ្លូវការរបស់ លោក ប៉ាវ ស៊ីណា ប្រធានសម្ព័ន្ធសហជីពចលនាកម្មករបានឱ្យដឹងថា មុននឹងឈានដល់ការឃាត់ខ្លួនកម្មករជាង ៣០នាក់ នៅព្រឹកមិញនេះ កម្លាំងមានសមត្ថកិច្ច បានសម្រេចប្រើប្រាស់រថយន្តបាញ់ទឹក ដើម្បីបាញ់បង្ក្រាបក្រុមកម្មករ ដែលកំពុងប្រមូលផ្តុំតវ៉ាមុខរោងចក្រ ក្នុងតំបន់សេដ្ឋកិច្ចពិសេសតាយសេង ក្រុងបាវិត ខេត្តស្វាយរៀងផងដែរ។
សូមជម្រាបថា តាំងពីថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០១៥ មកកម្មកររាប់ម៉ឺននាក់នៅក្រុងបាវិត បាននាំគ្នាធ្វើកូដកម្ម ទាមទារដំឡើងប្រាក់ខែបន្ថែម លើសពីប្រាក់ឈ្នួលអប្បបរមា ១៤០ដុល្លារ ដែលកំណត់ដោយ រាជរដ្ឋាភិបាលកម្ពុជា សម្រាប់ឆ្នាំ២០១៦។ ក្រោយមានបាតុកម្មនេះ សមត្ថកិច្ចបានឃាត់ខ្លួនមនុស្ស ៤នាក់ ដែលជាមុខសញ្ញាគប់រោងចក្រនៅថ្ងៃទី២០ ខែធ្នូ ម្សិលមិញនេះ ស្របពេលសមាគមរោងចក្រកាត់ ដេរកម្ពុជា (GMAC) បានអំពាវនាវឱ្យចាត់វិធានការទៅលើកូដកម្មនេះ៕