គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) នៅថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៣នេះ បានចេញសេចក្តីសម្រេចបដិសេធទាំងស្រុង ចំពោះការចុះបញ្ជីឈរឈ្មោះបោះឆ្នោតរបស់គណបក្សភ្លើងទៀន ក្រោមហេតុផល មិនបំពេញគ្រប់លក្ខខណ្ឌនៃច្បាប់បោះឆ្នោត។ អង្គសង្គមស៊ីវិលដែលធ្វើការពាក់ព័ន្ធនឹងការបោះឆ្នោតនេះ បានបង្ហាញការសោកស្ដាយ និងចាត់ទុកថា នឹងធ្វើឱ្យប៉ះពាល់ដល់សិទ្ធនយោបាយ និង សិទ្ធិពលរដ្ឋ ត្បិតអីពលរដ្ឋនឹងបាត់បង់ឱកាសបោះឆ្នោតឱ្យគណបក្សដែលខ្លួនពេញចិត្ត។ លោក គីម ចាន់ចាវ រាយការណ៍
ក្រោយកិច្ចប្រជុំនៅថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៣នេះ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានចេញសេចក្ដីប្រកាសព័ត៌មានភ្លាមៗ។ គ.ជ.ប បញ្ជាក់ក្នុងសេចក្ដីប្រកាសនោះ ដោយទទួលស្គាល់ជាផ្លូវការលើពាក្យសុំចុះបញ្ជីរបស់គណបក្សនយោបាយ ចំនួន៥បន្ថែមទៀត។ ក៏ប៉ុន្តែស្ថានប័នរៀបចំការបោះឆ្នោតជាតិនេះ បានសម្រេចបដិសេធទាំងស្រុង ចំពោះការចុះបញ្ជីឈរឈ្មោះបោះឆ្នោតរបស់គណបក្សភ្លើងទៀន ក្រោមហេតុផល មិនបំពេញគ្រប់លក្ខខណ្ឌនៃច្បាប់បោះឆ្នោត។
អគ្គលេខាធិការ គ.ជ.ប លោក ទេព នីថា ចេញ លិខិតកាលពីថ្ងៃទី៩ ឧសភា តម្រូវឱ្យ គណបក្សភ្លើងទៀន ត្រូវបំពេញចំណុចខ្វះខាត៣ចំណុច ក្នុងនោះ ត្រូវដាក់សេចក្ដី ចម្លងលិខិតបញ្ជាក់ការចុះ បញ្ជីគណបក្សនៅ ក្រសួងមហាផ្ទៃដែលមានការបញ្ជាក់ នីត្យានុកូលកម្ម ឬ ភាពស្របច្បាប់បន្ថែមពីរដ្ឋបាល រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ចំនួន ១ច្បាប់ទៀត ។ ចំណុចទីពីរ គឺ ទាមទារឱ្យផ្លាស់ប្ដូរលោក រ៉ុង ឈុន ចេញពីបេក្ខជន ឈរឈ្មោះ និងទី៣ត្រូវ ដាក់បង្កាន់ដៃបង់ប្រាក់១៥លានរៀល ដែលចេញដោយនាយកដ្ឋានរតនាគារជាតិ។ ក្រោយការដាក់លក្ខខខណ្ឌនេះ គណបក្សភ្លើងទៀនបានព្យាយាមស្វះស្វែងដោះស្រាយជាបន្តបន្ទាប់ជាមួយគ.ជ.ប ដោយយល់ព្រមដកបេក្ខភាពលោករ៉ុង ឈុន ពីតំណាងរាស្ត្រខេត្តកណ្ដាល ប៉ុន្តែករណីច្បាប់ដើមចុះបញ្ជីគណបក្សត្រូវបានគណបក្សភ្លើងទៀនបញ្ជាក់ថា បានបាត់នៅពេលដែលអាជ្ញាធរកាន់កាប់ទីស្នាក់ការគណបក្សសង្គ្រោះជាតិ ដែលជាបណ្ដុំឯកសារសំខាន់ៗរបស់ពួកគេ។
វិទ្យុស្ត្រីមិនអាចទាក់ទងសុំការបំភ្លឺបន្ថែមពីលោក លោក គីមសួរ ភីរិទ្ធ អ្នកនាំពាក្យគណបក្សភ្លើងទៀនបានទេ គិតត្រឹមល្ងាចថ្ងៃទី១៥ ខែឧសភានេះ ដោយទូរសព្ទខលចូលតែគ្មានអ្នកទទួល។ លើបញ្ហានេះ លោក លោកសំ គន្ធាមី នាយកប្រតិបត្តិរបស់អង្គឃ្លាំមើលការបោះឆ្នោត (Nicfec) បានបង្ហាញការសោកស្ដាយចំពោះការបដិសេដមិនឱ្យគណបក្សភ្លើងទៀនចូលរួមប្រកួតប្រជែងការបោះឆ្នោតថ្នាក់ជាតិខាងមុខនេះ។ យ៉ាងណាលោក បានចោទជាសំណួរថា បើគណបក្សភ្លើងទៀន បំពេញមិនគ្រប់លក្ខខណ្ឌហេតុអ្វីក្រសួងមហាផ្ទៃទទួលស្គាល់ ហើយគណបក្សនេះអាចចូលរួមបោះឆ្នោតក្រុមប្រឹក្សាឃុំ-សង្កាត់បានកន្លងមក?
«ខ្ញុំយល់ឃើញថាមានការសោកស្ដាយ គ្រាន់តែថាយើងគិតមើល រកឯកសារដើម Original ដោយសារហេតុផលគណបក្សភ្លើងទៀនថា ដោយសារនៅស្នាក់ការគណបក្សសង្គ្រោះជាតិមុនហ៍ ដល់គេរឹបអូស គេលក់ចឹងហាស់ ឯកសារបាត់បង់ពេលហ្នឹងហាស់ លោក! អាហ្នឹងហេតុផលខាងភ្លើងទៀនគាត់និយាយចឹងហាស លោកហាស! ទី២យើងឃើញថាក្រសួងមហាផ្ទៃបានទទួលស្គាល់ហើយមិនចឹង? ហើយភ្លើងទៀនក៏បានចូលរួមបោះឆ្នោតក្រុមប្រឹក្សាឃុំ-សង្កាត់ ឆ្នាំទៅ២០២២ហ្នឹង ហើយចូលរួមបោះឆ្នោតស្រុក ខណ្ឌ ក្រុង ប៉ុន្មានក្រុងដែលទើបបង្កើតថ្មី លោក! ហើយកាលហ្នឹងម៉េចក៏មិនតម្រូវឱ្យមានឯកសារចឹង ស្រាប់ទើបមកដល់បោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនេះបានត្រូវការឯកសារច្បាប់ដើមហ្មឹង… »។
នាយកប្រតិបត្តិរបស់អង្គឃ្លាំមើលការបោះឆ្នោតរូបនេះ ចាត់ទុកអវត្តមានគណបក្សភ្លើងទៀនក្នុងការបោះឆ្នោតថ្នាក់ជាតិខាងមុខនេះថា បានធ្វើឱ្យប៉ះពាល់ដល់សិទ្ធនយោបាយ ដោយសារគណបក្សនយោបាយមិនអាចដាក់បេក្ខជនឈរឈ្មោះ និងមួយទៀតប៉ះពាល់ដល់សិទ្ធិពលរដ្ឋ ត្បិតអីពលរដ្ឋដែលជាម្ចាស់ឆ្នោតមួយចំនួនបានបង់ឱកាសបោះឆ្នោតឱ្យគណបក្សដែលខ្លួនពេញចិត្ត។
«ជម្រើសមួយទៀតពាក់ព័ន្ធនឹងអ្នកបោះឆ្នោតផង គេចង់បោះឆ្នោតឱ្យមានគណបក្សដែលមានប្រជាប្រិយភាពចូលរួមទៅ គេមានជម្រើសលោកប្អូនណា៎។ វាមានគណបក្សច្រើនដែរ ជាង១០ហើយ គ្រាន់តែថាគណបក្សខ្លះមិនមានប្រជាប្រិយភាពទេ។ ដល់ចឹងទៅវាមានច្រើនចំនួនមែន គ្រាន់តែថា វាមិនមានកម្លាំងសកម្មជនអីគ្រប់បណ្ដា២៤-២៥ខេត្ត-ក្រុង។ បើភ្លើងទៀនវាមានបានគ្រប់ ដូចគណបក្សប្រជាជនចឹងលោកហាស៎។ វាមាន២៥(ខេត្ត-ក្រុង)ហ្មឹង គ្រប់កន្លែង»។
ក្នុងដំណើរការដាក់ពាក្យចុះបញ្ជីគណបក្សនយោបាយ ឈរឈ្មោះបោះឆ្នោត និងបញ្ជីបេក្ខជនឈរឈ្មោះ មានគណបក្សនយោបាយចំនួន២០ បានដាក់ពាក្យសុំចុះបញ្ជីនៅ គ.ជ.ប សម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២៣។ ក្នុងចំណោមគណបក្សដែលដាក់ពាក្យនេះ គឺមានតែគណបក្សភ្លើងទៀតទេ ដែលមានបេក្ខជនគ្រប់មណ្ឌលទូទាំង២៥រាជធានី-ខេត្ត សម្រាប់ប្រកួតប្រជែងជាមួយគណបក្សប្រជាជនកម្ពុជាដែលកំពុងកាន់អំណាច៕