គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតបានអះអាងថា មិនបានកែប្រែនីតិវិធីបោះឆ្នោតឡើយ ហើយការទាមទារឯកសារដើមនៃការចុះបញ្ជីគណបក្សនយោបាយក្នុងក្រសួងមហាផ្ទៃ គឺជាការតម្រូវតាមច្បាប់នៃស្ដីពីការបោះឆ្នោតតំណាងរាស្ដ្រ ដែលតម្កល់ទុកក្នុងក្រសួងមហាផ្ទៃ និងគ.ជ.ប។
លោក ឡាក់ ច័ន្ទតារា ជូននូវសេចក្ដីរាយការណ៍៖
នៅថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២៣ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតបានស្រាយបំភ្លឺថា គ.ជ.ប មិនបានកែប្រែនីតិវិធីក្នុងការបោះឆ្នោតនោះទេ ហើយការទាមទារឯកសារដើម ដែលតម្រូវក្នុងការដាក់ពាក្យចុះបញ្ជីគណបក្ស ក្នុងដំណើរការបោះឆ្នោត គឺយោងទៅតាមច្បាប់ណែនាំរបស់ក្រសួងមហាផ្ទៃ និងគ.ជ.ប។
ការស្រាយបំភ្លឺរបស់គ.ជ.ប នេះ ក្រោយពេលមន្ដ្រីសម្របសម្រួលផ្នែកអង្កេត និងតស៊ូតមិ នៃអង្គការខុមហ្វ្រែលបានលើកឡើងថា “ ច្បាប់បោះឆ្នោតជ្រើសតាំងតំណាងរាស្ដ្រមិនបានកំណត់ថា គណបក្សត្រូវយកឯកសារដើមទៅចុះឈ្មោះឡើយ” និងសំណួរពីអ្នកសារព័ត៌មានវិទ្យុបារាំងអន្ដរជាតិ ថា “ ការផ្លាស់ប្ដូរនីតិវិធីរបស់ គ.ជ.ប” ដែលបានលើកឡើងកាលពីថ្ងៃទី១៣ ខែឧសភា ។
គ.ជ.ប បញ្ជាក់ថា ការស្រាយបំភ្លឺនេះ ធ្វើឡើងដើម្បីកុំឱ្យសាធារណជនមានការភ័ន្ដច្រលំ បាត់ទំនុកចិត្ត និងមិនឆ្លុះបញ្ចាំងពីស្មារតីនៃការអនុវត្តការងារតាមផ្លូវច្បាប់របស់គ.ជ.ប ក្នុងដំណាក់កាលចុះឈ្មោះគណបក្សនយោបាយឈរឈ្មោះ និងបញ្ជីបេក្ខជនឈរឈ្មោះបោះឆ្នោតតំណាងរាស្ដ្រឆ្នាំ២០២៣នេះ។
សូមជម្រាបថា ក្នុងកថាខណ្ឌទី២ នៃមាត្រា២៧ នៃច្បាប់បោះឆ្នោតតំណាងរាស្ដ្រចែងថា គណបក្សនយោបាយត្រូវធ្វើពាក្យសុំចុះបញ្ជីគណបក្សឈរឈ្មោះតាមបែបបទកំណត់ដោយ គ.ជ.ប មក គ.ជ.ប ឱ្យបានយ៉ាងយូរ ៧០ថ្ងៃមុនថ្ងៃបោះឆ្នោត។ កថាខណ្ឌនេះតម្រូវឱ្យភ្ជាប់មកនូវឯកសារចំនួន១០ប្រភេទ ដែលប្រភេទទី១ គឺ សេចក្ដីចម្លងលិខិតបញ្ជាក់ការចុះបញ្ជីគណបក្សនយោបាយនៅក្រសួងមហាផ្ទៃចំនួន ១ ច្បាប់ផងដែរ។
ទាក់ទងក្នុងរឿងនេះ គណបក្សភ្លើងទៀនដែលជាគណបក្សប្រកួតប្រជែងធំមួយជាមួយបក្សកាន់អំណាច ត្រូវបាន គ.ជ.ប ទាមទារឱ្យបំពេញឯកសារនានា ដែលមិនទាន់គ្រប់សម្រាប់ការឈរឈ្មោះបោះឆ្នោតតំណាងរាស្ដ្រនិតិកាលទី៧នេះ។ ក្នុងនោះមានឯកសារដើមនៃការចុះបញ្ជីនៅក្រសួងមហាផ្ទៃ១ច្បាប់ និងបង្កាន់ដៃបង់ប្រាក់១៥លានរៀល នៅធនាគារ ដែលត្រូវឱ្យរតនាគារបញ្ជាក់បន្ថែមចំនួន១ច្បាប់ ក្រោយពេលដាក់លិខិតសុំឈរឈ្មោះបោះឆ្នោតនៅគ.ជ.ប។
គណបក្សភ្លើងទៀនបានជួបជាមួយក្រសួងមហាផ្ទៃកាលពីថ្ងៃទី១៣ ខែ ឧសភា ដើម្បីសម្រួលបញ្ហាចេញឯកសារដើមសម្រាប់ដាក់ជូន គ.ជ.ប តែមន្ដ្រីជាន់ខ្ពស់នៃគណបក្សថាមិនទទួលបានផ្លែផ្កាអ្វីឡើយ។ យ៉ាងណានៅថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៣ គ.ជ.ប សម្រេចបដិសេធការចុះបញ្ជីគណបក្សនយោបាយជ្រើសរើសតំណាងរាស្ដ្រនិតិកាលទី៧ ខាងមុខនេះ ដោយសារមិនមានឯកសារដើមភ្ជាប់មកជាមួយតាមតម្រូវការចង់បានរបស់គ.ជ.ប។
គ.ជ.ប អះអាងថា សេចក្ដីចម្លងលិខិតបញ្ជាក់ការចុះបញ្ជីគណបក្សនយោបាយនៅក្រសួងមហាផ្ទៃដែលគ.ជ.ប តម្រូវក្នុងការដាក់ពាក្យ គឺសំដៅលើសេចក្ដីប្រកាសស្ដីពីការចុះឈ្មោះក្នុងបញ្ជីគណបក្សនយោបាយនៅក្រសួងមហាផ្ទៃ ដែលមានបញ្ជាក់នីត្យានុកូលកម្ម មិនគ្រាន់តែថតចម្លងជាការស្រេចនោះទេ។
យ៉ាងណា គ.ជ.ប រំលេចថា អនុវត្តស្ដង់ដាតែមួយនេះ តាំងពីការបោះឆ្នោតតំណាងរាស្ដ្រនិតិកាលទី៦ឆ្នាំ២០១៨ ចំពោះគ្រប់គណបក្សនយោបាយដែលមានបំណងប្រកួតប្រជែង៕