en     km
en     km

មន្រ្តីព្រំដែននិងសមត្ថកិច្ចខេត្តត្បូងឃ្មុំច្រានចោលព័ត៌មានថាវៀតណាមបង្ខិតបង្គោលព្រំដែន

Share

ភ្នំពេញ៖ លោកស្រី កុយ ពិសី អនុប្រធានលេខាធិការដ្ឋានអចិន្ត្រៃយ៍ នៃអាជ្ញាធរជាតិទទួលបន្ទុកកិច្ចការព្រំដែន និងជារដ្ឋលេខាធិការក្រសួងទេសចរណ៍ ព្រមជាមួយស្នងការនគរបាលខេត្តត្បូងឃ្មុំបានចេញមុខប្រកាសលើទំព័រហ្វេសប៊ុកដោយច្រានចោលព័ត៌មានដែលថា វៀតណាមបង្ខិតបង្គោលព្រំដែនចូលដីកម្ពុជានៅខេត្តត្បូងឃ្មុំ។

ទំព័រហ្វេសប៊ុកលោកស្រី កុយ ពិសី និងស្នងការនគរបាលខេត្តត្បូងឃ្មុំបានបង្ហោះរូបភាពគណនីហ្វេសប៊ុកដែលមានម្ចាស់ឈ្មោះ “កាមទេព លឹមហុង” និង “Panya Ren”ក្នុងនោះក៏មានគណនីហ្វេសសប៊ុកលោក អេង ឆៃអ៊ាង មន្រ្តីអតីតគណបក្សសង្គ្រោះជាតិផងដែរ ដោយបដិសេធថា ជាព័ត៌មានក្លែងក្លាយ។

មន្ត្រីខាងលើអះអាងថា គណនីហ្វេសប៊ុកទាំងនេះបានបង្ហោះព័ត៌មានមិនពិត ក្នុងបំណងដើម្បីញុះញង់ លាបពណ៌ បង្កការយល់ច្រឡំ បង្កចលាចល និងបំផ្លាញបរិយាកាសនយោបាយ។

ក្នុងរឿងនេះ លោក អេង ឆៃអ៊ាង ដែលកំពុងនិរទេសខ្លួននៅក្រៅប្រទេសបានបង្ហោះរូបបង្គោលព្រំដែនលេខ ៩៨/១ និង៩៨/២កាលពីថ្ងៃទី០៥ខែមេសា ម្សិលមិញដោយសរសេរសារភ្ជាប់ជាមួយក្នុងសំដីដើមថា «បង្គោលព្រំដែនថ្មីបោះដោយភាគីវៀតណាម បានឃុបឃិតគ្នាជាមួយរដ្ឋាភិបាលឯកបក្សដឹកនាំដោយលោក ហ៊ុន សែន ធ្វើការរំលោភយកដីស្រែប្រជាពលរដ្ឋជាបន្តបន្ទាប់ ដែលកំពុងអាស្រ័យផល ស្ថិតក្នុងខេត្តត្បូងឃ្មុំ»។

ទាក់ទងរឿងនេះ សេចក្តីបំភ្លឺព័ត៌មានរបស់ស្នងការនគរបាលខេត្តត្បូងឃ្មុំតបថា ក្រោយការស្រាវជ្រាវពីមន្រ្តីជំនាញរកឃើញថា ចំណុចបង្គោលលេខ៩៨/១និង៩៨/២ ស្ថិតនៅភូមិស្រែតានងលិច ឃុំចាន់មូល ស្រុកមេមត់ ខេត្តត្បូងឃ្មុំ ពុំមានករណីបង្ខិតបង្គោលព្រំដែនដូចការលើកឡើងរបស់ម្ចាស់គណនីហ្វេសប៊ុកមួយចំនួនឡើយ។

សូមបញ្ជាក់ថា កម្ពុជានិងវៀតណាមមានព្រំដែនជាប់គ្នាប្រវែង ១​២៧០ គីឡូម៉ែត្រ ហើយប្រទេសទាំងពីរបានធ្វើការយ៉ាងសកម្មលើការបោះបង្គោលព្រំដែនរួមតាំងពីឆ្នាំ ២០០៦។

គិតត្រឹមខែមិថុនាឆ្នាំ២០២២ បង្គោល​ព្រំដែនកម្ពុជា-វៀតណាម​ចំនួន ៣១៥ ត្រូវ​បាន​ភាគី​ទាំង​សងខាង​ដំឡើង។ កាលពីឆ្នាំ២០២១ ប្រទេសទាំងពីរបានប្រកាសថា ៨៤ ភាគរយនៃព្រំដែន ១២៧០ គីឡូម៉ែត្រត្រូវបានបោះបង្គោលរួច។

មន្រ្តីព្រំដែនធ្លាប់បញ្ជាក់ថា ការបោះបង្គោលព្រំដែនកម្ពុជា-វៀតណាមបានបញ្ចប់ ៩០ ភាគរយហើយ ពោលគឺមន្រ្តីពាក់ព័ន្ធកំពុងធ្វើកិច្ចការនេះបន្តដែលមានខេត្តមួយចំនួនដូចជា កណ្តាល ត្បូងឃ្មុំ មណ្ឌលគិរី និងរតនគិរី ស្ថិតនៅក្នុងតំបន់នេះកំពុងវាស់វែងបោះបង្គោល៕

Share

Image Not Found
Image

ព័ត៌មានទាក់ទង