en     km
en     km

ផ្លូវ៣ខ្សែក្នុងខេត្តក្រចេះរំពឹងថានឹងជំរុញការដឹកជញ្ជូនទំនិញនិងទេសចរណ៍ក្រោយបញ្ចប់ការជួសជុល

Share

ផ្លូវ៣ខ្សែក្នុងខេត្តក្រចេះ រួមមានផ្លូវជាតិលេខ ៧៣ ផ្លូវខេត្តលេខ ៣៧៧ និង៣៧៧A ត្រូវបានបើកការដ្ឋានជួសជុលនៅថ្ងៃទី៤ ខែមករា ឆ្នាំ២០២៣ ក្រោមការចូលរួមពីលោកស្រី ម៉ែន សំអន ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងទំនាក់ទំនងរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ច។ លោកស្រីឧបនាយករដ្ឋមន្ដ្រីបានដាក់ការរំពឹងថា ក្រោយការជួសជុលផ្លូវទាំង៣ខ្សែនេះថា ផ្លូវនេះនឹងជំរុញការធ្វើដំណើរឆ្លងកាត់ទៅមកប្រចាំថ្ងៃ និងការដឹកជញ្ជូនទំនិញ កសិផលផ្សេងៗ ជាពិសេសភ្ញៀវទេសចរដែលធ្វើដំណើរមកកម្សាន្តនៅតំបន់រមណីយដ្ឋាននានា ក្នុងទឹកដីខេត្តក្រចេះ និងខេត្តជាប់ព្រំប្រទល់គ្នា។

បើតាមក្រសួងសាធារណៈការ និងដឹកជញ្ជូន ការជួសជុលផ្លូវទាំង ៣ខ្សែក្នុងខេត្តក្រចេះនេះ ជាឥណទានសម្បទានរបស់ធនាគារពិភពលោក មានតម្លៃ ៤០លានដុល្លាអាមេរិក ដោយចំណាយពេលជួសជុលចំនួន១៨ខែ។ ផ្លូវទាំង៣ខ្សែនេះមានស្ថានភាពទ្រុឌទ្រោម និងខូចខាត ជាពិសេសការប្រឈមនឹងគ្រោះទឹកជំនន់ ដែលបង្កឡើងនៅរៀងរាល់រដូវវស្សា។
សូមជម្រាបថាផ្លូវខេត្តលេខ៣៧៧ និង៣៧៧A គឺតភ្ជាប់ពីទីប្រជុំជនក្នុងខេត្តក្រចេះ(ពីរង្វង់មូលព្រាបស) ឆ្ពោះទៅកាន់តំបន់ទេសចរណ៍ធម្មជាតិព្រែកកាំពី និងទេសចរណ៍ប្រវត្តិសាស្រ្តវិហារសសរ១០០ និងតភ្ជាប់ទៅកាន់ផ្លូវជាតិលេខ៧ ឆ្ពោះទៅខេត្តស្ទឹងត្រែង រតនគិរី និងមណ្ឌលគិរីផងដែរ។

យ៉ាងណាលោកស្រី ម៉ែន សំអន បានស្នើឱ្យក្រុមហ៊ុនជួសជុលយកចិត្តទុកដាក់ខ្ពស់ក្នុងការសាងសង់ ស្របតាមស្ដង់ដារបច្ចេកទេស និងប្រកបដោយគុណភាព និងបញ្ចៀសការបង្កផលប៉ះពាល់ដល់បរិស្ថាន ជាពិសេសការបង្ហូរនូវកាកសំណល់ធ្វើឱ្យប៉ះពាល់ដល់ទីជម្រកត្រីផ្សោតទន្លេមេគង្គ៕

Share

Image
Image
Image