en     km
en     km

សាលារាជធានីភ្នំពេញហាមឃាត់សកម្មភាពមួយចំនួនដែលអាចបង្កគ្រោះថ្នាក់ក្នុងពេលបុណ្យចូលឆ្នាំខ្មែរ

Share

ភ្នំពេញ៖ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរកាន់តែខិតជិតមកដល់ រដ្ឋបាលរាជធានីភ្នំពេញបានចេញសេចក្តីជូនដំណឹងស្តីពីការរក្សាសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ និងរបៀបរៀបរយសាធារណៈក្នុងរាជធានីភ្នំពេញ និងបានចេញការហាមឃាត់នូវសកម្មភាពមួយចំនួនដែលនឹងនាំដល់គ្រោះថ្នាក់ ក្នុងពេលកំពុងសប្បាយរីករាយក្នុងឱកាសចូលឆ្នាំថ្មីនេះ។ លោក គីម ចាន់ចាវ រាយការណ៍

 

បើតាមសេចក្តីជូនដំណឹងរបស់រដ្ឋបាលរាជធានីភ្នំពេញចេញផ្សាយថ្ងៃទី៥ ខែមេសា ឆ្នាំ២០២៣នេះ ចាប់ពីថ្ងៃទី១៤ ខែមេសាខាងមុខ ដើម្បីរក្សាសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ និងរបៀបរៀបរយសាធារណៈ ក្នុងរាជធានីភ្នំពេញនាឱកាសបុណ្យចូលឆ្នាំថ្មីប្រៃណីជាតិ និងសេចក្តីថ្លៃថ្នូរដ៏ផូរផង់របស់ជាតិនោះ រដ្ឋបាលរាជធានីភ្នំពេញសូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ ជាពិសេសក្មួយៗជាយុវជន យុវនារីសិស្ស និស្សិត និងកម្មករ កម្មការិនីទាំងអស់ដូចជា ត្រូវគោរពច្បាប់ចរាចរណ៍ផ្លូវគោក និងមិនត្រូវបើកបរក្នុងស្ថានភាពស្រវឹង ដើម្បីចៀសវាងគ្រោះថ្នាក់ផ្សេងៗ។

លើបញ្ហាសុវត្ថិភាពផ្ទះសម្បែងវិញរដ្ឋបាលរាជធានីភ្នំពេញ អំពាវនាវដល់ពលរដ្ឋទាំងអស់ចូលរួមទប់ស្កាត់គ្រោះអគ្គិភ័យដោយប្រុងប្រយ័ត្ន និងម្ចាស់ការខ្ពស់ចំពោះភ្លើងទៀន ធូប ភ្លើងចង្ក្រាន ចរន្តអគ្គិសនី ដើម្បីរក្សាបាននូវទ្រព្យសម្បត្តិ អាយុជីវិតផ្ទាល់ខ្លួន និងអ្នកដទៃជាដើម។ រដ្ឋបាលរាជធានីភ្នំពេញក៏ជំរុញឱ្យពលរដ្ឋរួមលេងកម្សាន្ដល្បែងប្រជាប្រិយគ្រប់ប្រភេទ និងចៀសវាងដាច់ខាតការលេងបាញ់ទឹក ជះទឹក គប់ស្បោងទឹក លាបធ្យូង ប៉ាតម្សៅ ទះគក់ដោយដៃ ឬវាយដោយរំពាត់ដល់អ្នកដំណើរ ឬជិះម៉ូតូបង្ហោះប្រដេញគ្នាលេងនៅតាមផ្លូវ ដែលអាចនាំឱ្យមានគ្រោះថ្នាក់ជាយថាហេតុ ប៉ះពាល់ដល់អាយុវជីវិតផ្ទាល់ខ្លួន និងអ្នកដំណើរ ព្រមទាំងហាមដាច់ខាតការលេងល្បែងស៊ីសង អុជផាវ និងគ្រឿងផ្ទុះគ្រប់ប្រភេទ។

ជាមួយគ្នានេះរដ្ឋបាលរាជធានីភ្នំពេញក៏បានអំពាវនាវឱ្យប្រជាពលរដ្ឋ សូមប្រជាពលរដ្ឋយកចិត្តទុកដាក់ក្នុងការថែរក្សាសុខភាព និងអនាម័យចៀសវាងការឆ្លងជំងឺរាតល្បាតផ្សេងៗ។ ចំពោះអាជ្ញាធរគ្រប់លំដាប់ថ្នាក់ ត្រូវសហការអនុវត្ត និងផ្សព្វផ្សាយឱ្យមានប្រសិទ្ធភាព ព្រមទាំងចាត់វិធានការផ្លូវច្បាប់ចំពោះអ្នកប្រព្រឹត្តអំពើមិនគប្បីខាងលើ ដែលបង្កឱ្យប៉ះពាល់ដល់ប្រពៃណី សេចក្តីថ្លៃថ្នូរបស់ជាតិ ក៏ដូចជាប៉ះពាល់ដល់សន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ និងរបៀបរៀបរយសាធារណៈក្នុងរាជធានីភ្នំពេញ៕

Share

ព័ត៌មានទាក់ទង

Image