en     km
en     km

ព្រះមហាក្សត្រតែងតាំងលោក សាម អ៊ីន ជាមន្រ្តីក្រសួងបរិស្ថានខណៈលោកមានយុទ្ធសាស្រ្ត៦ចំណុចជួយក្រសួង

Share

ភ្នំពេញ៖ តាមព្រះរាជក្រឹត្យរបស់អង្គព្រះមហាក្សត្រចុះព្រះហស្ថលេខាកាលពីថ្ងៃទី០៤ ខែមេសាឆ្នាំ២០២៣ម្សិលមិញ បានបង្គប់តែងតាំងបណ្ឌិត សាម អ៊ីន អតីតប្រធានគណៈកម្មាធិការនាយកស្ដីទីគណបក្សប្រជាធិបតេយ្យមូលដ្ឋាន (GDP)ជារដ្ឋលេខាធិការក្រសួងបរិស្ថាន និងលោក សែម ហាក់ អតីតអគ្គលេខាគណបក្សប្រជាធិបតេយ្យមូលដ្ឋានជាអនុរដ្ឋលេខាធិការក្រសួង​បរិស្ថានផងដែរ។

ស្របតាមការតែងតាំងនេះ លោក សាម អ៊ីន បានបង្ហោះលើហ្វេសប៊ុកនូវយុទ្ធសាស្រ្តចំនួន ៦ ចំណុច ដែលជាគោលគំនិតរបស់លោកចង់ចូលរូមជួយការងារក្នុងក្រសួងបរិស្ថាន។

ក្នុងនោះមានការ កំណត់តំបន់សក្តានុពលអេកូទេសចរណ៍ កំណត់ បង្កើតនិងពង្រឹងសហគមន៍តំបន់ការពារធម្មជាតិ និងកិច្ចសហការជាមួយដៃគូពាក់ព័ន្ធពង្រឹកសមត្ថភាពសហគមន៍តំបន់ការពារ។ យុទ្ធសាស្រ្តមួយទៀតផងដែរលោក សាម អ៊ីន នឹងលើកកម្ពស់ទំនាក់ទំនងជាមួយសាធារណជននិងសិល្បករល្បីៗជួយផ្សព្វផ្សាយនិងចូលរួមការពារថែរក្សាបរិស្ថាន។ ចំណុចមួយទៀតគឺផ្តោតលើការសហការជួយមួយក្រសួងកសិកម្មនិងអាជ្ញាធរដែនដីក្នុងការជំរុញការដាំព្រៃឈើឡើងវិញក្នុងតំបន់ការពារ។ និងចុងក្រោយគឺការស្វែងរកមូលនិធិដើម្បីការពារអភិវឌ្ឍអេកូទេសចរណ៍ និងការពង្រឹងសមត្ថភាពគ្រប់គ្រងតំបន់ការពារធម្មជាតិផងដែរ។

គោលគំនិត៦ចំណុចរបស់លោក សាម អ៊ីន។ពីហ្វេសប៊ុកលោក សាម អ៊ីន។

ជាការកត់សម្គាល់ នៅរយៈពេលចុងក្រោយនេះពោលគឺនៅមុនការបោះឆ្នោតជាតិកាន់តែខិតជិតចូលមកដល់ មន្រ្តីគណបក្សប្រជាធិបតេយ្យមូលដ្ឋាន(GDP)មួយចំនួននិងជាបុគ្គលមានកេរ្តិ៍ឈ្មោះល្បីក្នុងសង្គមបានចូលរួមជីវភាពនយោបាយជាមួយគណបក្សកាន់អំណាច។ ក្នុងនោះរួមទាំងលោក យ៉ង សាំងកុមារ មួយរូបទៀតផងដែរ ទៅកាន់ជារដ្ឋលេខាធិការក្រសួងកសិកម្មដែលលោកមានបទពិសោធន៍លើផ្នែកនេះកាលនៅជាប្រធានអង្គការសេដាក។

ជាការកត់សម្គាល់ដាច់ដោយឡែកមួយទៀត គឺលោក សាម អ៊ីន បានសរសេរលើទំព័រហ្វេសប៊ុករបស់លោកថា ការទៅចូលរួមជាមួយរដ្ឋាភិបាល មានទាំងការអបអរសាទរ ការខកចិត្ត និងការខឹងសម្បារពីមហាជន។ តែលោកថា ការចូលទៅបម្រើក្នុងក្រសួងបរិស្ថាន លោកនឹងពាំនាំយកទៅជាមួយនូវទឹកចិត្តចង់ជួយ និងចង់ក្លាយជាចំណែកនៃដំណោះស្រាយ។ ជាមួយគ្នានោះលោកបញ្ជាក់ថា បើលោកមិនអាចធ្វើអ្វីបានសោះ នោះពុំមានហេតុផលអ្វីដែលលោកត្រូវបន្តទទួលយកនូវឋានៈតួនាទីដ៏ខ្ពស់ប្រកបដោយកិត្តិយសនេះទេ៕

Share

Image
Image
Image