នៅថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០១៥ ស្អែកនេះ អង្គការក្នុងស្រុកចំនួន៥ នឹងរៀបចំសន្និសីទកាសែតស្ដីពី ”ទិវាពន្យារ កំណើតពិភពលោក” នៅឯមជ្ឈមណ្ឌលសហប្រតិបត្តិការកម្ពុជា-ជប៉ុន (CJCC) ដើម្បីលើកកម្ពស់ការយល់ដឹងអំពីសុខភាពផ្លូវភេទរបស់យុវជនកម្ពុជាឱ្យកាន់តែប្រសើរឡើង។
ស្ថាបនិកនៃក្រុមហ៊ុនចតុមុខ និងជាអ្នកចាត់ចែងនៅក្នុងកម្មវិធីស្ដីពី ”ទិវាពន្យារកំណើតពិភពលោក” លោក ព្រំ វិចិត្រ បានឱ្យវិទ្យុស្ដ្រី FM 102 នៃមណ្ឌលព័ត៌មានស្ដ្រីកម្ពុជា ដឹងនៅថ្ងៃចន្ទ ទី២១ ខែធ្នូ ឆ្នាំ២០១៥ នេះថា ដោយទទួលបានការគាំទ្រពីក្រសួងសុខាភិបាល អង្គការក្នុងស្រុកចំនួន៥ រួមមានអង្គការ UNFPA, អង្គការPSK ,Marie Stopes International ,ក្រុមហ៊ុន Bayer Health Care នឹងរៀបចំសន្និសីទសារព័ត៌មានស្ដីពី “ទិវាពន្យារកំណើតពិភពលោក” ដើម្បីចូលរួមអបអរទិវាពន្យារកំណើតពិភពលោក ក៏ដូចជាលើកកម្ពស់ការយល់ដឹងអំពីសុខភាពផ្លូវភេទរបស់យុវជនកម្ពុជាឲ្យកាន់តែប្រើសើរ។
លោកបញ្ជាក់ថា សន្និសីទសារព័ត៌មាននេះនឹងធ្វើនៅមជ្ឈមណ្ឌលសហប្រតិបត្តិការកម្ពុជា-ជប៉ុន បន្ទប់សាគូរ៉ា ៣ វេលាម៉ោង ៣រសៀល ដល់ម៉ោង ៥ល្ងាច។
«គោលបំណងដែលយើងរៀចំកម្មវិធីហ្នឹង គឺដើម្បីលើកកម្ពស់ការយល់ដឹងទាក់ទងនឹងការពន្យារ កំណើតហ្នឹង ហើយនិងឱ្យប្រជាជនគាត់មានភាពក្លាហានក្នុងការនិយាយទៅកាន់ដៃគូ …»។
លោក ព្រំ វិចិត្រ មានប្រសាសន៍ឱ្យដឹងទៀតថា ក្រៅពីគោលបំណង ទាំងនេះ សន្និសីទកាសែតនៅពេលនោះ ក៏មានការចែករំលែកចំណេះដឹង និងទិន្នន័យផ្សេងៗ ពីវាគ្មិននៅក្នុងកម្មវិធី ជុំវិញផលប្រយោជន៍ និងអត្ថប្រយោជន៍នៃការពន្យារកំណើតទៅដល់អ្នកចូលរួមផងដែរ។
«ការរំពឹងទុករបស់ពួកយើង គឺទីមួយ អាចឱ្យអ្នកទាំងអស់គ្នានៅក្នុងប្រទេសកម្ពុជាដឹងថា មាន ទិវាពន្យារកំណើតពិភពលោក ក៏មាននៅក្នុងប្រទេសកម្ពុជាដែរ ព្រោះអីទិវាហ្នឹង គេប្រារព្ធរាល់ឆ្នាំនៅគ្រប់ប្រទេស ហើយគេចាប់បានផ្ដើមទិវាហ្នឹងតាំងពីឆ្នាំ២០០៧។ ប៉ុន្ដែនៅ កម្ពុជាអត់ដែលធ្វើពិធីហ្នឹង។ បន្ទាប់មកទីពីរ យើងនឹងផ្ដល់ចំណេះដឹងពីវាគ្មិនពួកយើង ដែលគាត់មកពីខាងក្រសួង និងខាងអង្គការទាំងប្រាំហ្នឹង គាត់នឹងចែករំលែកចំណេះដឹង ដែលទាក់ទងនឹងការពន្យារកំណើត និងទិន្នន័យផ្សេងៗ ផលប្រយោជន៍ ឬក៏អត្ថប្រយោជន៍អីដែលប្រជាជនគួរប្រើប្រាស់វាហ្នឹង ឱ្យទាំងអស់គ្នាបានដឹង»។
គួរបញ្ជាក់ដែរថា ក្រៅពីគោលបំណងលើកកម្ពស់ការយល់ដឹងអំពីសុខភាពផ្លូវភេទរបស់យុវជនកម្ពុជាឱ្យកាន់តែប្រសើរ សន្និសីទ្ធកាសែតពេលនោះ ក៏នឹងឆ្លើយតបនូវរាល់សំណួររបស់អ្នកសារព័ត៌មានជុំវិញព្រឹត្តិការណ៍ប្រគុំតន្ដ្រី ដែលត្រៀមរៀបចំឡើងនៅថ្ងៃទី២៥ ខែធ្នូ និងសិក្ខាសាលា ស្ដីពីការពន្យារកំណើតនៅក្នុងប្រទេសកម្ពុជា នៅថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០១៥ ដែលនឹងរៀបចំឡើងនៅទីក្រុងកោះពេជ្រ និងនៅមជ្ឈមណ្ឌលប្រតិបត្តិការកម្ពុជា-កូរ៉េ (CKCC) នាពេលខាងមុខផងដែរ៕