en     km
en     km

បទវិភាគ៖ កំណាព្យ«វិលវិញឬអូន»ឆ្លុះបញ្ចាំងរបៀបស្លៀកពាក់ពីអតីតនិងបច្ចុប្បន្នបង្ហាញភាពអន្តរធាននៃគំនិតជឿលឿនបែបបុគ្គលនិយម

Share

ភ្នំពេញ៖ក្នុងបទវិភាគរបស់លោក កែវ សុខា នៅថ្ងៃនេះលោកសូមលើកយករឿងរ៉ាវចម្រូងចម្រាសដែលបាននិងកំពុងល្បីលើបណ្តាញសង្គម នោះគឺរឿងពាក់ព័ន្ធនឹងបណ្ឌិតច្នៃម៉ូដ ឯម រៀម ដែលបញ្ចេញឈុតសម្លៀកបំពាក់ដ៏ចម្លែក។

តទៅនេះសូមនាង កញ្ញា លោក លោកស្រី អញ្ជើញស្តាប់បទវិភាគរបស់លោក កែវ សុខា ដូចតទៅ!

១/តូច-ធំ ធំ-តូច ស្តួច-រីកសាយ            ចង្អៀត-ទូលាយ រួចចង្អៀត

វែង-ខ្លី ខ្លី-វែង រួចខ្លីទៀត                     រួចបង្ហាញងៀតឱ្យច្បាស់ការ។

២/ពីដើមមនុស្សស្រាតរូចចេះប៉ឹង         រួចប្រឹងដេរស្លៀកបិទកាយា

ស្លៀកពាក់ជុំជិតរឹតអាត្មា                   យល់ថាបែបហ្នឹងទើបហៅល្អ។

៣/ឥឡូវយល់ថាវែងលែងសម           តាំងខំវៀលវះបញ្ចេញក

បង្ខើចដល់ភ្លៅនៅបន្ត                       ចំហថែមទៀតជូនកំសាន្ត។

៤/យូរទៅប្រហែលជាគេប៉ឹង                ឬស្រាតទេដឹង?មិនហ៊ានស្មាន

យ៉ាងណាក៏ដោយឱ្យតែបាន               តាមដានសម័យថ្មីឱ្យទាន់!

កំណាព្យដែលខ្ញុំបាទសូត្រនេះ មានចំណងជើងថា«វិលវិញឬអូន»ដកស្រង់ចេញពីសៀវភៅកំណាព្យមួយក្បាលឈ្មោះថា «បុប្ផាខ្មៅ» របស់  គយ សារុន ។ សៀវភៅនេះបោះពុម្ភតាំងពីឆ្នាំ១៩៧០ ពោលគឺសម័យរបបដឹកនាំដោយ លោកសេនាប្រមុខ លន់ នល់។ មនុស្សរស់នៅសម័យនោះ ពិសេសអ្នកទីក្រុងភ្នំពេញបានស្គាល់ភាពស៊ីវិល័យនៃការស្លៀកពាក់បែបលោកសេរីគឺអាមេរិកាំង។

ហើយកំណាព្យ«វិលវិញឬអូន»នេះ បើវិភាគគិតឱ្យស៊ីជម្រៅទៅអ្នកតែងពិតជាមានប្រាកដនិយមមែនព្រោះអ្នកតាក់តែងបានលើកយកទិដ្ឋភាពសង្គមនាសម័យនោះមកបង្ហាញដោយធ្វើការប្រៀបធៀបនឹងសម័យបុរេប្រវត្តិឯណ្ណោះ ត្បឹតវគ្គទី២ នៃកំណាព្យនេះ លោកអ្នកនិពន្ធបានប្រើពាក្យថា«ពីដើមមនុស្សស្រាតរូចចេះប៉ឹង រូចប្រឹងដេរស្លៀកបិទកាយា…»។ បានជាហ៊ានអះអាងបែបនេះ ព្រោះសម័យបុរេប្រវត្តិគឺមនុស្សទើបតែវិវត្តរាងកាយពីសត្វស្វា ហើយរស់នៅតាមល្អាងភ្នំ មិនទាន់ចេះស្លៀកពាក់បិទបាំងនោះទេ ពោលគឺចេះប៉ឹង ស្លៀកវ័ណ្ឌបាំងកេរ្ដិ៍ខ្មាសតិចតូចតែប៉ុណ្ណោះ។

ចំណែកវគ្គទី ៣ និងទី ៤ នៃកំណាព្យនេះ អ្នកនិពន្ធបានបង្ហាញការខ្នើសចិត្តដែលមនុស្សមានការវិវត្តន៍ការស្លៀកពាក់កាន់តែខើចខ្លីបញ្ចេញសាច់។ ពិសេសនៅវគ្គទៅ ៤ នៃកំណាព្យនេះអ្នកតាក់តែងបានប្រើពាក្យថា «យូរទៅប្រហែលជាគេប៉ឹង    ឬស្រាតទេដឹង?មិនហ៊ានស្មាន…»។ គឺនៅប្រយោគនេះតែម្តងដែលយើងការសន្និដ្ឋានបានយ៉ាងច្បាស់ថា គំនិតប្រាជ្ញារបស់អ្នកនិពន្ធសម័យនោះពិតជាខ្លាំង ព្រោះបច្ចុប្បន្នសម័យនេះមនុស្សហាក់មានទំនរស្លៀកពាក់រៀងខ្លីៗក្នុងជីវភាពរបស់នៅប្រចាំថ្ងៃទៅហើយ។

រឹតតែខ្លីនឹងប្លែកថ្មីទៀតនោះ គឺបណ្ឌិតច្នៃម៉ូតឈ្មោះ ឯម រៀម  បានបង្ហាញឈុតសម្លៀកបំពាក់មួយឈុតដែលមិនទៅខោមិនដូចខោ អាវមិនដូចអាវ ប្រហែលជាខោជាប់អាវហើយមើលទៅ?។ ឈុតនេះលោក ឯម រៀម មាននាមថាបណ្ឌិតច្នៃម៉ូតបានប្រើសាច់ក្រណាត់តិចមែនទែន តិចរហូតសុដុនទាំងគូត្រូវបញ្ចេញមកក្រៅ ហើយសាច់ភ្លៅបង្ហូតដល់ជើងក៏មិនមានបិទបាំងដែរ។

ឈុតបែបនេះគេពុំសូវប្រទះឃើញមនុស្សម្នាស្លៀកពាក់ជាសាធារណៈប៉ុន្មាននោះទេ ច្រើនតែឃើញក្នុងបនបាឬកន្លែងរកស៊ីផ្លូវភេទ។

តែយ៉ាងណា ឈុតនេះក៏មានការគាំទ្រដែលពីអ្នកប្រើបណ្តាញសង្គម ព្រោះគេយល់ថា វាជាគំនិតច្នៃម៉ូតមានភាពប៉ិនប្រសព្វ ហើយថែមទាំងការពារថា កុំចំអក ឬបន្ទច់បន្អាក់ឱ្យ ឯម រៀម ធ្វើអ្វី ព្រោះអាចធ្វើឱ្យគំនិតថ្មីៗដូចច្នេះបាត់បង់។

ក៏ប៉ុន្តែក៏មានមហាជនយ៉ាងច្រើនបង្ហាញមតិទោមនស្ស ទិតៀន ច្រើនណាស់ដែរពីឈុតនេះ ដោយថាហាក់ដូចជាជ្រុលពេក។

ទោះបីជាផ្ទុះឡើងនូវមតិរិះគន់និងគាំទ្រច្រើនសន្ធឹកសន្ធាប់បែបនេះក្តី តែគេពុំទាន់ប្រទះឃើញសេចក្តីពន្យល់ណាមួយពីក្រសួងវប្បធម៌នៅឡើយទេពាក់ព័ន្ធរឿងនេះ។

តែបែរជាឃើញលោក ថៃ នរៈសត្យា អតីតអ្នកនាំពាក្យក្រសួងវប្បធម៌បញ្ចេញមតិលើហ្វេសប៊ុកលើរឿងនេះដោយអបជាមួយរូបភាពពីរសន្លឹករបស់លោក ឯម រៀម ដែលគ្រងឈុតខើចលើខ្លីក្រោមនេះ។

មតិCommentរបស់លោកបើសង្ខេបជារួម គឺលោកមិនបដិសេធនឹងគំនិតច្នៃប្រឌិតរបស់លោក ឯម រៀម នោះទេ តែលោកហាក់សម្តែងការមិនពេញចិត្តផងដែរចំពោះការច្នៃប្រឌិតបែបនេះ។

បានជានិយាយដូច្នេះ ព្រោះឃ្លាមួយរបស់ ថៃ នរៈសត្យា បានសរសេរថា« ពាក្យថាច្នៃ គឺគេធ្វើពីមិនល្អឲ្យទៅជាល្អ និងឲ្យកាន់តែល្អទៅ ពោលគឺមិនមែនធ្វើពីមិនល្អឲ្យកាន់តែមិនល្អទៅ ឬពីល្អឲ្យទៅជាមិនល្អ ហើយឈានទៅអាក្រក់ដែលវេទនាភ្នែកនឹងមើលបែបនោះទេ!។»។លោកបន្ថែមថា៖«ការតុបតែងខ្លួន ការចង់ប្លែក ការចង់បានវីយូ”wiew” វាជាសេរីភាពបុគ្គលមែនហើយ តែបើមានមោទនភាពក្នុងការរៀនបានខ្ពស់ បានបួកទៅរៀនស្រុកគេ អ្នកក៏ត្រូវដឹងថា “សេរីភាពគឺជាការទទួលខុសត្រូវ” បើពុំយល់ដឹងដូចនោះទេ អ្នកអាចនឹងងងើលរហូតដល់ប្រើសេរីភាពហួសចន្ទោល។ ការធ្វើបែបនេះ នោះយ៉ាងអាក្រក់មើលតាមតែអំពើចិត្ត ដោយយកលេសថាជាការច្នៃប្រឌិត និងជាការជឿនលឿនផ្នែកផ្នត់គំនិតឯកចិត្តរបស់ខ្លួនជាគោល»។

លោក ថៃ នរៈសត្យា បានសរសេរបន្តក្នុងន័យដើមថា៖«គ្រប់មនុស្សតែងតែផ្សារភ្ជាប់ទៅនឹងការស្រឡាញ់-ស្អប់ លើកស្ទួយ ជាន់ពន្លិច គាំទ្រ កៀសចេញ ធីបចោល ឬខ្ជិលនិយាយ ហើយគេក៏ហៃអើយកតែម្តងគឺចប់សេចក្តី។ ត្រូវចាំថា គេមិននិយាយ មិនមែនបានន័យថាគេចូលចិត្ត គេគាំទ្រសាទរនោះទេ ព្រោះថាមិននិយាយមានពហុន័យយ៉ាងសម្បូរបែបណាស់ ហើយនៅក្នុងនោះក៏មានពាក្យថា ខ្ពើមនិយាយចូល ឬខ្ជឹលជ្រលក់មាត់ជាមួយផងដែរ! ។

អតីតអ្នកនាំពាក្យរូបនេះ ថែមទាំងសរសេរបន្តទៀតថា វប្បធម៌ជាតិនៅតែរឹងមាំគង់វង់ប្រកបដោយអត្តសញ្ញាណជាតិដ៏ផូរផង់ ពិតជាមិនមានអ្វីអាប់អួរដោយសារទង្វើប្រតេកប្រតាករបស់បុគ្គលណាម្នាក់ឡើយ ហើយអ្វីដែលយ៉ាប់យ៉ឺននោះ វាគឺជាបុគ្គលជាអ្នកប្រព្រឹត្ដនោះឯងតែម្តងដែលជាអ្នកទទួលដោយផ្ទាល់។ និយាយនេះគឺជាសុឆន្ទ:កែលម្អមិនមែនជាការរើសអើងអ្វីឡើយ ហើយក៏សុំបន្ថែមឲ្យមានការចងចាំមួយទៀតថា អ្នកនិពន្ធគឺជាអ្នកដែលមើលស្នាដៃរបស់ខ្លួនមុននរណាៗទាំងអស់ ឯអ្នកច្នៃម៉ូដក៏ដូចគ្នាដែរ គឺជាអ្នកមើលរាងរៅនិងម៉ូដរបស់ខ្លួនមុនគេ ដូចនេះត្រូវទាញយកប្រជាប្រិយភាពពីអ្នកអានពីទស្សនិកជនពីអតិថិជន មិនមែនជាការផ្គាប់តែចិត្តខ្លួន ហើយចេះតែមានអំនួតថាល្អៗដោយខ្លួនឯងទាំងអស់នោះឡើយ។

មតិរបស់អតីតអ្នកនាំពាក្យក្រសួងវប្បធម៌ចាស់វស្សាខាងលើនេះ ល្អគប្បីត្រងត្រាប់ស្តាប់ដែរ ត្បិតបើទង្វើខុសឆ្គងកើតឡើងច្រើនពេក ហើយគ្មានអ្នកណែនាំនោះទេ នោះនាវាកម្ពុជាអាចបើកជ្រុលចង្កូតផុងជ្រៅពិបាកបត់មកវិញ។

សរុបជារូម យើងសង្កេតឃើញយុវវ័យបច្ចុប្បន្នឆាប់ទទួលយកវប្បធម៌បរទេសលឿនណាស់ ពិសេសការតុបតែងខ្លួនគឺយកតម្រាបលឿនហួសស្មាន។ ដូច្នេះអ្នកសិល្បករគឺជាគំរូមួយនិងជាបុគ្គលផ្សព្វផ្សាយពីវប្បធម៌ផងដែរ ហេតុនេះហើយត្រូវមានការគិតពិចារណាឱ្យល្អត់ល្អន់មុនធ្វើអ្វីម្យ៉ាងជាសាធារណៈ ព្រោះជៀសវាងភាពច្របូកច្របល់កើតឡើងក្នុងសង្គម។

អ្នកសិល្បៈគួរកុំប្រកាន់គំនិតជឿលឿនបែបបុគ្គលនិយមខ្លាំងពេក ព្រោះអាចនាំភាពអន្តរធានដល់វប្បធម៌ជាតិ៕

Share

Image
Image
Image