en     km
en     km

ពលរដ្ឋភ្នំពេញត្អូញត្អែររឿងខ្វះទឹកប្រើហើយចាត់ទុកការលេងជះទឹកលេងពេលចូលឆ្នាំជាទង្វើខ្ជះខ្ជាយ

Share

ភ្នំពេញ៖ ខណៈពិធីបុណ្យចូលឆ្នាំកាន់តែជិតចូលមកដល់ ពលរដ្ឋមួយចំនួនពិសេសពលរដ្ឋនិងយុវជននៅរាជធានីភ្នំពេញតែងលេងជះទឹកគ្នាយ៉ាងសប្បាយរីករាយ ទាំងដោយតំបន់ខ្លះពលរដ្ឋកំពុងលំបាករឿងអត់ទឹកប្រើប្រាស់ក្នុងជីវភាពរស់នៅ។ កត្តានេះបណ្តាលឱ្យកើតជាមានទស្សនៈផ្សេងៗគ្នាពីប្រជាជន និងយុវវ័យ ជុំវិញករណីដែលមានការលេងល្បែងសាចទឹកមួយនេះដែរ ដោយខ្លះយល់ស្របបន្តឱ្យមានការលេងបែបនេះ រីឯមតិខ្លះទៀតនោះ អំពាវនាវឱ្យកាត់បន្ថយការលេងជះទឹកដើម្បីកាត់បន្ថយការខ្ជះខ្ជាយទឹក ស្របពេលដែលតំបន់មួយចំនួនកំពុងតែប្រឈមនឹងការខ្វះខាតទឹក។

ចង់ដឹងថាតើប្រជាជនកំពុងតែជួបបញ្ហាកង្វះទឹកមានផលលំបាក និងមានការយល់ឃើញយ៉ាងដូចម្តេចខ្លះជុំវិញការលេងល្បែងជះទឹកទាំងនេះ? ដូច្នេះសូមនាងកញ្ញា លោក លោកស្រី អអ្ជើញស្តាប់បទយកការណ៍ដែលរៀបរៀងដោយកញ្ញា គុជ ស៊ីកុល ដូចតទៅ៖

អ្នកស្រី វ៉ាន់ណាក់៖ «ការអំពាវនាវសូមឱ្យប្អូនដូចថា អាយុចាប់ពី១៣ ១៤ឆ្នាំ អីហ្នឹងកាត់បន្ថយបានកាត់បន្ថយទៅការលេងប៉ាតម្សៅ ទី២ទៀតរឿងទឹកយើងកាត់បន្ថយបានកាត់បន្ថយទៅ»

លោក សុភ័ក្រ៖ «មួយឆ្នាំគឺមានតែម្តងអីចឹងការលេងបាញ់ទឹកហ្នឹងក៏មានតែនៅក្នុងរដូវហ្នឹងដែរ ប៉ុន្តែគ្រាន់តែថារដូវនេះជារដូវប្រាំងរីងកង្វះទឹកដែល អីចឹងប្រសិនជាមានការខ្វះខាត មិនមានទឺកគ្រប់គ្រាន់ទេមិនបាច់លេងក៏បានដែរ។
យុវតី ង៉ែត ស្រីនីត៖ «យើងអាចថាមួយរយៈមុន យើងមានកូវីដចឹងក្នុងឆ្នាំនេះគាត់(ប្រជាជនលេងទឹកក្នុងអំឡុងចូលឆ្នាំខ្មែរ)ចូលរួមសប្បាយៗអីចឹងយើងទៅហាមឃាត់គាត់វារបៀបថាហាមឃាត់ភាពសប្បាយរបស់គាត់ដែល។

កញ្ញា កឹក៖ «ខ្ញុំសូមសំណូមពរដែលកន្លែងមួយចំនួនដែលចូលឆ្នាំថ្មី២០២៣ ពេលខ្លះទៅកន្លែងបងប្អូនមួយចំនួន ខេត្តមួយចំនួន ស្រុកមួយចំនួនអីចឹងគាត់អាចសប្បាយ អាចលេងបាន(លេងជះទឹក) ប៉ុន្តែតំបន់ខេត្តមួយចំនួនទៀតទៅគាត់អត់មានទឹកប្រើប្រាស់ យើងមិនអាចលេងបានប៉ុន្តែយើងក៏មានល្បែងផ្សេងៗដែលត្រូវលេងបានអីចឹង»។

នេះគឺជាសម្តីរបស់ប្រជាពលរដ្ឋរស់នៅក្នុងខណ្ឌមួយចំនួនរស់នៅរាជធានីភ្នំពេញ ដែលវិទ្យុស្រ្តីបានចុះទៅសម្ភាសន៍ ខណៈពលរដ្ឋក្នុងខណ្ឌទាំងនោះ មានដូចជាខណ្ឌពោធិ៍សែនជ័យ ខណ្ឌសែនសុខ កំពុងប្រទះនឹងបញ្ហាខ្វះខាតទឹកប្រើប្រាស់នារដូវប្រាំងនេះ។ ពលរដ្ឋរស់នៅតាមខណ្ឌទាំងនោះត្រូវចំណាយពេលទៅទទួលយកទឹកពីអាជ្ញាធរដែលបានដឹកទឹកចែកជូនប្រជាពលរដ្ឋ។ ប្រការនេះបង្កការលំបាកផ្នែកជីវភាពរស់នៅមួយផ្នែកសម្រាប់ពលរដ្ឋខណៈដែលពួកគេមមាញឹកក្នុងកិច្ចការប្រចាំថ្ងៃស្រាប់ផង។ បើទោះបីជាប្រជាពលរដ្ឋតាមខណ្ឌមួយចំនួនកំពុងជួបការលំបាករឿងខ្វះខាតទឹកនេះយ៉ាងណាក្តីតែគេនៅតែសង្កេតឃើញមានការលេងជះទឹកលេងកំសាន្តនាឱកាសបុណ្យចូលឆ្នាំថ្មីនេះនៅភ្នំពេញ។
ពលរដ្ឋភ្នំពេញដែលវិទ្យុស្រ្តីបានសម្ភាសបានលើកឡើងប្រហាក់ប្រហែលគ្នាដោយហាក់មិនសូវពេញចិត្តនឹងការលេងជះទឹកកំសាន្តប៉ុន្មាននោះទេ ខណៈទឹកប្រើប្រាស់កំពុងតែខ្វះខាតស្រាប់ផងនោះ។

នៅមិនឆ្ងាយប៉ុន្មានពីកំណាត់ផ្លូវធំ នៅម្តុំព្រលានយន្តហោះពោធិ៍ចិនតុងមានវត្តមួយឈ្មោះថាវត្តតាំងក្រសាំងខាងជើង។ ដើរចូលបន្តិចនៅចំហៀងក្លោងទ្វាមានស្រះទឹកមួយធំល្មម នៅក្នុងបរិវេនវត្តអារាមក្រុមការងារវិទ្យុស្រ្តីក៏ប្រទះឃើញស្ត្រីម្នាក់កំពុងតែរៀបចំឥវ៉ាន់លក់ដូរក្រោមពន្លឺព្រះអាទិត្យដែលជះកម្តៅយ៉ាងខ្លាំង ស្រ្តីនោះមាននាមថា វ៉ាន់ណាក់។ អ្នកស្រីប្រាប់វិទ្យុស្រ្តីថា ការប្រើប្រាស់បច្ចុប្បន្ននេះមានសភាពយ៉ាប់យ៉ឺន ដោយកន្លងមកធ្លាប់តែមានទឹកម៉ាស៊ីនសម្រាប់ផ្គត់ផ្គងគ្រប់គ្រាន់តាមតម្រូវការប្រចាំថ្ងៃ តែឥឡូវគ្មានទឹកប្រើដោយពេលខ្លះអ្នកស្រីត្រូវចាំត្រង់ទឹកទាំងយប់អាធ្រាត្រនិងពេលខ្លះត្រូវទៅដងទឹកស្រះក្នុងវត្តមកប្រើប្រាស់។

អ្នកស្រី៖ វ៉ាន់ណាក់៖ «ឥលូវយើងខ្វះខាតទឹកច្រើន សូម្បីតែផ្លើងនៅប្រកាសថាបន្តិចទៀតដាច់មានតាមវគ្គស្នើរតាមតំបន់។ ឥឡូវនេះដូចជានៅភូមិកាកាបនេះដាច់ទឹកដែល ហើយនៅវត្តដាច់ដែលយប់ឡើងបើកចេញតិចៗ អីចឹងលោកយប់ឡើងបើកដាក់ពេញអាងចឹងទៅ វាមិនអាចដល់ពេញទេ ប៉ុន្តែជួនណាលោកប្រើសន្សំសំចៃដែលលោកអត់ហ៊ាន ក្នុងមួយអង្គស្រង់ទឹកតែមួយថ្ងៃតែម្តងអីទេ»។

ប្រឈមនឹងការលំបាកព្រោះហេតុខ្វះខាតទឹកប្រើប្រាស់ដូច្នេះ អ្នកស្រីយល់ថាការលេងជះទឹកក្នុងពិធីបុណ្យចូលឆ្នាំមិនមែនជាទង្វើល្អប្រសើរឡើយ។ ណាមួយការលេងជះទឹកគ្នាត្បឹតតែសប្បាយតែមិនមែនជាល្បែងប្រជាប្រិយជាប្រពៃណីរបស់ខ្មែរនោះ។ យ៉ាងណាមិញអ្នកចង់ឱ្យពលរដ្ឋពិសេសយុចជន គួរតែសន្សំសំចៃទឹកសម្រាប់ផ្គត់ផ្គង់ការប្រើប្រាស់ប្រចាំថ្ងៃ ប្រសើរជាងយកទៅជះលេងឥតប្រយោជន៍ ហើយអាចនឹងបង្កគ្រោះថ្នាក់ថែមទៀត។

អ្នកស្រី៖ វ៉ាន់ណាក់៖ ការលេងទឹកហ្នឹងបើកាត់បន្ថយបានគួរតែកាត់ទៅ ព្រោះអីចំណេញទាំងទឹក ចំណេញទាំងបរិស្ថាន។ យើងលេងយើងសើមាប៉ពាល់ដល់រាងកាយយើង អ្នកខ្លះពាក់អាវសអី សើមទៅមនុស្សប្រុសមើលមកអីមិនសម មិនទំនងទេ។ ទី២ទៀតការខ្វះខាតទឹកហ្នឹងយើងយកអាហ្នឹងមក(ទឹកដែលយកទៅលេងល្បែងសាចទឹក) យើងយកមកបោកសម្លៀកបំពាក់ ឬក៏ដាំស្ល ទឹកហ្នឹងវាល្អដែល»។

អ្នកស្រី វ៉ាន់ណាក់ លក់ដូរនៅក្នុងវត្តតាំងក្រសាំងខាងជើង

ចំណែកបុរសមានវ័យចំណាស់ម្នាក់សូមមិនបញ្ចេញឈ្មោះនៅភូមគោកឃ្លាំង នៃខណ្ឌសែនសុខបាននិយាយអំពីផលលំបាកដែលលោកជួបប្រទះ ហើយថែមទាំងសំណូមពរកាត់បន្ថយការលេងជះទឹកក្នុងឱកាសបុណ្យចូលឆ្នាំប្រពៃណីខ្មែរនេះផងដែរ។

«មួយរយៈហ្នឹងរាងពិបាក រាងខ្សត់ខ្សោយទឹក ច្រើនកន្លែងដែល វាពិបាកដែលជួនកាលទៅសុំអ្នកជិតខាងដែលគេបានត្រង់ទុកអីចឹងទៅ។ ឥឡូវជិះដើរលក់ជួបអ្នកលេងទឹកតាមផ្លូវក្មេងៗតូចៗ លេងគប់ដាក់ច្រកកូនថងតូចៗ។ បើបានផ្អាកល្អដែល កំពុងខ្វះទឹក ហើយវាខ្លាចដួលម៉ូតូផង គប់ចឹងទៅចងម៉ូតូចងអីទៅវាចូលភ្នែកចូលអី។ ទេបើគិតទៅគួរតែកុំលេងល្អជាង វាអាចខូចទូរស័ព្ធខូចអីហើយទឹកកំពុងតែខ្វះខាតផង»។

លោកពូរស់នៅភូមិគោកឃ្លាំង

ស្រដៀងគ្នានេះ លោក សេង សុភ័ក្រ ស្ថិតនៅសង្កាត់កាកាប នៃខណ្ឌពោធិ៍សែនជ័យក៏បានរៀបរាប់អំពីផលលំបាកនៃការដាច់ទឹកប្រើប្រាស់ផងដែរ។

លោកនិយាយថា៖ «ទាក់ទងអំពីបញ្ហាដាច់ទឹកហ្នឹងមានបញ្ហាច្រើន ជាពិសេសការដាច់ទឹកហ្នឹងឯងច្រើនតែពេលព្រឹក ហើយយើងពិបាកក្នុងការដាំស្ល ហើយយើងត្រូវមានធុរៈទៅបំពេញការងារខាងក្រៅយើងត្រូវរៀបចំខ្លួនមុជទឹកជាមុនសិន អីចឹងបើដាច់ទឹកធ្វើរូបរាងកាយយើងកខ្វក់ ចឹងវាក៏ជារឿងមួយមិនល្អដែល»។

យ៉ាងណាមិញ រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ បានអំពាវនាវដល់អតិថិជនទាំងអស់ ជួយសន្សំសំចៃទឹកស្អាតដើម្បីចែករំលែកទឹកដល់អតិថិជនផ្សេងទៀត ជាពិសេសអ្នកដែលរស់នៅក្នុងតំបន់ជាយក្រុង។

កាលពីថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០២២ រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញបានឱ្យដឹង តាមរយៈ សេចក្តីជូនដំណឹងមួយស្តីពីស្ថានភាពនៃការផ្គត់ផ្គង់ទឹកក្នុងរដូវប្រាំងឆ្នាំ ២០២២ថា រដ្ឋាករទឹកបានកែលម្អ និងសាងសង់រោងចក្រផលិតទឹកស្អាតថ្មី និងពង្រីកបណ្តាញចែកចាយថ្មីជាបន្តបន្ទាប់ ដើម្បីសម្រេចបាននូវការផ្គត់ផ្គង់ទឹកស្អាតជូនប្រជាពលរដ្ឋទូទាំងរាជធានីភ្នំពេញ និងទីក្រុងតាខ្មៅ ដែលក្នុងពេលបច្ចុប្បន្ននេះ អាចផលិតទឹកស្អាតបានជាមធ្យម ៦ សែនម៉ែត្រគូបក្នុងមួយថ្ងៃ។

ក្នុងបញ្ហាកង្វះទឹកប្រើប្រាស់នេះដែរ យុវតីម្នាក់ឈ្មោះ ង៉ែត ស្រីនីត ជានិស្សិតនៅសាកលវិទ្យាល័យជាតិគ្រប់គ្រងយល់ថា កង្វះខាតទឹកប្រើប្រាស់មិនមែនបង្កមកពីការលេងជះទឹកនាពិធីបុណ្យចូលឆ្នាំនោះទេ គឺអាចបណ្តាលមកពីមូលហេតុជាច្រើនផ្សេងទៀត។

យុវតី ង៉ែត ស្រីនីត៖ «ខ្ញុំគិតថាទឹកខ្វះខាតមួយរយៈហ្នឹងមិនមែនមកពីយើងលេងទឹកផងហ្នឹង អាចថាមកពីបញ្ហាអីមួយ ខ្ញុំឃើញព័ត៌មានដែលនិយាយថា រដ្ឋាករទឹកជួឱ្យយើងសន្នំសំចៃចឹងទៅណាស់ ប៉ុន្តែយើងទៅហាមឃាតណាបានដោយសារតែទឹកហ្នឹងគឺយើងបានប្រើប្រាស់ថវិកាផ្ទល់ខ្លួនដើម្បីទិញយកមកប្រើ អីចឹងគាត់មានជម្រើសច្រើនក្នុងការប្រើ»។

កាលពីថ្ងៃទី៥ មេសា កន្លងទៅនេះរដ្ឋបាលរាជធានីភ្នំពេញចេញសេចក្តីជូនដំណឹង លើកទឹកចិត្តឱ្យពលរដ្ឋខ្មែរចូលរួមលេងល្បែងប្រជាប្រិយខ្មែរគ្រប់ប្រភេទ ប៉ុន្តែមិនអនុញ្ញាតឱ្យលេងបាញ់ទឹក និងប៉ាតម្សៅឡើយ។

ទាក់ទងបញ្ហាកង្វះទឹកប្រើប្រាស់នេះ មន្រ្តីរដ្ឋាករទឹកធ្លាប់បានបញ្ជាក់ថាមកពីកត្តាអាកាសធាតុឡើងកម្តៅខ្លាំង ដែលនាំឱ្យកម្ពាស់ទឹកទន្លេទាបជាងរាល់ឆ្នាំ។ ជុំវិញបញ្ហាអាកាសធាតុក្តៅខ្លាំងអង្គការសុខភាពពិភពលោកបានចេញរបាយការណ៍ថាយ៉ាងហោចណាស់មានមនុស្ស ១៥០០០នាក់ ត្រូវបានស្លាប់ ដោយសារអាកាសធាតុក្តៅពេកនៅអឺរ៉ុប នៅក្នុងឆ្នាំ២០២២កន្លងទៅនេះ។ ចំពោះមុខបញ្ហានេះក្រសួងសុខាភិបាលកម្ពុជា បានចេញវិធានការចំនួន ១៥ ចំណុចដើម្បីការពារសុខភាពផ្ទាល់ខ្លួន និងក្រុមគ្រួសារឲ្យបានល្អ និងចៀសផុតពីបញ្ហាសុខភាពដែលអាចកើតមានជាយថាហេតុបណ្ដាលមកពីអាកាសធាតុក្ដៅខ្លាំងនេះ។ចំណុចទី៨ក្នុងសេចក្តីអំពាវនាវរបស់ក្រសួងសុខាភិបាល គឺក្រសួងសូមឱ្យ ងូតទឹកត្រជាក់ ឬទឹកធម្មតាឱ្យបានញឹកញាប់ ប៉ុន្តែត្រូវជៀសវាងការធ្វើឱ្យមានការផ្លាស់ប្តូរសីតុណ្ហភាពខ្លាំង គឺចៀស វាងការងូតទឹកត្រជាក់ភ្លាមៗ បន្ទាប់ពីត្រលប់មកពីសីតុណ្ហភាពក្ដៅ ដែលអាចបណ្ដាលឱ្យមានការថយចុះកំដៅហួស និងអាចមានគ្រោះថ្នាក់ ជាពិសេសចំពោះមនុស្សវ័យចាស់ ឬកុមារ។ ដូច្នេះដើម្បីអាចធានាការអនុវត្តតាមចំណុចទី៨គឺការងូតទឹកឱ្យបានញឹកញាប់ លុះត្រាប្រជាពលរដ្ឋចូលរួមកាត់បន្ថយការប្រើប្រាស់ដោយខ្ជះខ្ជាយ ពិសេសការលេងជះទឹកឥតប្រយោជន៍ពីពេលនេះទៅ។

ជុំវិញករណីនេះដែរ ព្រះសង្ឃកម្ពុជាក្រោមមួយអង្គ សព្វថ្ងៃគងនៅវត្តតាំងក្រសាំងខាងជើង នៃខណ្ឌពោធិ៍សែនជ័យ បានលើកឡើងនូវផលជះជាអវិជ្ជមាននៃការលេងសាចទឹកដែលយុវវ័យកំពុងនិយមលេងនាពិធីបុណ្យចូលឆ្នាំ។ ព្រះតេជគុនអំពាវនាវទៅកាន់ពុទ្ធបរិស័ទទាំងអស់គួរតែលេងល្បែងប្រជាប្រិយអ្វីផ្សេងជាជាងលេងគប់ និងជះទឹកដាក់គ្នាបែបនេះដែលនាំឱ្យបង្ហិនទឹកឥតប្រយោជន៍ហើយអាចបង្កជម្លោះនិងគ្រោះថ្នាក់ទៀតផង។

ព្រះសង្ឈ៖ «បើយើងជៀសវាងការលេងទឹកសាចទឹកបាន វាជាការល្អដើម្បីយើងកាត់បន្ថយក្នុងការប្រើប្រាស់ទឹកពីព្រោះរដូវការហ្នឹងរដូវការត្រូវទឹកច្រើន ព្រោះតាមបុរីខ្លះឬតាមគេហដ្ឋានខ្លះក្នុងខណ្ឌគឺអត់មានទឹកប្រើទេ ពរអីចឹងបើយើងយកទឹកទៅជះ ទៅអីចឹងក៏ជាការខ្ជះខ្ជាយម្យ៉ាងដែរ។ ពរអីចឹងបើតាមយោបល់របស់អាត្មា អាត្មាសូមក៏សូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ខយើងរស់នៅក្នុងក្រុងភ្នំពេញយើងនេះ យើងកាត់ប្ថយឬជៀសកុំលេងល្បែងជះទឹកហ្នឹងក៏ជាការល្អដែល។»

ព្រះតេជគុណ ថាច់ កែវសុខ ព្រះសង្ឃគង់នៅវត្តតាំងក្រសាំងខាងជើង

 

Share

ព័ត៌មានទាក់ទង

Image