en     km
en     km

ស្ដ្រី​រង​គ្រោះ​ពី​ការ​ជួញដូរ​ក្រោម​រូបភាព​រៀប​ការ​អំពាវនាវ​ស្វែងរក​ចាប់​មេខ្យល់​

Share

​រូបតំណាង៖ ស្ដ្រី​រង​គ្រោះ
​រូបតំណាង៖ ស្ដ្រី​រង​គ្រោះ

​ស្ដ្រី​រង​គ្រោះ​ដោយ​ការ​បោក​បញ្ឆោត​យក​ទៅ​រៀប​ការ​ជាមួយ​បុរស​ជនជាតិ​ចិន​ នៅ​តែ​បន្ដ​រង់ចាំ​ យុត្ដិធម៌​ពី​រាជរដ្ឋាភិបាល​ បើ​ទោះបីជា​រឿងរ៉ាវ​នេះ​បាន​កន្លង​ហួស​មួយ​ឆ្នាំ​ជាង​ទៅ​ហើយ​ក្ដី​។​

ស្ត្រី​រង​គ្រោះ​ម្នាក់​មក​ពី​ខេត្តព្រៃវែង​អះអាង​ថា​ នាង​បាន​ដាក់​ពាក​បណ្ដឹង​ អស់​រយៈពេល​មួយ​ឆ្នាំ​ជាង​ទៅ​ហើយ​ ក្រោយ​ពី​នាង​បាន​រួច​ពី​ការ​ជួញដូរ​ទៅ​បម្រើ​ផ្លូវភេទ​នៅ​ប្រទេស​ចិន​ ប៉ុន្ដែ​រហូត​មក​ដល់​ពេល​នេះ​ យុត្ដិធម៌​ដែល​នាង​រំពឹង​ទុក​ នៅ​តែ​មិន​ទាន់​ទទួល​បាន​នៅឡើយ​ទេ​។​

​ស្រី្ដ​រង​គ្រោះ​ម្នាក់​  រស់នៅ​ក្នុង​ខេត្ដព្រៃវែង​ ឃុំ​កំចាយមា​ ឱ្យ​ដឹង​ថា​ នាង​ត្រូវ​បាន​មេខ្យល់​បោក​បញ្ឆោត​យក​ទៅ​រៀប​ការ​ជាមួយ​បុរស​ជនជាតិ​ចិន​ ដោយ​កុហក​ថា​នឹង​រក​ការងារ​ល្អ​ឱ្យធ្វើ​ ហើយ​បាន​ប្រាក់ខែ​ច្រើន​ផង​។​

​ស្ត្រី​រង​គ្រោះ​ ដែល​សុំ​មិន​បញ្ចេញ​ឈ្មោះ​រូប​នេះ​ បាន​ថ្លែងប្រាប់​វិទ្យុ​ស្ដ្រី​ FM​ 102​ នៃ​ WMC​ នៅ​ថ្ងៃ​សៅរ៍​ ទី​១៩​ ខែធ្នូ​ ឆ្នាំ​២០១៥​ បន្ថែម​ថា​ នាង​មិន​ត្រឹមតែ​មិន​បាន​ទទួល​ការងារ​ល្អ​ ប្រាក់ខែ​ច្រើន​ ដូចដែល​មេខ្យល់​ប្រាប់​នោះ​ទេ​ បែរជា​ត្រូវ​មេខ្យល់​យក​ទៅ​លក់​ឱ្យធ្វើ​ជា​ប្រពន្ធ​រប​ស់បុរសជន​ជាតិចិន​ទៅ​វិញ​។​

​នាង​បាន​ថ្លែង​ពី​សេចក្ដី​ទុក្ខ​លំបាក​ថា​ បន្ទាប់​ពី​ត្រូវ​បាន​គេ​លក់​ទៅ​ នាង​តែងតែ​ត្រូវ​ បុរស​ចិន​ធ្វើបាប​ស្ទើរ​រាល់ថ្ងៃ​ ព្រោះតែ​នាង​មិន​ព្រម​រួមរស់​ជាមួយ​បុរស​ចិន​នោះ​។​

​ដោយសារ​តែ​ក្ដី​លំបាក​នេះ​ហើយ​ ទើប​បណ្ដាល​ឱ្យ​នាង​សម្រេចចិត្ដ​ព្យាយាមរ​ត់ទៅ​រក​អន្ដរាគមន៍​ពី​មន្ដ្រី​ទូត​ខ្មែរ​ប្រចាំ​នៅ​ប្រទេស​ចិន​ ជា​ច្រើន​លើក​ច្រើន​សារ​ ទម្រាំ​បាន​រួច​ផុត​ពី​បុរស​ជនជាតិ​ចិន​នោះ​។​

​នាង​បន្ថែម​ថា​៖​ «​មានរឿង​កើតឡើង​ច្រើន​ ដោយសារ​ខ្ញុំ​មិន​ព្រម​រស់នៅ​ជាមួយ​គេ​ អ​ញ្ចឹ​ង​ គេ​ខឹង​វាយ​ធ្វើបាប​ខ្ញុំ​រាល់ថ្ងៃ​។​ អ​ញ្ចឹ​ង​ទៅ​ ខ្ញុំ​ក៏​បានរ​ត់ទៅ​រក​ស្ថានទូត​ខ្មែរ​ប្រចាំ​នៅ​ ទីក្រុង​ សៀង​ហៃ​ ប្រចាំ​នៅ​ចិន​ ពីរ​ បី​ដង​ ដែរ​តែម​ន្ដ្រី​ស្ថានទូត​ជួយ​មិន​ទាន់​គេ​ចេះ​តែ​ចាប់​ខ្ញុំ​មក​វិញ​រហូត​»​។​

​ជាមួយ​គ្នា​នេះ​ដែរ​ក្រោយ​ពី​បាន​មក​ដល់​កម្ពុជា​វិញ​ ស្ដ្រី​រង​គ្រោះ​ខាងលើ​ បាន​ដាក់​ពាក្យ​បណ្ដឹងសុំ​ឱ្យ​រាជរដ្ឋាភិបាល​ ក៏​ដូច​ជា​សង្គម​ស៊ី​វិល​ ជួយ​ស្វែងរក​យុត្ដិធម៌​សម្រាប់​នាង​ ក៏​ដូច​ជា​ស្ដ្រី​រង​គ្រោះជា​ច្រើន​ទៀត​ ដែល​ត្រូវ​មេខ្យល់​រូប​នោះ​នាំ​យក​ទៅ​លក់​ឱ្យធ្វើ​ជា​ទាសករ​ផ្លូវភេទ​នៅ​ឯ​បរទេស​។​

លោកស្រី​ លឹ​ម​ មុន្នី​
លោកស្រី​ លឹ​ម​ មុន្នី​

ទាក់ទង​បញ្ហា​នេះ​ អនុប្រធាន​កម្មវិធី​ផ្នែក​សិទ្ធិ​ស្ត្រី​ និង​កុមារ​ នៃ​សមាគម​អា​ដ​ហុ​ក​ លោកស្រី​ លឹ​ម​ មុន្នី​ បាន​មាន​ប្រសាសន៍​ ជាមួយ​វិទ្យុ​ស្ដ្រី​ FM​ 102​ នៃ​ WMC​ ថា​ នា​ពេល​កន្លង​ទៅ​ថា​ ស្ដ្រី​នៅ​តែ​ជួប​បញ្ហា​ប្រឈម​ពី​ការ​ជួញដូរ​ផ្លូវភេទ​ និង​កម្លាំង​ពលកម្ម​ ស្ថិត​នៅ​ក្នុង​កម្រិត​ខ្ពស់​នៅឡើយ​ ដែល​នៅ​ក្នុង​នោះ​វា​មាន​កត្ដា​ច្រើន​រួម​ផ្សំ​ ជា​ហេតុ​ធ្វើ​ឱ្យ​ស្ដ្រី​សម្រេចចិត្ដ​ចំណាកស្រុក​ដោយ​ខុសច្បាប់​។​

​លោកស្រី​ លឹ​ម​ មុន្នី​ ក៏​បាន​លើក​ឡើង​ដែរ​ថា​ បញ្ហា​ការ​អនុវត្ដ​ច្បាប់​នៅ​កម្ពុជា​ មាន​លក្ខណៈ​អំពើ​ពុក​រលួយ​ច្រើន​ ហើយ​ករណី​ខ្លះ​អាជ្ញាធ​ដែនដី​ឃុបឃិត​គ្នា​ជាដើម​ ដែល​ជា​កត្ដា​នាំ​ឱ្យ​ស្រី្ដ​ចំណាកស្រុក​ត្រូវ​រង​គ្រោះ​ ដោយ​ខ្លះ​ក៏​ត្រូវ​បាន​អាជ្ញាធ​ជួយ​សង្គ្រោះ​ ទាំង​អ្នកខ្លះ​មាន​សភាព​ស្ទើរ​ឡប់​អស់​ទៅ​ហើយ​។​

​លោកស្រី​មាន​ប្រសាសន៍​ដែរ​ថា​ បើ​ទោះបីជា​ស្ដ្រី​រង​គ្រោះ​ ត្រូ​បាន​ជួយ​សង្គ្រោះ​មក​ហើយ​យ៉ាងណា​ក្ដី​ ក៏​ស្ដ្រី​មួយ​ចំនួន​ធំ​ នៅ​តែ​មិន​ទាន់​បាន​ទទួល​បាន​យុត្ដិធម៌​ពី​រឿង​នេះ​នៅឡើយ​ ដែល​ជា​ហេតុ​ធ្វើ​ឱ្យ​ស្ដ្រី​ ខ្លះ​ក៏​មាន​វិបត្ដិ​ផ្លូវចិត្ដ​ រហូត​ដល់​ធ្លាក់ខ្លួន​ឈឺ​ថែម​ទៀត​។​

​ជា​អនុសាសន៍​ លោកស្រី​ លឹ​ម​ មុន្នី​ លើក​ឡើង​ថា​ មន្ដ្រី​គួរតែ​រឹត​បន្ដឹង​ការ​អនុវត្ដ​ច្បាប់​ ក្នុង​ការ​ទប់​ស្ដា​ត់​ និង​ឈាន​ទៅ​ដល់​ការ​ញ្ឈ​ប់​បានការ​ជួញដូរ​មនុស្ស​ឱ្យ​បាន​ បើ​ទោះបីជា​មេខ្យល់​មួយ​ចំនួន​ មាន​ទំនើប​កម្ម​ មាន​គ្នា​ជា​ប្រព័ន្ធ​ច្រើន​យ៉ាងណា​ក្ដី​។​

​លោកស្រី​យល់​ថា​ បើសិនជា​ការ​អនុវត្ដ​ច្បាប់​នៅ​តែ​មាន​លក្ខណៈ​ពុក​រលួយ​ អាច​ធ្វើ​ឲ្យ​ជន​រង​គ្រោះ​ និង​ប្រជាពលរដ្ឋ​អាច​នឹង​បាត់​ជំនឿ​ ហើយ​និង​មើល​ស្រាល​ទៅ​លើ​អ្នក​អនុវត្ដ​ច្បាប់​។​

​លោកស្រី​បន្ថែម​ថា​«​ឱ្យ​តែ​ការ​អនុវត្ដ​ច្បាប់​មាន​ប្រសិទ្ធភាព​ ខ្ញុំ​គិត​ថា​ វា​អាច​ឈាន​ទៅ​រក​ការ​កាត់​បន្ថយ​ ឬ​បញ្ឈប់​បាន​។​ សំខាន់​ការ​អនុវត្ដ​ច្បាប់​ ហើយ​នៅ​ក្នុង​លក្ខណៈ​អនុវត្ដ​ច្បាប់​ហ្នឹង​ ត្រូវ​មើល​ថា​ ការ​អនុវត្ដ​ច្បាប់​នោះ​ខ្វះ​ពី​អី​ ទើប​មន្ដ្រី​យើង​អនុវត្ដ​ទៅ​មិន​បាន​គ្រប់​ជ្រុងជ្រោយ​»​។​

លោក​ស្រី​ ជូ​ ប៊ុ​ន​អេ​ង
លោក​ស្រី​ ជូ​ ប៊ុ​ន​អេ​ង

ឆ្លើយ​តប​នឹង​ករណី​នេះ​ រដ្ឋលេខាធិការ​ក្រសួងមហាផ្ទៃ​ និង​ជា​អគ្គលេខាធិការ​នៃ​គណៈកម្មាធិការ​ជាតិ​ដឹកនាំ​ការ​បង្ក្រាប​ការ​ជួញដូរ​ និង​រត់ពន្ធ​មនុស្ស​ ការ​កេងប្រវ័ញ្ច​កម្លាំង​ពលកម្ម​ និង​ការ​កេងប្រវ័ញ្ច​ផ្លូវភេទ​លើ​ស្ត្រី​ និង​កុមារ​ លោក​ស្រី​ ជូ​ ប៊ុ​ន​អេ​ង​ បាន​មាន​ប្រសាសន៍​ជាមួយ​វិទ្យុ​ស្ដ្រី​ FM​ 102​ នៃ​ WMC​ នៅ​ថ្ងៃ​ចន្ទ​ ទី​២១​ ខែធ្នូ​ ឆ្នាំ​២០១៥​ នេះ​ថា​ លោក​ជំទាវ​បដិសេធ​នូវ​ការ​លើក​ឡើង​របស់​អង្ក​ការ​សង្គម​ស៊ី​វិល​ដែល​ថា​ ការ​ចាប់​មេខ្យល់​ ដើម្បី​ស្វែងរក​យុត្ដិធម៌​ជូន​ជន​រង​គ្រោះ​មិន​បាន​គឺ​បណ្ដាល​មក​ពី​រដ្ឋាភិបាល​ពុក​រលួយ​នោះ​គឺ​មិន​ពិត​នោះ​ទេ​។​

​យ៉ាងនោះ​ក្ដី​ លោក​ស្រី​ ជូ​ ប៊ុ​ន​អេ​ង​ ទទួលស្គាល់​ថា​ ក្រុម​មេខ្យល់​ពិតជា​មាន​គ្នា​ជា​ប្រព័ន្ធ​ច្រើន​មែន​ ដែល​ជា​ការ​លំបាក​សម្រាប់​កំណត់​អត្ដសញ្ញាណ​ជន​ប្រព្រឹត្ដ​នោះ​ ទើបត្រូវ​ការ​ស្រាវជ្រាវ​រយៈពេល​យូរ​។​

​លោក​ស្រី​បន្ថែម​ថា​៖​ «​មូលហេតុ​ត្រង់​ពាក្យ​ថា​ ឧក្រិដ្ឋជន​មិនមែន​ឱ្យ​យើង​ចាប់​បាន​ងាយៗ​ទេ​ ហើយ​ពូក​ហ្នឹង​ជា​បណ្ដាញ​ជា​មេខ្យល់​ ដោយ​យើង​អា​និយាយ​បាន​ពាកយ​ថា​មេខ្យល់​ហ្នឹង​ មាន​ពេល​ខ្លះ​គេ​ទាក់ទង​គ្នា​តាម​ទួ​រ​ស័ព្ទ​ទេ​ ចឹ​ង​យើង​អត់​ដឹង​ថា​ពួក​ហ្នឹង​នៅឯណា​ ចឹ​ង​យើង​ត្រូវការ​ស្រាវជ្រាវ​ »​។​

​តាម​របាយការណ៍​របស់​សមាគម​ការពារ​សិទ្ធិ​មនុស្ស​អា​ដ​ហុ​ក​ នៅ​ក្នុង​ឆ្នាំ​២០១៥​ នេះ​ ឱ្យ​ដឹង​ថា​ពាក្យបណ្ដឹង​សរុប​ ដែល​ពលរដ្ឋ​ខ្មែរ​ចាញ់បោក​មេខ្យល់​ទៅ​ក្រៅប្រទេស​ គិត​ត្រឹម​ ១០​ ខែ​ចុង​ក្រោយ​នេះ​ មាន​ចំនួន​ ១១៨​ ករណី​ ក្នុង​នោះ​មាន​ជន​រង​គ្រោះ​ទាំងអស់​ ៥២៨​នាក់​។​

​របាយការណ៍​ឱ្យ​ដឹង​ដែរ​ថា​ ក្នុង​ចំណោម​ជន​រង​គ្រោះ​ទាំងនោះ​ បុរស​មាន​ចំនួន​ ៣២២​ នាក់​ និង​ ស្ដ្រី​ ២០៦​ នាក់​។​ របាយការណ៍​អា​ដ​ហុ​ក​ ក៏​បានឱ្យ​ដឹងផង​ដែរ​ថា​ ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ​ ការ​ជួញដូរ​ផ្លូវភេទ​ នៅ​មានការ​កើនឡើង​ខ្ពស់​ គឺជា​រឿង​ដែល​គួរ​ឱ្យ​ព្រួយបារម្ភ​បំផុត​សម្រាប់​ស្ដ្រី​ខ្មែរ​។​

​យោង​ទៅ​តាម​របាយការណ៍​ដែល​ចេញផ្សាយ​ដោយ​សហរដ្ឋអាមេរិក​ឱ្យ​ដឹង​ថា​ ការ​ជួញដូរ​មនុស្ស​នៅ​ប្រទេស​កម្ពុជា​ នៅ​តែ​ស្ថិត​នៅ​ក្នុង​លំដាប់​ដែល​គួរតែ​តាមដាន​នៅឡើយ​៕

Share

Image
Image
Image