ប្រភេទអាហារគួរទទួលទាន និងត្រូវជៀសវាងសម្រាប់ស្រ្តីកំពុងបំបៅដោះកូន
អំឡុងពេលមានផ្ទៃ ស្រ្តីយកចិត្តទុកដាក់មើលថែខ្លួនឯង បរិភោគអាហារដែលមានសុខភាពល្អ និងទទួលទានវីតាមីនជាដើម។ ការរក្សាទម្លាប់ល្អទាំងអស់នេះក៏សំខាន់ផងដែរចំពោះស្រ្តីក្រោយពេលសម្រាលរួច ឬស្រ្តីដែលបំបៅកូនដោយទឹកដោះម្ដាយ។
តាមស្រាវជ្រាវបង្ហាញថា ស្រ្តីបំបៅកូនដោយទឹកដោះ ជួយកាត់បន្ថយហានិភ័យដល់ស្រ្តី ក្នុងការវិវត្តជំងឺមួយចំនួនដូចជាជំងឺបេះដូង និងជំងឺទឹកនោមផ្អែម។ បន្ថែមពីនេះ ការបំបៅកូនដោយទឹកដោះ ផ្តល់សារធាតុចិញ្ចឹមសំខាន់ៗជាច្រើនដល់ទារក។ ទឹកដោះរបស់ម្តាយ តែងតែផ្លាស់ប្តូរទៅតាមពេលវេលា ដើម្បីបញ្ចូលសារធាតុចិញ្ចឹមឬអាហាររូបត្ថម្ភផ្សេងៗដែលទារកត្រូវការ។
យ៉ាងណាមិញ ប្រសិនបើស្រ្តីជ្រើសរើសបំបៅកូនដោយទឹកដោះ ស្រ្តីត្រូវស្វែងយល់នូវរបបអាហារមួយចំនួនដែលផ្តល់អត្ថប្រយោជន៍ទាំងម្តាយ និងកូន ព្រមទាំងអាចជួយរក្សាថាមពល និងបង្កើនការផ្គត់ផ្គង់ទឹកដោះបានផងដែរ។
មួយទៀតដែរ សម្រាប់ស្រ្តីបំបៅកូនដោយទឹកដោះត្រូវបរិភោគអាហារឱ្យមានតុល្យភាព។ ជាទូទៅរបបអាហារភាគច្រើនមានចន្លោះពី ១៦០០ ទៅ ២០០០ កាឡូរី ប៉ុន្តែស្រ្តីកំពុងបំបៅកូនដោយទឹកដោះ ក្នុងមួយថ្ងៃស្រ្តីគួរតែបន្ថែមរបបអាហារពី ៣៥០ ទៅ ៥០០ កាឡូរី បន្ថែមទៀត។
រីឯប្រភេទអាហារល្អបំផុតដែលស្រ្តីគួរបរិភោគពេលបំបៅដោះកូនមានដូចជា៖
រូបភាពនេះមានប្រភពពីគេហទំព័របរទេស
Whole grains ៖ មានដូចជា ម្សៅធញ្ញជាតិ អង្ករសំរូប និង គ្រាប់ធញ្ញជាតិគ្រប់ប្រភេទ។ ទាំងនេះមានជាតិសរសៃ សារធាតុរ៉ែ និងវីតាមីនខ្ពស់ពីធម្មជាតិ ក៏ដូចជាកាបូអ៊ីដ្រាត ប្រូតេអ៊ីន និងខ្លាញ់មិនឆ្អែតដែលល្អចំពោះសុខភាព។ ការបរិភោគ Whole grains ធ្វើឱ្យឆ្អែតបានយូរ និងជួយដល់ប្រព័ន្ធរំលាយអាហារដំណើរការបានល្អ។ បន្ថែមពីនេះ Whole grains ជួយរក្សាកម្រិតជាតិស្ករក្នុងឈាម ឱ្យកាន់តែមានស្ថិរភាព។
រូបភាពនេះមានប្រភពពីគេហទំព័របរទេស
ត្រីសាម៉ុង និងត្រីសាឌីន៖ គឺជាប្រភពដែលសម្បូរទៅដោយ ប្រូតេអ៊ីន វីតាមីននិងអូមេហ្គា 3។ បន្ថែមពីនេះ ត្រីសាម៉ុងក៏មានវីតាមីន D ធម្មជាតិផងដែរ។ ចំពោះអាហារទាំងនេះ អាចជួយកាត់បន្ថយការរលាក។ ជាពិសេស ជួយដល់ការអភិវឌ្ឍប្រព័ន្ធសរសៃប្រសាទរបស់ទារក។
រូបភាពនេះមានប្រភពពីគេហទំព័របរទេស
សាច់គោ៖ ការទទួលទានសាច់គោផ្តល់នូវវីតាមីន B សំខាន់ៗ។ ហើយសំខាន់បំផុតគឺសារជាតិស័ង្កសី។ ជាតិស័ង្កសីជួយរក្សាថាមពលរបស់ស្រ្តីបានយ៉ាងល្អ។
រូបភាពនេះមានប្រភពពីគេហទំព័របរទេស
ស៊ុត៖ ជម្រើសដ៏ល្អមួយទៀតសម្រាប់ស្រ្តីដែលកំពុងបំបៅកូនដោយទឹកដោះ ស៊ុតផ្តល់ប្រូតេអ៊ីន វីតាមីន B12 វីតាមីន D និង អាស៊ីដហ្វូលិក(folate) ។ ហើយសារធាតុចិញ្ចឹមដ៏សំខាន់បំផុតនៅក្នុងស៊ុតគឺ កូលីន(choline) ដែលចាំបាច់សម្រាប់ការវិវឌ្ឍប្រព័ន្ធសរសៃប្រសាទ និងកសាងរចនាសម្ព័ន្ធកោសិកា។
រូបភាពនេះមានប្រភពពីគេហទំព័ររបរទេស
បន្លែបៃតង៖ មានដូចជា ដើមខាត់ណា ស្ពៃក្តោប និង ស្ពៃគ្រប់ប្រភេទ។ បន្លែទាំងនេះពោរពេញទៅដោយវីតាមីន A, C, E និង K ជាតិសរសៃ និងកាល់ស្យូម។
រូបភាពនេះមានប្រភពពីគេហទំព័របរទេស
ទឹកដោះគោជូរ yogurt ៖ ទឹកដោះគោជូរ ពោរពេញទៅដោយជាតិកាល់ស្យូម និងមានបរិមាណប្រូតេអ៊ីនខ្ពស់ផងដែរ។
រូបភាពនេះមានប្រភពពីគេហទំព័របរទេស
ដំឡូងជ្វា៖ វាផ្ទុកនូវវីតាមីន A ដែលជួយដល់ការមើល។ វាក៏ជួយដល់សរីរាង្គដូចជាបេះដូង សួត និងតម្រងនោមរបស់ស្រ្តីផងដែរ។ ជាពិសេស វាជួយឱ្យកោសិការបស់ស្រ្តីមានទំនាក់ទំនងកាន់តែប្រសើរឡើង។ គ្រូពេទ្យបានណែនាំស្រ្តីដែលបំបៅកូនដោយទឹកដោះទទួលទានដំឡូងមួយមើមក្នុងមួយថ្ងៃ ដើម្បីបំពេញវីតាមីន A ជាប្រចាំ។ លើសពីនេះដំឡូងក៏ជាប្រភពដែលសម្បូរទៅដោយប៉ូតាស្យូមផងដែរ។
រូបភាពនេះមានប្រភពពីគេហទំព័របរទេស
គ្រាប់អាល់ម៉ុន និង Walnut ៖ គ្រាប់អាល់ម៉ុន និង Walnut សម្បូរទៅដោយសារជាតិកាល់ស្យូម។ ម្យ៉ាងទៀតពោលពេញទៅដោយប្រូតេអ៊ីនខ្ពស់ ខ្លាញ់ឆ្អែតទាប និងមិនមានកូលេស្តេរ៉ុលទេ។
រូបភាពនេះមានប្រភពពីគេហទំព័របរទេស
គ្រាប់ល្ង៖ គ្រាប់ល្ងសម្បូរដោយជាតិកាល់ស្យូម និងទង់ដែងខ្ពស់។ វាជួយដល់មុខងារប្រព័ន្ធភាពស៊ាំនិងការលូតលាស់កោសិកាឈាមក្រហម ដែលមានសារៈសំខាន់ណាស់ចំពោះស្រ្តីដែលបំបៅកូន។
រូបភាពនេះមានប្រភពពីគេហទំព័របរទេស
ផ្លែប៉េស ៖ ផ្លែឈើតូចៗទាំងនេះមានឥទ្ធិពលខ្លាំង។ វាសម្បូរទៅដោយជាតិសរសៃ វីតាមីន សារធាតុ flavonoids និងប៉ូតាស្យូម។ ការទទួលទានផ្លែប៉េស ជួយពង្រឹងសរសៃឈាម កាត់បន្ថយការរលាក និងគាំទ្រសម្ពាធឈាមឱ្យមានសុខភាពល្អ។ ស្រ្តីគួរជ្រើសរើសប៉េស ស្រស់ជាងពូជកំប៉ុង។ ចំណែកឯ ផ្លែប៉េសដែលស្ងួតក៏ជាជម្រើសដ៏ល្អផងដែរ។
រូបភាពនេះមានប្រភពពីគេហទំព័របរទេស
ទន្ទឹមនឹងនេះដែរស្រ្តីគួរកំណត់ការទទួលទាន ឬគួរជៀសវាងនូវអាហារដែលមិនមានសុវត្ថិភាព។ អាហារដែលគួរជៀសវាងទាំងនោះមានដូចជា៖ ភេសជ្ជៈកំប៉ុងឬអាហារសម្បូរជាតិផ្អែមពេក និងត្រីដែលមានជាតិបារតខ្ពស់ដូចជា ត្រីឆ្លាម ត្រីស្បៃកា និងត្រីដាវ។ ម្យ៉ាងទៀតស្រ្តីដែលបំបៅកូនដោយទឹកដោះ គួរជៀសវាងជាតិកាហ្វេអ៊ីន និងគ្រឿងស្រវឹងផងដែរ។
សូមជម្រាបជូនផងដែរថាស្រ្តីគួរជៀសវាងទទួលទានប្រភេទខ្លាញ់ឆ្អែត ជាប្រភេទខ្លាញ់មិនល្អ ដែលបង្កើនកម្រិតកូឡេស្តេរ៉ូលខ្ពស់។បន្ថែមលើនេះ គ្រូពេទ្យបានណែនាំស្រ្តីដែលកំពុងបំបៅកូនដោយទឹកដោះ ត្រូវទទួលទានវីតាមីន និងអាហារដែលមានសារធាតុចិញ្ចឹមឱ្យបានគ្រប់គ្រាន់។ វាពិតជាសំខាន់ណាស់ សម្រាប់ស្រ្តីនិងទារក៕