en     km
en     km

អត្ថប្រយោជន៍នៃការបំបៅទឹកដោះម្តាយដល់ទារកដែលស្រ្តីគ្រប់រូបគួរយល់ដឹង

Share

នៅប្រាំមួយខែដំបូងក្រោយសម្រាល ទារកពឹងផ្អែកអាហារតែមួយប្រភេទគត់ នោះគឺទឹកដោះម្តាយ។ ទឹកដោះម្តាយផ្ទុកនៅសារៈប្រយោជន៍និងអាហាររូបត្ថម្ភជាច្រើនប្រភេទ អាចកាត់បន្ថយការរាគរូសរបស់ទារក និងអត្រាឆ្លងមេរោគរលាកសួតបន្ទាប់ពីកើតជាដើម។ ជាពិសេសជួយទារកកាត់បន្ថយនូវកម្រិតធ្ងន់ធ្ងរនៃការប្រតិកម្មឬអាឡាក់ហ្សី។

លើសពីនេះទៅទៀត ការបំបៅកូនដោយទឹកដោះអាចជួយឱ្យស្បូនរបស់ម្តាយ ត្រលប់ទៅទំហំធម្មតាវិញ ហើយក៏អាចជួយឱ្យស្រ្តីជាម្តាយអាចស្រកទៅទម្ងន់មុនសម្រាលបានកាន់តែលឿនផងដែរ។ ក្រៅពីនេះ ការបំបៅកូនដោយទឹកដោះក៏ជួយឱ្យស្រ្តីជាម្តាយ កាត់បន្ថយអត្រាកើតមហារីកសុដន់ និងមហារីកប្រមោយដៃស្បូន។ល។ ជាពិសេសទៀតនោះ ជំរុញឱ្យទំនាក់ទំនងរវាងម្តាយនិងទារកកាន់តែជិតស្និតផងដែរ។

រូបភាពនេះមានប្រភពពីគេហទំព័របរទេស

តើសម្រាប់ស្រ្តីដែលត្រៀមខ្លួនជាអ្នកម្តាយ ត្រូវប្រុងប្រៀបចិញ្ចឹមកូនដោយបំបៅទឹកដោះនៅពេលណា? ត្រូវបំបៅកូនដល់អាយុប៉ុន្មានឆ្នាំ?
បើតាមសៀវភៅណែនាំពីចំណេះដឹងសុខភាពសម្រាប់ស្រ្តីមានផ្ទៃពោះបានបង្ហាញថា សម្រាប់ស្រ្តីដែលត្រៀមខ្លួនជាអ្នកម្តាយ គួរប្រុងប្រៀបផ្នែកស្មារតីផ្លូវចិត្តក្នុងការបំបៅកូនដោយទឹកដោះតាំងពីការចាប់ផ្តើមមានផ្ទៃពោះដំបូង ពោលនៅពេលដែលស្រ្តីមានអារម្មណ៍ដឹងថាកូនធាក់។ ស្រ្តីអាចចាប់ផ្តើម ក្នុងការថែទាំសុដន់និងចុងសុដន់។
តាមការបង្ហាញពីអង្គការសុខភាពពិភពលោក បានណែនាំស្រ្តីជាម្តាយ ឱ្យធ្វើការបំបៅកូនដោយទឹកដោះសុទ្ធក្នុងរយៈពេល៦ខែដំបូង ក្រោយពីទារកកើតចេញមក ដោយមិនចាំបាច់បញ្ចុកទឹកឬអាហារផ្សេងៗឡើយ។ ក្រោយពី៦ខែ ស្រ្តីជាម្តាយអាចចាប់ផ្តើមបន្ថែមអាហារឱ្យបានសមរម្យនិងត្រឹមត្រូវ។ បន្ថែមពីនោះ ស្រ្តីត្រូវបន្តបំបៅកូនដោយទឹកដោះរហូតដល់អាយុ២ ឆ្នាំ ឬ ២ ឆ្នាំឡើង។

យ៉ាងណាមិញ តើការប៉ះពាល់ស្បែកទារកជាមួយម្តាយឱ្យបានឆាប់ក្រោយពេលដែលអ្នកម្តាយសម្រាលរួចមានអត្ថប្រយោជន៍អ្វីខ្លះ?
តាមសៀវភៅណែនាំពីចំណេះដឹងសុខភាពសម្រាប់ស្រ្តីមានផ្ទៃពោះដដែល បានបង្ហាញថា ក្រោយសម្រាលរួចភ្លាមៗ ការប៉ះពាល់ស្បែករវាងម្តាយនិងទារកឱ្យបានលឿន ដើម្បីឱ្យទារកទទួលបានអារម្មណ៍កក់ក្តៅពីម្តាយ ព្រមទាំងសាកល្បងឱ្យទារកស្វែងរកចុងដោះរបស់ម្តាយ។ មួយផ្នែកទៀតគឺ ដើម្បីឱ្យទារកទទួលបាននូវក្តីស្រលាញ់រវាងគ្រួសារ ជាពិសេសគឺភ្ញោចអរម៉ូនប្រូឡាក់ទីន(Prolactin) របស់ស្រ្តីជាម្តាយ ដែលភ្ញោចឱ្យក្រពេញទឹកដោះចាប់ផ្តើមបញ្ចេញទឹកដោះ។

មួយទៀតដែរ តើធ្វើយ៉ាងដូចម្តេចទើបអាចជម្រុញទឹកដោះចេញមក?
តាមការបង្ហាញសៀវភៅណែនាំពីចំណេះដឹងសុខភាពសម្រាប់ស្រ្តីមានផ្ទៃពោះ ក្រោយសម្រាលស្រ្តីត្រូវចាប់ផ្តើមបំបៅទារកដោយទឹកដោះម្តាយឱ្យបានកាន់តែឆាប់កាន់តែល្អ។ ស្រ្តីត្រូវឧស្សាហ៍បំបៅដោះទារក។ ការបំបៅដោះទារករឹតតែច្រើន នោះកម្រិតទឹកដោះរបស់ម្តាយក៏កាន់តែកើនឡើងរឹតតែច្រើនផងដែរ។
បន្ថែមពីនេះ ស្រ្តីជាម្តាយ ជៀសវាងឱ្យទារកបៅម្សៅទឹកដោះគោឬទឹកដោះគោស្រស់ មិនគួរប្រើដបទឹកដោះគោ និងក្បាលដោះជ័រឡើយ ព្រោះទាំងនេះអាចរំខានដល់ការរៀនបៅដោះរបស់ទារក។
ចំណែកឯ នៅពេលដែលទារកមិននៅជិតខ្លួន ស្រ្តីអាចប្រើដៃឬម៉ាស៊ីនបូមទឹកដោះច្របាច់ទឹកដោះចេញមក រួចត្រូវយកទឹកដោះក្លាសេទុកសម្រាប់ឱ្យទារកបៅ។
ជាពិសេស ស្រ្តីគួរស្វែងយល់ពីរបៀបបឺតទឹកដោះរបស់ទារក និងឥរិយាបថបំបៅដោះឱ្យបានត្រឹមត្រូវ។ ហើយពេលដែលឃ្លានត្រូវញុំាពេលដែលស្រែកត្រូវផឹក និងគេងឱ្យបានគ្រប់គ្រាន់ផងដែរ។

ជាចុងបញ្ចប់នៃអត្ថបទនេះ សៀវភៅណែនាំពីចំណេះដឹងសុខភាពសម្រាប់ស្រ្តីមានផ្ទៃពោះបានណែនាំដល់ស្រ្តីនូវវិធីដែលបំបៅដោះកូនឱ្យបានត្រឹមត្រូវផងដែរ។ ក្នុងការណែនាំនោះមានដូចទៅ៖
ទី១ មុននឹងបំបៅទារក ស្រ្តីត្រូវលាងដៃទាំងគូឱ្យស្អាតជាមុនសិន។ទី២ ស្រ្តីអាចប្រើឥរិយាបថណាមួយដែលស្រួលខ្លួន ក្នុងការបំបៅកូនដូចជា ការអង្គុយ បែបបំពេរឬបែបអោបឬផ្អែក និងដេកជំហៀង។ រីឯទី៣ ម្តាយនិងទារកត្រូវនៅជាប់គ្នា ដោយការអោបទារកមិនថាអោបខាងណាឡើយ ក្បាលពោះរបស់ទារកនិងក្បាលពោះម្តាយត្រូវតែខិតជាប់គ្នា ក្បាលនិងស្មាទាំងសងខាងរបស់ទារកត្រូវបែរទៅរកសុដន់របស់ម្តាយ ក្បាលរបស់ទារកមិនត្រូវបង្វិលឬវៀតឡើយ ម្យ៉ាងទៀតក្បាលនិងដងខ្លួនរបស់ទារកគួរជាខ្សែបន្ទាត់ត្រង់។
និងការណែនាំចុងក្រោយនោះគឺ ចំពោះឥរិយាបថដៃរបស់ម្តាយ គួរធ្វើឱ្យបានត្រឹមត្រូវ នៅពេលដែលបំបៅដោះកូន។ ស្រ្តីត្រូវកាន់ជារាងអក្សរC មេដៃនៅខាងលើ ម្រាមដៃផ្សេងទៀតនៅពីក្រោមសម្រាប់ទ្រសុដន់ ដោយកុំប៉ះដល់ស្បែកដែលនៅជុំវិញក្បាលដោះ៕

 

Share

ព័ត៌មានទាក់ទង

Image