en     km
en     km

វិធីកាត់បន្ថយការឈឺចាប់របស់ស្រ្តីពេលសម្រាលបុត្រ

Share

ការមានផ្ទៃពោះ និងការសម្រាល គឺជាដំណើរការសិរីរៈនៃធម្មជាតិរបស់ស្រ្តីជាម្តាយ។ ចំណែកឯការឈឺកន្រ្តាក់ក្នុងពេលសម្រាលក៏ជាបម្រែបម្រួលប្រក្រតីមួយដែរក្នុងសិរីរៈធម្មជាតិរបស់ស្រ្តី។
តាមសៀវភៅណែនាំពីចំណេះដឹងសុខភាពសម្រាប់ស្រ្តីមានផ្ទៃពោះ ដែលបោះពុម្ភដោយក្រសួងសុខាភិបាលបានបង្ហាញថាការឈឺកន្រ្តាក់ក្នុងពេលសម្រាល ឬគេនិយមហៅថា ឆ្លងទន្លេ គឺជាដំណាក់កាលមួយដ៏ចាំបាច់ចំពោះការសម្រាលតាមយោនី ឬប្រដាប់ភេទរបស់ស្រ្តី។ អំឡុងពេលនោះ ស្បូនរបស់ស្រ្តីនឹងកន្ត្រាក់ដែលធ្វើឲ្យស្រ្តីមានអារម្មណ៍រយចង្កេះ ហើយមាត់ស្បូនរបស់ស្រ្តីនឹងបើកដោយប្រែទៅជាទន់។

រូបភាពនេះមានប្រភពពីគេហទំព័របរទេស

ដំណាក់កាលនេះ ស្រ្តីអាចមានការឈឺចាប់ខ្លាំង ប៉ុន្តែមានមធ្យោបាយជាច្រើនអាចដើម្បីជួយកាត់បន្ថយការឈឺចាប់នេះ ហេតុដូច្នេះសូមស្រ្តីមានផ្ទៃពោះ កុំមានអារម្មណ៍ភ័យខ្លាចជ្រុលពេក។
សម្រាប់បញ្ហាផ្លូវចិត្តវិញពិតជាមានសារៈសំខាន់ណាស់ ត្បិតពេលដែលស្រ្តីចេះផ្លាស់ប្តូរការគិតពីអារម្មណ៍តានតឹង នោះស្រ្តីអាចផ្តល់នូវទំនុកចិត្តបន្ថែមសម្រាប់ខ្លួន។
មានវិធីសាស្រ្តមួយចំនួនដែលអាចជួយកាត់បន្ថយការឈឺចុកចាប់លើស្រ្តីពេលកំពុងសម្រាល។ មធ្យោយបាយមួយនោះគឺការចាក់ថ្នាំស្ពឹកតាមឆ្អឹងខ្នង ដែលអាចជួយកាត់បន្ថយការឈឺចាប់និងជួយឱ្យការសម្រាលបានរលូនល្អ។
ក្រៅពីវិធីសាស្រ្តប្រើថ្នាំ អនាគតអ្នកម្តាយនិងលោកពុក គួរស្វែងយល់ទទួលយកការអប់រំផ្សេងៗមុនការសម្រាលមកដល់។ការធ្វើបែបនេះ ដើម្បីស្វែងយល់ពីដំណើរការប្រែប្រួលនៃការសម្រាល និងរបៀបបន្ទូរការឈឺចាប់ដោយធម្មជាតិ។
ជាពិសេសការទទួលការអប់រំមុនសម្រាល ជួយឱ្យស្រ្តីដែលជាអនាគតអ្នកម្តាយ ត្រៀមខ្លួនប្រុងប្រៀបនិងឆ្លើយតបនឹងការឈឺកន្ត្រាក់ពេលសម្រាលបានយ៉ាងប្រសើរ។

រូបភាពនេះមានប្រភពពីគេហទំព័របរទេស

បើតាមសៀវភៅណែនាំពីចំណេះដឹងសុខភាពសម្រាប់ស្រ្តីមានផ្ទៃពោះដដែល បានបង្ហាញពីចំណេះដឹងមូលដ្ឋាននិងវិធីបន្ធូរអារម្មណ៍ត្រៀមខ្លួនក្នុងពេលសម្រាលសម្រាប់ស្រ្តីដែលត្រៀមក្លាយជាអ្នកម្តាយដូចតទៅ៖
ទី១ ស្រ្តីត្រូវរក្សាស្ថានភាពរាងកាយនិងផ្លូវចិត្តរបស់ខ្លួនឱ្យស្ថិតក្នុងស្ថានភាពប្រសើរបំផុត៖ ស្រ្តីត្រូវប្រុងប្រយ័ត្នលើសារជាតិចិញ្ចឹម និងរក្សាកម្លាំងឱ្យល្អប្រសើរ ជាពិសេសរក្សាអារម្មណ៍ឱ្យរីករាយ។
ទី២គឺ ការប្រុងប្រៀបរៀបចំឱ្យបានគ្រប់គ្រាន់មុនពេលសម្រាល៖ ស្រ្តីត្រូវស្វែងយល់ពីដំណើរការរង់ចាំសម្រាល ដោយធ្វើការសម្រេចចិត្តមួយត្រឹមត្រូវ និងបញ្ចេញគំនិតឱ្យគេដឹងនូវការជ្រើសរើសនូវអ្វីដែលស្របទៅនឹងសេចក្តីរំពឹងទុកក្នុងការសម្រាលរបស់ខ្លួនផងដែរ។
ជាចុងក្រោយគឺ ការឆ្លើយតបនឹងការសម្រាល៖ ស្រ្តីទាំងឡាយត្រូវជឿជាក់លើខ្លួនឯង ព្រមទាំងស្វែងយល់នូវការសម្រាលដោយប្រក្រតី ពោលគឺស្រ្តីត្រូវការពេលវេលាសមស្របមួយ ដើម្បីការបន្ធូររាងកាយ ដែលអាចធ្វើឱ្យការឈឺកន្រ្តាក់កើតឡើងតាមធម្មជាតិ និងធ្វើចលនាដោយសេរីក្នុងដំណើរការរង់ចាំសម្រាល។មួយទៀតដែរស្រ្តីអាចជ្រើសរើសនូវឥរិយាបថមួយដែលស្រួលខ្លួន និងត្រូវមានអ្នកគាំទ្រនឹងកំដរមិនដាច់ក្នុងអំឡុងពេលសម្រាល៕

 

Share

ព័ត៌មានទាក់ទង

Image