en     km
en     km

បទយកការណ៍៖បញ្ហាជំងឺមិនឆ្លងនូវតែលំបាកទប់ស្កាត់បើសិនការផ្សាយផលិតផលគ្រឿងស្រវឹងនិងភេសជ្ជៈផ្អែមៗនៅតែបន្តមានតាមទីសាធារណៈ

Share

ភ្នំពេញ៖ ប្រជាពលរដ្ឋ ពិសេសយុវជនមានការព្រួយបារម្ភនៃការជះឥទ្ធិពលអវិជ្ជមានចំពោះការផ្សព្វផ្សាយផលិតផលនានាជាពិសេសស្ពតពាណិជ្ជកម្មគ្រឿងស្រវឹងនិងភេសជ្ជៈរសជាតិផ្អែមៗនៅតែបន្តមាននៅតាមផ្លូវសាធារណៈនិងតាមសួរច្បារជាដើម។ មតិប្រជាពលរដ្ឋដែលវិទ្យុស្ត្រីបានជួបសម្ភាសន៍សុទ្ធតែសម្តែងក្តីបារម្ភថា ចំណូលពន្ធដែលបានពីការផ្សព្វផ្សាយផលិតផលបំពុលសង្គម ប្រហែលមិនអាចទូទាត់ជាមួយផលប៉ះពាល់លើសុខភាពប្រជាពលរដ្ឋបានឡើយ។
ចង់ដឹងថាតើការដាក់តាំងផលិតផលនានាតាមរយៈផ្ទាំងផ្សាយពាណិជ្ជកម្មនៅតាមដងផ្លូវនិងសួនសាធារណៈ បានជៈឥទ្ធិពលទៅលើសង្គមយ៉ាងដូចម្តេចខ្លះ? តទៅនេះសូមនាងកញ្ញា លោក លោកស្រី អញ្ជើញស្តាប់បទយកការណ៍ដែលរៀបរៀងដោយកញ្ញា គុជ ស៊ីកុល ដូចតទៅ!

នៅតាមដងវិថីធំៗ តាមសួនច្បារនានាក្នុងរាជធានីភ្នំពេញនិងតាមទីរួមខេត្តជាច្រើនក្នុងប្រទេសកម្ពុជា គេប្រទះឃើញមានផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្មឬផ្ទាំងប៉ាណូបានផ្សព្វផ្សាយពីផលិតផលគ្រឿងស្រវឹង និងភេសជ្ជៈរសជាតិផ្អែមៗយ៉ាងព្រោងព្រាត។
ការផ្សព្វផ្សាយពាណិជ្ជកម្មតាមរយៈផ្ទាំងផ្សព្វផ្សាយតាមទីសាធារណៈបែបនេះ ជាផ្នែកមួយនៃការធ្វើទីផ្សាររបស់ក្រុមហ៊ុនឬម្ចាស់អាជីវកម្មតាមរយៈការពិព័ណ៌នា បង្ហាញ ណែនាំអំពីផលិតផលឬសេវាកម្មរបស់ក្រុមហ៊ុនក្នុងគោលបំណងឱ្យអតិថិជនបានស្គាល់។ រីឯគោលបំណងដ៏ធំបំផុតនៃការផ្សព្វផ្សាយពាណិជ្ជកម្មគឺធ្វើយ៉ាងណាឱ្យមានកំណើននៃការលក់ផលិតផលទាំងនោះ។

ស្ពតពាណិជ្ជកម្មដែលដាក់តាំងតាមដងផ្លូវសាធារណគេសង្កេតឃើញថា មានផលិតផលជាច្រើនក្នុងនោះរួមមានភេសជ្ជៈ ផលិតផលថែរក្សាសម្ផស្ស គ្រឿងទេសបរិភោគ គ្រឿងស្រវឹង ពោលគឺមានទាំងផលិតផលក្នុង និងក្រៅស្រុក។ ផ្ទុយទៅវិញសម្រាប់ការដាក់ផ្សព្វផ្សាយពីសារអប់រំ ទាក់ទងទៅនឹងចំណេះទូទៅដែលប្រជាពលរដ្ឋគួរតែដឹងតួយ៉ាងដូចជាច្បាប់ចរាចរណ៍ជាដើម គឺមិនសូវជាមានសំបូរបែបនៅឡើយនោះទេបើធៀបនឹងផ្ទាំងផលិតផលផ្សេងៗ។ ពិសេសផ្ទាំងផ្សព្វផ្សាយពីតំបន់ទេសចរណ៍និងកីឡាក៏មិនសូវប្រទះឃើញដែរ ខណៈកម្ពុជាតែងបង្អួតខ្លួនថាជាប្រទេសសំបូរតំបន់ទេសចរ និងជាប្រទេសកំពុងត្រៀមខ្លួនធ្វើជាម្ចាស់ផ្ទះនៃកីឡាស៊ីហ្គាមឆ្នាំ២០២៣នេះផងនោះ។

ទាក់ទងបញ្ហានេះនេះ វិទ្យុស្រ្តីបានចុះទៅសម្ភាសន៍ប្រជាពលរដ្ឋមួយចំនួនដើម្បីសុំការយល់ឃើញរបស់ពួកគេលើការដាក់ផ្ទាំងផ្សព្វផ្សាយទាំងនោះ ថាតើមានផលអវិជ្ជមានឬវិជ្ជមានយ៉ាងដល់ពួកគេនិងសង្គម។

ផ្អែកតាមទស្សនៈរបស់ប្រជាជនមួយចំនួន ភាគច្រើនពួកគេច្រើនលើកឡើងពីឥទ្ធិពលអវិជ្ជមាននៃការដាក់តាំងស្ពតពាណិជ្ជកម្មនៃផលិតផលគ្រឿងស្រវឹង និងភេសជ្ជៈនានា ដោយយល់ថា ការដាក់ផ្ទាំងផ្សព្វផ្សាយទាំងនោះមានផលអវិជ្ជមានច្រើនជាងផលវិជ្ជមាន។ ពួកគេយល់ថា អ្នកដែលទទួលផលប្រយោជន៍ច្រើនជាងគឺបានទៅចំពោះបុគ្គល ពោលគឺក្រុមហ៊ុន។

កំពុងឈរស្រូបយកខ្យល់អាកាសនៅមុខព្រះបរមរាជវាំងទីដែលមានមនុស្សម្នាមកកំសាន្តច្រើន យុវតី ខុន រក្សា ជានិស្សិតសាកលវិទ្យាល័យភូមិន្ទភ្នំពេញបាននិយាយរៀបរាប់ទាំងគុណសម្បត្តិនិងគុណវិបត្តិនៃផ្ទាំងស្ពតពាណិជ្ជកម្មនៅតាមដងផ្លូវសាធារណៈ និងតាមសួរច្បារ ខណៈនៅមុខព្រះបរមរាជវាំងក៏មានផ្ទាំងពាណិជ្ជកម្មផងដែរ។

និស្សិតសាកលវិទ្យាល័យភូមិន្ទភ្នំពេញរូបនេះលើកឡើងនូវគុណប្រយោជន៍ចំពោះការដាក់តាំងផ្ទាំងពាណិជ្ជកម្មនៅតាមទីសាធារណៈថា អ្វីដែលជាផលចំណេញនោះគឺអាចផ្តល់ចំណូលជូនរដ្ឋដែលជាផ្នែកមួយក្នុងការអភិវឌ្ឍន៍សង្គមជាតិ។ តែផ្ទុយទៅវិញផ្ទាំងពាណិជ្ជកម្មក៏ផ្តល់ផលអវិជ្ជមានផងដែរ ដោយកញ្ញាយល់ថាការដាក់តាំងស្ពតពាណិជ្ជកម្មនៅតាមដងផ្លូវបែបនេះ អាចធ្វើឱ្យប៉ះពាល់ ដល់កិត្តិយសប្រទេសជាតិតួយ៉ាងដូចជា ផ្ទាំងផលិតផលស្រាបៀរជាដើម។

កញ្ញា ខុន រក្សា៖ «នៅពេលដែលមានភ្ញៀវទេសចរណ៍អីចឹង គេមើលមកប្រទេសហ្នឹងមានផ្សាយពាណិជ្ជកម្មស្រាគ្រប់កន្លែង អត់មានអ្វីដែលទាក់ទងនឹងអរិយធម៌ អត់មានអី្វដែលជារបស់ខ្លួនឯង ឬក៏ផលិតផលអ្វីដែល better (ប្រសើរជាង)ហ្នឹងអីចឹងគេនឹង assume (សន្និដ្ឋាន) ថាប្រទេសហ្នឹងមានជនជាតិផឹកស្រាច្រើន។ នៅពេលដែលទីផ្សារផ្សព្វផ្សាយពីអ្វីច្រើនគឺមានន័យថាប្រទេសហ្នឹងចូលចិត្តអាហ្នឹងច្រើន»។

ចំណែកយុវតី សុខ គីមអៀង និស្សិតថ្នាក់បរិញ្ញាប័ត្រនៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញយល់ថា គុណវិបត្តិនៃការដាក់ផ្ទាំងផ្សព្វផ្សាយគ្រឿងស្រវវឹងតាមដងផ្លូវសាធារណៈមានច្រើនជាងគុណសម្បត្តិ ព្រោះការដាក់តាំងបែបនេះនឹងនាំឱ្យមានការប្រើប្រាស់ផលិតផលកាន់តែច្រើនលើសលប់ ជាហេតុបណ្តាលឱ្យប៉ះពាល់ដល់ប្រពលរដ្ឋជាពិសេសយុវជន។

កញ្ញាបានលើកយកនូវមូលហេតុដែលបង្កឱ្យមានការដាក់ផ្ទាំងផ្សព្វផ្សាយយ៉ាងដូច្នេះថា ៖ យុវតី សុខ គីមអៀង៖ «and I think the reason why គេដាក់ប៉ាណូស្រាបៀរច្រើនដោយសារតែប៉ាណូវាជាប៉ាណូពាណិជ្ជកម្មអីចឹងដើម្បីដាក់ពាណិជ្ជកម្មនៅលើផ្លាក់ប៉ាណូ គឺយើងត្រូវបង់ប្រាក់ទៅកាន់ក្រុមហ៊ុនប៉ាណូហ្នឹងអីចឹងណាស់។ ខាងក្រុមហ៊ុនស្រាបៀរគាត់មាន budge ធំគាត់ហ៊ានធ្វើគេហៅថា Advertisements ធំៗ អីចឹងកំណើននៃផ្លាក់ប៉ាណូកើនឡើង»។

មិនខុសគ្នាពីនិស្សិតពីររូបខាងលើប៉ុន្មាននោះទេ យុវជនម្នាក់សូមមិនបញ្ចេញឈ្មោះបាននិយាយថា ទោះស្ពតពាណិជ្ជកម្មមានច្រើនប្រភេទយ៉ាងណាក្តី ប៉ុន្តែយុវជនរូបនេះយល់ឃើញថា ការដាក់តាំងផ្ទាំងពាណិជ្ជកម្មស្រាបៀគឺមានភាពទូលំទូលាយស្ទើរតែគ្រប់ទីកន្លែងនៃដងផ្លូវទៅហើយ។ កត្តានេះហើយ ប៉ះពាល់យ៉ាងខ្លាំងក្នុងការអូសទាញផ្នត់គំនិតប្រជាជន ជាពិសេសយុវជន និងកុមារ។

«ខ្ញុំគិតថាវាធ្វើឱ្យប៉ះពាល់ដល់មុខមាត់ប្រទេសជាតិពីព្រោះអាហ្នឹងជាគ្រឿងស្រវឹង នៅពេលយើងយកមកដាក់កណ្តាលផ្លូវចឹងទៅ វាធ្វើឱ្យមនុស្សវ័យណាក៏ឃើញ ជនជាតិណាក៏ឃើញ វាប៉ះពាល់ដល់មុខមាត់ប្រទេសជាតិ ធ្វើឱ្យក្មេងៗមានផ្នត់គៅនិតខាងផឹកហ្នឹងច្រើន»។

ការទទួលទានគ្រឿងស្រវឹង ភេសជ្ជៈ និងការជក់បារី ច្រើនជ្រុលជាផ្នែកមួយនាំឱ្យសុខភាពចុះខ្សោយ ហើយក៏ដោយឱ្យមនុស្សប្រឈមការកើតមានឡើងបញ្ហាជំងឺមិនឆ្លង គឺជំងឺសរសៃឈាមបេះដូង ជំងឺផ្លូវដង្ហើមរ៉ាំរ៉ៃ មហារីក និងជំងឺទឹកនោមផ្អែម។
ជំងឺមិនឆ្លងនេះ បានសម្លាប់ជីវិតពលរដ្ឋរហូតដល់៦៤ភាគរយ ក្នុងនោះ មានស្ត្រី៥៣ភាគរយ និងបុរស៤៧ភាគរយ ។ ក្នុងចំណោមជំងឺឆ្លងទាំងអស់ ប្រភេទជំងឺមិនឆ្លងដែលមានអត្រាមរណៈខ្ពស់ជាងគេគឺ ជំងឺសរសៃឈាមបេះដូង , ជំងឺផ្លូវដង្ហើមរ៉ាំរ៉ៃ ,មហារីក និងជំងឺទឹកនោមផ្អែម។ នេះបើតាមរបាយការណ៍វិភាគទិដ្ឋភាពគោលនយោបាយស្ដីពីជំងឺមិនឆ្លងនៅកម្ពុជា។

ជុំវិញរឿងនេះនាយកអង្គការសម្ព័ន្ធគណនេយ្យភាពសង្គមកម្ពុជា (ANSA) លោក សន ជ័យ មើលឃើញថាការដាក់ផ្ទាំងពាណិជ្ចកម្មនៅតាមផ្លូវសាធារណដូចជាផ្សាយពាណិជ្ជកម្មនៃភេសជ្ជៈ អាហារបំប៉ន ក៏ដូចជាគ្រឿងស្រវឹងជាដើម បានជៈផលអវិជ្ជមានទៅកាន់ប្រជាជន។ ករណីនេះ អ្នកធ្វើការក្នុងអង្គការសង្គមស៊ីវិលផ្នែកគណនេយ្យភាពសង្គមរូបនេះ ស្នើឱ្យអាជ្ញាធរគួរតែពង្រឹងបន្ថែមទៅលើការដាក់តាំងនូវផលិតផលមួយចំនួនដែលមិនមានគុណប្រយោជន៍ ជៀសវាងប្រើប្រាស់សារជម្រុញឱ្យមានការប្រើប្រាស់ដែលបង្កឱ្យប៉ះពាល់សុខភាពសាធារណ។

លោក សន ជ័យ៖ «បាទ!បើយើងមើលទៅលើផលប៉ះពាល់របស់វានៃការដាក់ផ្សាយផលិតផលហ្នឹងមានទាំងគ្រឿងសម្អាង មានទាំងស្រា ដែលប៉ះពាល់ដល់សង្គម ប៉ះពាល់ដល់សុខភាពហ្នឹងច្រើនជាក់ស្តែងរបស់មនុស្សហ្នឹងច្រើន។ អីចឹងហើយសម្រាប់ខ្ញុំ ខ្ញុំយល់ថាការដោះស្រាយបញ្ហាជាក់លាក់របស់ផលិតផលនេះគឺជារឿងមួយដែលផ្តោតទៅលើការត្រួតពិនិត្យទៅលើគុណភាព ហើយនឹងចំណុចមួយទៀតការពិនិត្យមើលទៅលើភាសាដែលប្រើភាសាទាក់ទាញ។ ចំណែកផលិតផលដែលប៉ះពាល់ដល់កុមារគួតែមានបម្រាប»។

Share

Image
Image
Image