en     km
en     km

តើថ្នាំបង្ការអ្វីខ្លះដែលស្រ្តីគួរចាក់កំឡុងពេលមានផ្ទៃពោះដើម្បីការពារទារក?

Share

តាមសៀវភៅណែនាំពីចំណេះដឹងសុខភាពសម្រាប់ស្រ្តីមានផ្ទៃពោះដែលបោះពុម្ភដោយក្រសួងសុខាភិបាល បានណែនាំដល់ស្រ្តីមានផ្ទៃពោះ ត្រូវចាក់វ៉ាក់សាំងក្នុងអំឡុងពេលមានផ្ទៃពោះ ដើម្បីការពារដល់ទារកជៀសផុតគ្រោះថ្នាក់ផ្សេងៗ។

រូបភាពនេះមានប្រភពពីគេហទំព័របរទេស

ទី១៖គឺវ៉ាក់សាំងការពារជំងឺក្អកមាន់៖
ជំងឺក្អកមាន់ ជាជំងឺឆ្លងតាមប្រព័ន្ធផ្លូវដង្ហើម តាមរយៈដំណក់ទឹកតូចៗ ដោយការក្អក ឬកណ្តាស់ ឬការប៉ះពាល់ផ្ទាល់។ ទារកដែលមានអាយុក្រោម ៦ខែ គឺស្ថិតនៅក្នុងក្រុមដែលមានហានិភ័យខ្ពស់ងាយនឹងឆ្លងជំងឺក្អកមាន់នេះណាស់ ហើយប្រភពឆ្លងសំខាន់នោះ គឺជាម្តាយដែលបានមើលថែទាំទារកនោះតែម្តង។
ប្រសិនបើទារកដែលទើបនឹងកើត ឆ្លងជំងឺនេះ នោះទារកនឹងមានអាការៈដូចជា ក្អក ក្អួត ពិបាកដកដង្ហើមជាដើម។ ម្យ៉ាងវិញទៀត ចំពោះករណីធ្ងន់ធ្ងរម្យ៉ាងទៀតនៃជំងឺក្អកមាន់នេះ គឺបង្កទៅជាជំងឺរលាកសួត ជំងឺខួរក្បាល រហូតដល់ស្លាប់ផងដែរ។ លើសពីនេះ ក្នុងករណីធ្ងន់ធ្ងរនោះទារកអាចបណ្ដាលទៅជាមានបញ្ហាស្ហុក(shock)។ ស្ហុកនេះ ជាស្ថានភាពធ្ងន់ធ្ងរដែលកើតឡើងដោយការធ្លាក់ចុះភ្លាមៗនៃលំហូរឈាមតាមរាងកាយ។ បញ្ហាស្ហុកនេះអាចបណ្តាលឱ្យដាច់សរសៃឈាមខួរក្បាល, បាត់បង់ឈាម, ប្រតិកម្មអាលែហ្សី, ការឆ្លងមេរោគធ្ងន់ធ្ងរ, ការពុល, រលាកធ្ងន់ធ្ងរឬមូលហេតុផ្សេងទៀត។ នៅពេលដែលមនុស្សម្នាក់មានបញ្ហាស្ហុកឬការតក់ស្លុត នឹងធ្វើឱ្យសរីរាង្គមិនទទួលបានឈាម ឬអុកស៊ីសែនគ្រប់គ្រាន់នោះទេ។ បញ្ហានេះប្រសិនបើមិនបានព្យាបាលទេ វាអាចនាំឱ្យខូចសរីរាង្គអចិន្ត្រៃយ៍ ឬអាចស្លាប់បាន។

រូបភាពនេះមានប្រភពពីគេហទំព័របរទេស

សូមណែនាំដល់ស្រ្តីមានផ្ទៃពោះ គម្បីទៅទទួលការចាក់វ៉ាក់សាំងបង្កាជំងឺក្អកមាន់ចំនួន១ដូស ដើម្បីបង្ការការឆ្លងជំងឺក្អកមាន់ទៅកាន់ទារកក្រោយពេលសម្រាល និងកុមារតូចជាដើម។ ហើយស្រ្តីអាចចាក់វាក់សាំងនេះនៅពេលណាក៏បាន ក្នុងកំឡុងពេលមានផ្ទៃពោះនេះ។
ប៉ុន្តែស្រ្តីគួរទទួលការចាក់វ៉ាក់សាំងនេះនៅសប្ដាហ៍ទី ២៨ ដល់ សប្តាហ៍ទី៣៦ ព្រោះក្នុងអំឡុងពេលនេះ វ៉ាក់សាំងមានប្រសិទ្ធភាពខ្ពស់ ដោយអង់ទីគ័ររបស់មាតាបញ្ជូនទៅកាន់ទារកបានកាន់តែច្រើន។ ដោយឡែក ប្រសិនបើស្រ្តីមិនបានទទួលការចាក់វ៉ាក់សាំងនៅពេលមានផ្ទៃពោះទេ តែស្រ្តីត្រូវចាក់វាក់សាំងនេះភ្លាមៗក្រោយសម្រាលរួច។ លើសពីនេះ សាច់ញាតិ និងអ្នកផ្ទះផ្សេងៗទៀតដែលមើលថែទាំទារក ក៏សូមផ្ដល់យោបល់អោយទទួលការចាក់វ៉ាក់សាំងនេះដែរដើម្បីការពារទារកដែលទើបនឹងកើតឆ្លងនូវជំងឺនេះ។

រូបភាពនេះមានប្រភពពីគេហទំព័របរទេស

តាមសៀវភៅណែនាំពីចំណេះដឹងសុខភាពសម្រាប់ស្រ្តីមានផ្ទៃពោះដដែល ក៏បានណែនាំដល់ស្រ្តីនូវវ៉ាក់សាំងការពារផ្ដាសាយធំផងដែរ។
ស្រ្តីមានផ្ទៃពោះនិងស្ត្រីដែលត្រៀមនឹងមានផ្ទៃពោះ សូមផ្តល់ណែនាំឲ្យទទួលការចាក់វ៉ាក់សាំងបង្ការផ្ដាសាយធំ(Influenza vaccine)។ ស្រ្តីមានផ្ទៃពោះគឺជាបុគ្គលគោលដៅអាទិភាពមួយក្នុងចំនោមបុគ្គលគោលដៅដទៃ សម្រាប់ការចាក់វាក់សាំងបង្ការផ្ដាសាយធំនេះ ព្រោះនៅក្នុងកំឡុងពេលមានផ្ទៃពោះ រាងកាយរបស់ស្រ្តីប្រែប្រួល ដែលមានហានិភ័យក្នុងការឆ្លងផ្តាសាយនិងបន្សល់នូវផលវិបាកផ្សេងៗក្រោយពីជាសះស្បើយ។
ជាងនេះទៅទៀត បើតាមឯកសារស្រាវជ្រាវជាច្រើនបង្ហាញថា ក្រោយពេលស្រ្តីមានផ្ទៃពោះចាក់វ៉ាក់សាំងបង្ការផ្តាសាយធំរួច មាតានិងគភ៌ មានសុវត្ថិភាព និងមិនមានលក្ខណៈគ្រោះថ្នាក់ជាពិសេសណាមួយឡើយ។
ហេតុដូច្នេះសូមផ្តល់យោបល់អោយស្រ្តីមានផ្ទៃពោះ និងស្ត្រីដែលត្រៀមនឹងមានផ្ទៃពោះ ត្រូវទទួលការចាក់វ៉ាក់សាំងបង្កាផ្តាសាយធំនេះផងដែរ៕

Share

Image
Image
Image