en     km
en     km

សម្តេចហ៊ុន សែន ៖ បក្សប្រឆាំង នឹងយកការធ្លាក់ចុះសេដ្ឋកិច្ចកម្ពុជា ដោយវិបត្តិសាកល ជាប្រធានបទវាយប្រហារការដឹកនាំរដ្ឋាភិបាល

Share

សម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រី នៅព្រឹកថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៣នេះ បានបង្ហាញការនិទស្សន៍របស់ខ្លួនថា បក្សប្រឆាំង នឹងយកការធ្លាក់ចុះសេដ្ឋកិច្ចកម្ពុជា ដោយសារវិបត្តិសាកល ជាប្រធានបទ សម្រាប់វាយប្រហារការដឹកនាំរបស់រដ្ឋាភិបាល ប៉ុន្តែមើលរំលងសមិទ្ធិផលនៃការដឹកនាំរបស់រដ្ឋាភិបាល។

លោក គីម ចាន់ចាវ រាយការណ៍

សម្តេច ហ៊ុន សែន បានថ្លែង ពីការព្រមាននៃការធ្លាក់ចុះ សេដ្ឋកិច្ចសកល ដោយស្ថាប័នហិរញ្ញវត្ថុអន្តរជាតិធំៗ ដូចជា មូលនិធិរូបិយវត្ថុពិភពលោក និងធនាគារពិភពលោក ជាដើម។ ទោះបីមានការព្រមាន ពីហានិភ័យនៃការធ្លាក់ចុះសេដ្ឋកិច្ចសកលក្តី មេដឹកនាំកម្ពុជា នៅតែអំពាវនាវដល់ប្រជាពលរដ្ឋ មិនគួរភ័យស្លន់ស្លោជ្រុល នាំគ្នាទៅដកលុយចេញពីធនាគារ ដោយបង្ហាញនូវការរំពឹងថាប្រទេសមានសេដ្ឋកិច្ចធំៗ នៅក្នុងពិភពលោកនឹងរកបានវិធីសាស្ត្រគ្រប់គ្រងសេដ្ឋកិច្ច ដើម្បីកុំឲ្យធ្លាក់បន្ថែមទៀត។

ក្នុងពិធីប្រគល់វិញ្ញាបនបត្រ និងសញ្ញាបត្រជូនសិក្ខាកាម និងនិស្សិតវិទ្យាស្ថានជាតិពាណិជ្ជសាស្ត្រជាង ៦ពាន់នាក់ នាព្រឹកថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៣ សម្តេច ហ៊ុន សែន បានឆ្លៀតយកវេទិការនេះ ព្រមានដល់បក្សប្រឆាំង ដែលតែងរិះគន់រដ្ឋាភិបាល និងយកភាពអន់ថយនៃសេដ្ឋកិច្ចកម្ពុជា ដើម្បីវាយប្រហាររដ្ឋាភិបាល។ សម្តេចលើកឡើងថាក្រុមប្រឆាំងនៅតែរិះគន់​ ដោយមិនលើកឡើងពីសមិទ្ធិផលឡើយ។ តួយ៉ាងដូចករណីដាច់ទឹកនៅតបន់មួយចំនួនក្នុងរាជធានីភ្នំពេញ ដែលរិះគន់កន្លែងដាច់ទឹក មិនសរសើរកន្លែងដែលមានទឹកប្រើប្រាស់គ្រប់គ្រាន់។

ទន្ទឹមនឹងការស្ដីបន្ទោសក្រុមប្រឆាំងបែបនេះ សម្តេចក៏បានបញ្ជាក់ពី ការធ្លាក់ចុះនៃសេដ្ឋកិច្ចកម្ពុជាផងដែរ ដោយចាត់ទុកថាកើតឡើងសារវិបត្តិនៃជំងកូវីដ១៩ គឺជារឿងមួយ ប៉ុន្តែការដាក់ទណ្ឌកម្មជាឯកតោភាគី បូកជាមួយបញ្ហាសង្គ្រាម ដែលចាប់ផ្តើមរវាងរុស្ស៉ី និងអ៊ុយក្រែន បានបង្កើតនូវស្ថានភាពដ៏អាក្រក់សម្រាប់សេដ្ឋកិច្ចសកល៕

Share

Image
Image
Image