បើតាមសៀវភៅណែនាំពីចំណេះដឹងសុខភាពសម្រាប់ស្រ្តីមានផ្ទៃពោះ របស់ក្រសួងសុខាភិបាលកម្ពុជាបានបង្ហាញពីជំងឺតាឡាសសេមី(Thalassemia) ដែលជាប្រភេទជំងឺតំណពូជហ្សែនទោលមួយមួយប្រភេទដែលឧស្សាហ៍ជួបប្រទះនៅកោះតៃវ៉ាន់ ដោយមានបុគ្គលប្រមាណ ៦% ផ្ទុកជំងឺដែលមិនបញ្ចេញរោគសញ្ញា ហើយស្ថានភាពរាងកាយដូចគ្នានឹងមនុស្សធម្មតា។
រូបភាពនេះមានប្រភពពីគេហទំព័របរទេស
ជំងឺតាឡាសសេមីនេះ បែងចែកជាពីរប្រភេទ គឺប្រភេទអាល់ហ្វានិងប៉ែតា ។
ប្រសិនបើគូស្វាមីភរិយាមានផ្ទុកជំងឺនេះ នោះគភ៌ដែលស្រ្តីពរពោះនោះមានឱកាស ១ភាគ៤ ក្នុងការឆ្លងជំងឺកាឡាសសេមីនេះ ដែលអាចធ្វើឲ្យមានគ្រោះថ្នាក់សម្រាប់សុខភាពអនាគតអ្នកម្តាយនិងគភ៍។
អ្នកឆ្លងជំងឺកាឡាសសេមីប្រភេទអាល់ហ្វាធ្ងន់ធ្ងរនឹងកើតជាជំងឺ hydrops fetalis ក្នុងកំឡុងពេលតាំងគភ៍។ ចំណែកអ្នកឆ្លងជំងឺកាឡាសសេមីប្រភេទប៉ែតាធ្ងន់ធ្ងរ នឹងត្រូវការបញ្ចូលឈាមនិងចាក់ថ្នាំបណ្តេញសារជាតិដែកចេញដើម្បីរក្សាជីវិត។
ហេតុដូច្នេះ នៅពេលដែលស្រ្តីមានផ្ទៃពោះគប្បីទៅទទួលការពិនិត្យផ្ទៃពោះលើកទីមួយ ដោយស្រ្តីត្រូវទទួលការធ្វើតេស្តពិនិត្យរកជំងឺតាឡាសសេមីសម្រាប់ស្រ្តីមានផ្ទៃពោះនៅតាមមន្ទីរពេទ្យនិងសម្ភពនានា។
ប្រសិនបើស្វាមីភរិយា ជាអ្នកមានជំងឺប្រភេទនេះ ហើយមិនបញ្ចេញរោគសញ្ញាជំងឺតាឡាសសេមីប្រភេទដូចគ្នាទេ ស្រ្តីដែលជាម្តាយត្រូវទទួលការពិនិត្យវិនិច្ឆ័យលើបញ្ហាតំណពូជឬហ្សែនចំពោះគភ៍ មុនសម្រាលនិងទទួលការប្រឹក្សាលើបញ្ហាតំណពូជនេះ។
រូបភាពនេះមានប្រភពពីគេហទំព័របរទេស
ចំណែកឯជំងឺពីកំណើតម៉្យាងទៀត គឺជំងឺដោនស៊ីនដ្យូម។
តាមសៀវភៅណែនាំពីចំណេះដឹងសុខភាពសម្រាប់ស្រ្តីមានផ្ទៃពោះដដែល បានបញ្ជាក់ថា ជំងឺដោនស៊ីនដ្យូមគឺជាប្រភេទជំងឺឧស្សាហ៍ជួបប្រទះដែលកើតឡើងដោយភាពមិនប្រក្រតីនៃក្រូម៉ូសូម ហើយក៏ជាមូលហេតុចម្បងដែលបណ្ដាលឲ្យពិការភាពផ្នែកសតិបញ្ញាផងដែរ។ ជាមធ្យមក្នុងចំណោមស្រ្តីមានផ្ទៃពោះចំនួន៨០០នាក់ មានម្នាក់ដែលមានគភ៌ដែលផ្ទុកនូវជំងឺដោនស៊ីនដ្យូមនេះ។
ការធ្វើតេស្តពិនិត្យរកជំងឺដោនស៊ីនដ្យូម គឺជាការពិនិត្យម្យ៉ាងដើម្បីប៉ាន់ស្មានពីហានិភ័យដែលគភ៌ឆ្លងដោនស៊ីនដ្រូម។ ប្រសិនបើលទ្ធផលធ្វើតេស្តពិនិត្យបង្ហាញថា គភ៍មានហានិភ័យខ្ពស់ ដូច្នេះស្រ្តីត្រូវទៅទទួលការពិនិត្យដោយ យកកោសិកាសុកទៅធ្វើតេស្តរកជំងឺបន្តពូជ (Chorionic villus sampling) ឬការចោះទឹកភ្លោះ ដើម្បីធ្វើការផ្ទៀងផ្ទាត់ថាគភ៍មានជំងឺដោនស៊ីនដ្រូមឬអត់?។
រូបភាពនេះមានប្រភពពីសៀវភៅណែនាំពីចំណេះដឹងសុខភាពសម្រាប់ស្រ្តីមានផ្ទៃពោះ
ជាទូទៅការពិនិត្យរកជំងឺដោនស៊ីនដ្យូមមាន២ប្រភេទរួមមាន៖ គឺរយៈកាលពរពោះអំឡុងត្រីមាសទីមួយ(សប្ដាហ៍ទី១១ដល់១៤) ការធ្វើតេស្តពិនិត្យជំងឺដោនស៊ីនដ្យូម គឺធ្វើតាមរយៈឈាមម្ដាយ ដោយធ្វើការវាស់ចន្លោះឆ្អឹងខ្នងនៃគភ៌ឬឆ្អឹងច្រមុះរបស់គភ៌ ឬតាមរយៈអេកូសាស្ត្រ ព្រមទាំងបូមឈាមស្រ្តីមានផ្ទៃពោះមកធ្វើការវិភាគ Serological marker ។ ការពិនិត្យប្រភេទនេះអាច រកឃើញទារកមានជំងឺដោនស៊ីនដ្រូមប្រមាណ ៨២% ទៅ ៨៧%។
រីឯក្នុងរយៈកាលពរពោះត្រីមាសទី២(សប្ដាហ៍ទី១៥ដល់២០) គឺធ្វើតេស្តពិនិត្យជំងឺនេះតាមរយៈឈាមម្ដាយដដែល។ ការពិនិត្យប្រភេទនេះអាចពិនិត្យរកឃើញទារកដោនស៊ីនដ្រូមប្រមាណ៨០%។
ជាចុងបញ្ចប់នៃអត្ថបទនេះ សៀវភៅណែនាំពីចំណេះដឹងសុខភាពសម្រាប់ស្រ្តីមានផ្ទៃពោះ សំណូមពរអោយស្រ្តីមានផ្ទៃពោះដែលមានអាយុលើស៣៤ឆ្នាំ ធ្លាប់ពរពោះនិងបង្កើតគភ៌ទារកដែលមានបញ្ហាមិនប្រក្រតីនៃក្រូម៉ូសូម ឬមានសមាជិក គ្រួសារ មានបញ្ហាមិនប្រក្រតីនៃក្រូម៉ូសូម ស្រ្តីត្រូវអញ្ជើញទៅទទួលការ ពិនិត្យដោយការចោះទឹកភ្លោះដើម្បីវិនិច្ឆ័យថា តើគភ៌មានជំងឺដោនស៊ីនដ្យូមឬអត់។
ម្យ៉ាងទៀតសម្រាប់ស្ត្រីដែលមានអាយុក្រោម៣៤ឆ្នាំ គួរទទួលការធ្វើតេស្តពិនិត្យរកជំងឺដោនស៊ីនដ្យូមសិន ប្រសិនបើលទ្ធផលបង្ហាញថាស្រ្តីមានហានិភ័យខ្ពស់ នោះនឹងតម្រូវអោយធ្វើការពិនិត្យមួយជំហានទៀតដោយយកកោសិកាសុកទៅធ្វើតេស្តរកជំងឺបន្តពូជ ឬការចោះទឹកភ្លោះ ដើម្បីផ្ទៀងផ្ទាត់ ក្រូម៉ូសូមរបស់គភ៌មិនប្រក្រតីដែរឬទេ៕