en     km
en     km

រូបភាពកាត់តលេងសើចត្រូវបានបង្ហោះនិងចែករំលែកជាច្រើនលើបណ្តាញសង្គម

Share

ភ្នំពេញ៖ ថ្មីៗនេះមានការបង្ហោះនិងចែករំលែករូបភាពកាត់តមួយសន្លឹកមានពីរប្លង់លើបណ្តាញសង្គមក្នុងន័យលេងសើច។ រូបកាត់តលេងសើចនោះគឺអ្នកលេងហ្វេសប៊ុក(ទ្រូល)បានយករូបភាពរថយន្តមួយគ្រឿងកាត់តដាក់អក្សរលើតួរថយន្តថាទទួលបូមលូបង្គន់ ដោយបន្ថែមពាក្យរដូវវស្សា។នេះជារូបប្លង់ទី១។

ចំណែករូបប្លង់ទី២ អ្នកលេងហ្វេសប៊ុកបានប្រើរូបរថយន្តនេះដដែរតែប្តូរអក្សរលើតួរថយន្តថាមានលក់ទឹក ដោយបានបន្ថែមពាក្យពីក្រោមថារដូវប្រាំង។

រូបភាពកាត់តបង្ហោះលើបណ្តាញសង្គម។

រូបភាពកាត់តក្នុងន័យលេងសើចនេះទំនងអាចថាមហាជនខ្លះបានដឹងឬស្គាល់ថាជារូបភាពតាក់ត តែក៏អាចមានមហាជនខ្លះគិតស្មានថាជារូបភាពពិតផងដែរ។​ រូបភាពបែបនេះអាចធ្វើឱ្យមហាជនខ្លះមានការភ័ន្តច្រលំហើយកាត់ស្មានថា អាជ្ញាធរយករថយន្តដែលធ្លាប់បូមលូ ឬបូមបង្គន់ មកដឹកទឹកចែកជូនប្រជាពលរដ្ឋប្រើប្រាស់ ខណៈដែលបច្ចុប្បន្ននេះអាជ្ញាធររាជធានីភ្នំពេញកំពុងអន្តរាគមន៍ទឹកស្អាតចែកជូនពលរដ្ឋប្រើបណ្តុះអាសន្នក្នុងរដូវប្រាំងដែលខ្វះខាតទឹកប្រើប្រាស់។

មូលហេតុដែលវិទ្យុស្រ្តីហ៊ានអះអាងថារូបនេះជារូបកាត់តលេងសើច ព្រោះក្រុមការងារផ្អែកតាមការបញ្ជាក់ពីកម្មវិធីមួយឈ្មោះថា «Google image search»។កម្មវិធី«Google image search»ជាកម្មវិធីមួយរបស់ក្រុមហ៊ុន Google ដែលអាចចង្អុលបង្ហាញពីរូបភាពមួយថាមានប្រភពមកពីណា? កើតឡើងនៅពេលណា? និងបង្ហាញថារូបភាពហ្នឹងជារឿងឬព្រឹត្តិការណ៍អ្វី?

រូបភាពបង្ហាញតាមកម្មវិធី«Google image search»។រូបនេះនៅប្រទេសថៃ។

កម្មវិធី«Google image search» បានបញ្ជាក់ថា រូបភាពដែលកំពុងត្រូវបានចែកចាយនេះមានប្រភពមកប្រទេសថៃ មិនមែនរថយន្តដឹកទឹកនៅកម្ពុជានោះឡើយ។

មួយវិញទៀត រថយន្តដែលអាជ្ញាធរដឹកទឹកចែកជូនពលរដ្ឋពេលបច្ចុប្បន្នគឺភាគច្រើនអាជ្ញាធរប្រើរថយន្តពន្លត់អគ្គីភ័យ មិនមែនរថយន្តបូមលូ ឬបូមបង្គន់ដូចរូបភាពកាត់តនោះទេ៕

Share

ព័ត៌មានទាក់ទង

Image