en     km
en     km

លំហាត់ប្រាណសុខភាពសម្រាប់អនាគតអ្នកម្តាយ

Share

សម្រាប់ស្រ្តីដែលត្រៀមខ្លួនជាអ្នកម្តាយ ការហាត់ប្រាណមុនសម្រាលអាចកាត់បន្ថយភាពភ័យខ្លាច បន្ថយការឈឺចាប់ក្នុងពេលឈឺកន្ត្រាក់ និងសាច់ដុំពាសពេញរាងកាយអំឡុងពេលសម្រាលកូន ព្រមទាំងពង្រឹងសាច់ដុំអាងត្រគាក ដើម្បីជួយឱ្យសម្រាលដោយរលូន។ ប៉ុន្តែស្ថានភាពរបស់អនាគតអ្នកម្តាយមួយចំនួន ប្រហែលមិនសាកសមនឹង ធ្វើលំហាត់ប្រាណមុនសម្រាលឡើយ។

បើតាមសៀវភៅណែនាំពីចំណេះដឹងសុខភាពសម្រាប់ស្រ្តីមានផ្ទៃពោះ បានបង្ហាញប្រភេទលំហាត់ប្រាណមុនសម្រាលដល់ស្រ្តីដែលជាអនាគតអ្នកម្តាយ ដូចតទៅ៖

 

​១. លំហាត់ប្រាណផ្នែកជើង៖ គេនិយមចាប់ផ្ដើមធ្វើចាប់ពីដំណាក់កាលពរពោះដំបូង។

ចំពោះគោលដៅនៃលំហាត់ប្រាណនេះ៖ ដើម្បីពង្រឹងសាច់ដុំជុំវិញ ឆ្អឹងអាងត្រគាកនិងភាពរលាស់របស់ទ្វារមាស។

របៀបធ្វើ៖ ដៃច្រត់កៅអី និងជើងឆ្វេងនៅស្ងៀមមួយកន្លែង ចំណែកជើងស្តាំបង្វិល ៣៦០ដឺក្រេ។ ពេលធ្វើរួច សូមត្រឡប់មកសភាពដើមវិញ រួចធ្វើបន្ត។

២. លំហាត់ប្រាណផ្នែកជើងដោយលើកជើងទាំងគូឡើង ដែលចាប់ផ្ដើមធ្វើចាប់ពីដំណាក់កាលពរពោះដំបូងដូចនឹងវិធីទី១ដែរ។

ចំពោះគោលដៅនៃលំហាត់ប្រាណនេះ៖ ទី១គឺ ជួយសម្រួលឲ្យឈាមសសៃវ៉ែនផ្នែកខាងក្រោមហូរត្រឡប់មកវិញ។ ចំណែកឯទី២ ជួយឲ្យឆ្អឹងខ្នងលាតសន្ធឹងនិងធ្វើឱ្យមានសម្ពាធសាច់ដុំត្រគាក។

របៀបធ្វើ៖ ដេកផ្ងារឲ្យត្រង់ បន្ទាប់មកលើកជើងទាំងពីរបញ្ឈរឲ្យខ្ពស់ ហើយប្រអប់ជើងត្រូវខ្ទប់នឹងជញ្ជាំង ដោយធ្វើក្បាច់នេះពី៣ទៅ៥នាទី រួចធ្វើចុះឡើងច្រើនដងជារៀងរាល់ថ្ងៃ។

៣. ក្បាច់អង្គុយពែនផ្នែន៖ គេនិយមធ្វើចាប់ពីក្រោយពរពោះបីខែ។

ចំពោះគោលដៅទី១នៃលំហាត់ប្រាណនេះ៖ ដើម្បីហាត់សាច់ដុំនៃក្រលៀននិងធ្វើឱ្យមានសំពាធនៃសសៃពួរ នៅកន្លែងគន្លាក់។ ទី២គឺ បង្ការកុំអោយកើតមានបញ្ហារមួលក្រពើឬកន្ត្រាក់សាច់ដុំដោយសារតែសម្ពាធនៃស្បូន នៅត្រីមាសចុងក្រោយ។

របៀបធ្វើ៖ ស្រ្តីត្រូវអង្គុយឲ្យត្រង់លើកំរាលពូក កំភួនជើងទាំងពីរខ្វែងលើគ្នា មួយមុខមួយក្រោយ ជង្គង់ទាំងសងខាងត្រូវរក្សាគម្លាតដោយឡែកពីគ្នា។ ក្នុងមួយថ្ងៃត្រូវធ្វើចាប់ផ្តើមពី ៥ទៅ៣០នាទី។

 

៤. លំហាត់ប្រាណផ្នែកចង្កេះ៖ ដោយគេនិយមធ្វើចាប់ពីក្រោយពរពោះប្រាំមួយខែ។

គោលដៅនៃលំហាត់ប្រាណនេះ គឺដើម្បីកាត់បន្ថយការចុករោយនៃផ្នែកចង្កេះ ជួយអោយសម្ពាធក្បាលពោះក្នុងពេលសម្រាល និងធ្វើឱ្យមានភាពរលាស់នៃទ្វារមាស ដែលមានប្រយោជន៍ដល់ការសម្រាល។

របៀបធ្វើ៖ ដៃច្រត់ខ្នងកៅអី ចំណែកដើមដៃត្រូវបញ្ចេញកម្លាំង ព្រមទាំងស្រូបដង្ហើមយឺតៗ ។ ស្របពេលជាមួយគ្នា ដើម្បីឱ្យជំហរដងខ្លួនប្រមូលផ្ដុំនៅលើខ្នងកៅអី ត្រូវចំទឺតម្រាមជើង ធ្វើអោយដងខ្លួនឡើងខ្ពស់ ដកចង្កេះអោយត្រង់ បន្ទាប់មកបញ្ចេញដង្ហើមយឺតៗ និងបន្ទូរដើមដៃនិងជើងដាក់ត្រឡប់មកធម្មតាវិញ។

វិធីចុងក្រោយគឺ ការដកដង្ហើមធំនៅផ្នែកពោះនិងទ្រូង៖ គេនិយមធ្វើនៅត្រីមាសចុងក្រោយ។

គោលដៅ៖ គឺជួយបន្ទូរសាច់ដុំ និងកាត់បន្ថយសំពាធផ្នែកពោះដែលកើតឡើងដោយការកន្រាក់ខ្លួន។

ចំណែកឯរបៀបធ្វើ៖ គឺធ្វើនៅពេលដែលមានការកន្ត្រាក់ខ្លួនកើតឡើង ដោយប្រមូលស្មារតីអោយមូល ស្រូបយកខ្យល់    យឺតៗចូលទៅក្នុងពោះ។ បន្ទាប់មក ប្រមូលផ្គុំខ្យល់ចេញមកវិញអោយអស់យឺតៗរហូតដល់មានអារម្មណ៍ថាធូរសាច់ដុំ។ចំពោះល្បឿននៃការដកដង្ហើមអាស្រ័យកម្រិតនៃការកន្ត្រាក់ស្បូនខ្លាំងប៉ុណ្ណា ដោយធ្វើពី ៦ទៅ ៨ដងក្នុងមួយនាទី និងហ្វឹកហាត់ក្នុង១នាទីម្ដង។

រីឯពេលដកដង្ហើមសូមយកចិត្តទុកដាក់ដកដង្ហើមឲ្យយឺតតាមដែលអាចធ្វើទៅបាន រួចបញ្ចេញខ្យល់ចេញអោយអស់ ព្រោះការធ្វើបែបនេះអាចបង្ការការវិលមុខបានផងដែរ៕

Share

ព័ត៌មានទាក់ទង

Image