en     km
en     km

ស្រ្តីគួរស្វែងយល់ពីមូលហេតុនិងវិធីការពារទារកកើតមិនគ្រប់ខែ

Share

 

ការសម្រាលកូនមិនគ្រប់ខែ ជាបញ្ហាចោទមួយ ក្នុងចំណោមបញ្ហាជាច្រើនផ្សេងៗទៀតនៃការមានផ្ទៃពោះ ដោយគេសង្កេតឃើញថា នៅក្នុងប្រទេសអភិវឌ្ឍ បញ្ហានេះបានកើតឡើងក្នុងអត្រា ៦% ចំណែកក្នុងប្រទេសកម្ពុជាគិតត្រឹមឆ្នាំ ២០១២ បញ្ហានេះបានកើតឡើងក្នុងអត្រា ១០.៥%។ នេះបើតាមគេហទំព័រ Healthtime។

តាមនិយមន័យរបស់អង្គការសុខភាពពិភពលោក ទារកកើតមិនគ្រប់ខែ ជាទារកដែលកើតមុន ៣៧ សប្តាហ៍នៃអាយុគភ៌។ ពោលគឺទារកអាចកើតនៅចន្លោះសប្តាហ៍ទី ២៦ ឬស្មើប្រមាណ ៦ ខែកន្លះ។

រូបភាពនេះមានប្រភពពីមន្ទីរពេទ្យកាល់ម៉ែត

ជាទូទៅទារកកើតមិនគ្រប់ខែត្រូវការការថែទាំជាពិសេសខុសពីទារកកើតគ្រប់ខែ ដោយទារកកើតមិនគ្រប់ខែ សុទ្ធតែមិនទាន់រៀបចំខ្លួនរួចរាល់សម្រាប់ការរស់នៅ ខាងក្រៅផ្ទៃពោះរបស់ម្តាយទេ។ ប្រសិនបើទារកកើតកាន់តែឆាប់ សរីរាង្គលូតលាស់ មិនទាន់បានគ្រប់ជ្រុងជ្រោយនៅឡើយ។

ជាពិសេសសរីរាង្គសំខាន់ៗ ដូចជាសួត បេះដូង ប្រព័ន្ធរំលាយអាហារ ខួរក្បាល ប្រព័ន្ធភាពស៊ាំ ភ្នែក គឺសុទ្ធតែនៅខ្ចី ដែលទាមទារឱ្យមានការគាំពារផ្នែកវេជ្ជសាស្រ្តដោយក្រុមគ្រូពេទ្យជំនាញ ធានា ឱ្យការលូតលាស់ មានសភាពប្រហាក់ប្រហែលនឹងការរស់នៅក្នុងផ្ទៃពោះម្តាយ។ នេះបើតាមការបង្ហាញរបស់មន្ទីរពេទ្យកាល់ម៉ែត។

តើមានមូលហេតុអ្វីខ្លះដែលធ្វើឱ្យទារកកើតមិនគ្រប់ខែ?

តាមការលើកឡើងរបស់មន្ទីរពេទ្យកាល់ម៉ែតដដែល កត្តាប្រឈមមួយចំនួនដែលធ្វើឱ្យទារកកើតមិនគ្រប់ខែមានដូចជា៖  ស្រ្តីជាម្តាយធ្លាប់មានប្រវត្តិសម្រាលកូនមិនគ្រប់ខែពីមុនមក ស្ត្រីមានបញ្ហាស្បូន រឺសុក ស្រ្តីមានជំងឺលើសឈាម និងជំងឺទឹកនោមផ្អែម។

ម្យ៉ាងទៀត ចន្លោះមានផ្ទៃពោះរបស់ស្រ្តីពីកូនមួយទៅកូនមួយ មានរយៈពេលខ្លីតិចជាង ៦ខែ ឬស្រ្តីពពោះសិប្បនិម្មិត និងពពោះទារកភ្លោះ ក៏ជាកត្តាប្រឈមដែលធ្វើឱ្យទារកកើតមិនគ្រប់ខែផងដែរ។ បន្ថែមពីនេះ កត្តាប្រឈមផ្សេងទៀតនោះគឺមកពីស្រ្តីតែងជក់បារី ឬស្រូបផ្សេងបារីដោយប្រយោល បរិភោគគ្រឿងស្រវឹង និងប្រើប្រាស់ថ្នាំគ្មានវេជ្ជបញ្ជាត្រឹមត្រូវជាដើម។

រូបភាពនេះមានប្រភពពីមន្ទីរពេទ្យកាល់ម៉ែត

 

តទៅនេះ យើងនឹងលើកយកនៅវិធីសាស្រ្តនានា ដើម្បីការពារកុំឱ្យទារកកើតមិនគ្រប់ខែ សម្រាប់ស្រ្តីជាម្តាយគ្រប់រូបស្វែងយល់ទាំងអស់គ្នា៖

តាមការបង្ហាញរបស់មន្ទីរពេទ្យកាល់ម៉ែត បានផ្តល់ឱវាទឱ្យស្រ្តីគ្រប់រូបត្រូវទៅពិនិត្យ និងតាមដានផ្ទៃពោះឱ្យបានទាន់ពេល និងឱ្យបានទៀងទាត់។ ជាពិសេស ស្រ្តីត្រូវទទួលការព្យាបាលឱ្យបានត្រឹមត្រូវប្រសិនបើមានបញ្ហាសុខភាពកំឡុងពេលមានផ្ទៃពោះដូចជាលើសសំពាធឈាម ទឹកនោមផ្អែម បញ្ហាផ្លូវចិត្តជាដើម។

បន្ថែមពីនេះ ស្រ្តីត្រូវបរិភោគអាហារដែលមានសារធាតុចិញ្ចឹមគ្រប់គ្រាន់  ជៀសវាងការជក់បារី ឬនៅជិតអ្នកជក់បារី និងកុំបរិភោគគ្រឿងស្រវឹងជាដាច់ខាត  រួមទាំងហាមប្រើប្រាស់ថ្នាំដែលមិនមានវេជ្ជបញ្ជាត្រឹមត្រូវផងដែរ។

រូបភាពនេះមានប្រភពពីមន្ទីរពេទ្យកាល់ម៉ែត

ជាចុងបញ្ចប់នៃអត្ថបទនេះ មន្ទីរពេទ្យកាល់ម៉ែតបានផ្តល់ដំបូន្មានដល់ស្រ្តីជាម្តាយគ្រប់រូប ប្រសិនបើត្រូវសម្រាលកូនមិនគ្រប់ខែ ស្ត្រីគួរតែជ្រើសរើសកន្លែងសម្រាលនៅមន្ទីរពេទ្យណាដែលមានកន្លែងសង្រ្គោះទារកមិនគ្រប់ខែ ព្រោះទារកមិនគ្រប់ខែ ទាមទារការព្យាបាលដោយជំនាញពិសេស លើសពីការព្យាបាលទារកគ្រប់ខែ។

លើសពីនេះទៅទៀត ការព្យាបាលទារកមិនគ្រប់ខែ ទាមទារពេលវេលាយូរអង្វែង ដែលទាក់ទងនឹងការសង្គ្រោះ ក្រោយសង្គ្រោះ និងការតាមដានក្រោយចេញពីមន្ទីរពេទ្យ ដោយមានគ្រូពេទ្យថែទាំ និងគ្រូពេទ្យព្យាបាល ដែលមានជំនាញច្បាស់លាស់ខាងទារកមិនគ្រប់ខែ ៕

Share

Image
Image
Image