en     km
en     km

ផលប៉ះពាល់នៃផ្សែងនិងក្លិនបារីចំពោះស្រ្តីមានផ្ទៃពោះនិងគភ៌ក្នុងផ្ទៃ

Share

ការជក់បារីបង្កផលអវិជ្ជមានច្រើនណាស់ចំពោះសុខភាព ជាពិសេសស្រ្តីមានផ្ទៃពោះ កាន់តែគ្រោះថ្នាក់ខ្លាំងថែមទៀត។ ចំពោះស្រ្តីកំពុងពពោះ មិនចាំបាច់ដល់ថ្នាក់ជក់ទេ គ្រាន់តែនៅជិតផ្សែងបារី ក៏អាចប៉ះពាល់កូនក្នុងផ្ទៃបានដែរ។

រូបភាពនេះមានប្រភពពីគេហទំព័របរទេស Family Doctor.org

តាមការចុះផ្សាយរបស់គេហទំព័រមន្ទីរព័ត៌មានខេត្តកំពង់ចាមបានស្រង់សម្តីប្រធានកម្មវិធីថ្នាំជក់នៃមន្ទីរសុខាភិបាល បានបង្ហាញថា ស្រ្តីមានផ្ទៃពោះដែលស្រូបផ្សែងបារីពីអ្នកជក់នៅជុំវិញខ្លួន នឹងបង្កផលប៉ះពាល់លើសុខភាពដូចជា សុកពាំងមាត់ស្បូន សម្រាលកូនមិនគ្រប់ខែ ទារកលូតលាស់យឺត កូនកើតមិនគ្រប់គីឡូ ចុះខ្សោយភាពឆ្លាតវៃ កើតមកស្លាប់ និងរលូតជាដើម។ ជាងនេះ កុមារនឹងមានជំងឺផ្លូវដង្ហើម ការលូតលាស់នៃមុខងារសួតថយចុះ កុមារអាចមានជំងឺហឺត ជំងឺមហារីកឈាម និងជំងឺមហារីកខួរក្បាលជាដើម។

យោងតាមគេហទំព័រសុខភាពមួយឈ្មោះថា hello គ្រូពេទ្យ បានពន្យល់ពីបញ្ហាផ្សែងបារីនេះពន្យល់ថា ការចៀសវាងពីការជក់បារី ឬស្រូបផ្សែងពីមនុស្សជុំវិញខ្លួនគឺមិនទាន់គ្រប់គ្រាន់ទេ។ ពោលគឺស្រ្តីមានផ្ទៃពោះ ត្រូវនៅឱ្យឆ្ងាយពីក្លិនផ្សែងបារីឬកាកសំណល់បារី។ មានន័យថា ផ្សែងបារី ឬកាកសំណល់បារីដែលបានបន្សល់ទុកជាប់នឹងគ្រឿងសង្ហារឹម កម្រាលព្រំ ក្នុងបង្គន់ ឬសម្ភារៈផ្សេងៗទៀតនោះ បានបន្សល់ទុកនូវក្លិនជាប់ជាច្រើនឆ្នាំ។

បើតាម hello គ្រូពេទ្យ ទីកន្លែងដែលមានក្លិនផ្សែងបារី ទោះជាគ្មានមនុស្សជក់កក្តី ក៏គួរចាកចេញភ្លាមដែរ ព្រោះពុំដូច្នេះទេក្លិននៃផ្សែងបារីទាំងនោះក៏បង្កផលប៉ះពាល់ទារកក្នុងផ្ទៃផងដែរ។ ប៉ះពាល់ ក៏ព្រោះថា សារធាតុគីមីក្នុងផ្សែងបារី អាចចូលទៅក្នុងចរន្តឈាមមនុស្ស រួចឆ្លងកាត់តាមឈាមទៅកាន់គភ៌ក្នុងផ្ទៃ។ ការស្រាវជ្រាវបង្ហាញថា ការប៉ះពាល់ជាមួយបារីទាំងមិនដឹងខ្លួន បង្កផលប៉ះពាល់ដល់ការអភិវឌ្ឍសួតទារក អាចនាំឲ្យមានបញ្ហាដល់ផ្លូវដង្ហើមទារកពេលអនាគតទៀតផង។

គេហទំព័រសុខភាពមួយនេះ បានផ្តល់ឱវាទដើម្បីការពារទុកជាមុនសម្រាប់ស្រ្តីដែលកំពុងតែព្យាយាមចង់យកកូន គឺគួរឈប់ជក់បារីទាំងស្រុង ត្រូវព្យាយាមឲ្យអស់ពីលទ្ធភាពចេញឆ្ងាយបរិយាកាសមានផ្សែងបារីនិងក្លិនផ្សែងបារីទោះនៅក្នុងផ្ទះក្តី។

រីឯដៃគូ ឬប្តី នៅតែជក់បារី ត្រូវប្រាកដថាពួកគេជក់បារីនៅក្រៅផ្ទះ និងមិនចូលផ្ទះជាមួយនឹងសម្លៀកបំពាក់ជាប់ក្លិនផ្សែងបារី។ ប្រការល្អគួរឲ្យដៃគូ ឬប្តី ពាក់អាវក្រៅនៅពេលជក់បារី និងត្រូវដោះអាវនោះចេញ ពេលចូលផ្ទះវិញ៕

Share

Image
Image
Image