en     km
en     km

ស្រ្តីគួរយកចិត្តទុកដាក់ពិនិត្យរកមើលជំងឺបេះដូងរបស់ទារកពីកំណើត

Share

ភាពមិនប្រក្រតីនៃរចនាសម្ព័ន្ធរបស់បេះដូង គឺជាជំងឺដែលសម្បូរជាងគេក្នុងចំណោមភាពមិនប្រក្រតីពីកំណើតរបស់ទារក ដែលមានអត្រាប្រហែល ១% លើពិភពលោក។

រូបភាពនេះមានប្រភពពីមន្ទីរពេទ្យកាលម៉ែត

បើតាមមន្ទីរពេទ្យកាល់ម៉ែតបានបង្ហាញថា ភាពមិនប្រក្រតីនៃរចនាសម្ព័ន្ធរបស់បេះដូង ចែកចេញជាប្រភេទស្រាល ដែលមិនប៉ះពាល់ទៅដល់ការលូតលាស់របស់ទារក និងកុមារ។ ភាពមិនប្រក្រតីប្រភេទស្រាលនេះមានអត្រាខ្ពស់ដែលអាចវិវត្តទៅជាសះស្បើយដោយខ្លួនឯង រឺបន្ទាប់ពីធ្វើការវះកាត់។

ចំណែកភាពមិនប្រក្រតីនៃបេះដូងប្រភេទធ្ងន់ធ្ងរវិញ អាចធ្វើឱ្យមនាបញ្ហាខ្សោយបេះដូង និងបណ្តាឱ្យបាត់បង់ជីវិតក៏មាន។ តែករណីនេះ បើសិនណាស្រ្តីជាម្តាយ សង្កេតឃើញភាពមិនប្រក្រតីនៃបេះដូងរបស់ទារក ហើយបានបញ្ជូនទៅព្យាបាលនៅមន្ទីពេទ្យបានទាន់ពេលវេលា នោះភាពមិនប្រក្រតីនៃបេះដូងអាចព្យាបាលបានជាមួយបច្ចេកវិទ្យាទំនើបថ្មីៗនាពេលបច្ចុប្បន្ននេះ។

រូបភាពនេះមានប្រភពពីមន្ទីរពេទ្យកាលម៉ែត

តាមមន្ទីរពេទ្យកាល់ម៉ែតដដែល ការទៅពិនិត្យរកមើលភាពមិនប្រក្រតីនៃបេះដូងទារក អាចធ្វើទៅបានក្នុងអំឡុងពេលស្រ្តីមានផ្ទៃពោះ ក្នុងចន្លោះរយៈពេល ១៨ ទៅ ២២ សប្ដាហ៍ឬប្រហែល ៥ ខែ នៃការតាំងគត៌ ដែលអត្រាអាចរកមើលឃើញមានបញ្ហារហូតដល់ ៨០% ទៅ ៩០% ឯណ្ណោះ។

ជាងនេះការធ្វើអេកូបេះដូងលើទារកក្រោយកើត ដែលធ្វើឡើងដើម្បីរកលក្ខណៈទូទៅរបស់បេះដូង គឺជាវិធីសាស្រ្តល្អ និងមានលទ្ធផលខ្ពស់ក្នុងការរកឃើញជំងឺបេះដូងពីកំណើត ។ ម្យ៉ាងទៀតក៏ជាវិធីសាស្រ្តងាយ និងមិនបង្កឱ្យមានការឈឺចាប់ តែតម្រូវឱ្យប្រើពេលវេលា និងអ្នកជំនាញប្រកបដោយសមត្ថភាពនិងបទពិសោធន៍ច្បាស់លាស់។

រូបភាពនេះមានប្រភពពីមន្ទីរពេទ្យកាលម៉ែត

បន្ទាប់ពីការរកឃើញជំងឺបេះដូងពីកំណើត មន្ទីរពេទ្យកាល់ម៉ែតបានណែនាំថា ករណីជំងឺជាប្រភេទជំងឺស្រាល គ្រូពេទ្យនឹងតាមដានពិនិត្យក្រោយរយៈពេលទារកកើតបានចន្លោះ ១ ខែ ដល់ ៦ខែ ទៅតាមសភាពជាក់ស្តែង។

តែបើក្នុងករណីជំងឺជាប្រភេទធ្ងន់ធ្ងរវិញ គ្រូពេទ្យនឹងបញ្ចូនទៅព្យាបាលដោយប្រើថ្នាំ រឺដោយការវះកាត់។

មន្ទីរពេទ្យកាល់ម៉ែតបានអំពាវនាដល់ស្រ្តីជាម្តាយគ្រប់រូប ត្រូវចាំបាច់បំផុតក្នុងការតាមដានរកមើលជំងឺបេះដូងរបស់កូនៗពីកំណើតមក ដោយវិធីសាស្រ្តអេកូបេះដូងលើទារក និងការបញ្ជូនទៅផ្នែកជំនាញបេះដូងកុមារអោយបានទាន់ពេលវេលា ៕

Share

Image
Image
Image