en     km
en     km

លោក មាជ សុវណ្ណរ៉ា ប្រកាសរកមេធាវីការពារក្ដីដល់ លោក យឹម ស៊ីន និងលោក ហ៊ុន កុសល

Share

លោក យឹម ស៊ីណន និងលោក ហ៊ុន កុសល អ្នកគាំទ្របក្សប្រឆាំង និងជាមនុស្សស្និទនឹងលោក កឹម សុខា ប្រធានអតីតគណបក្សសង្គ្រោះជាតិបានស្ថិតនៅក្នុងមន្ទីរឃុំឃាំងអស់រយៈពេលមួយសប្តាហ៍ ហើយមកទល់នឹងពេលនេះ អ្នកទាំងពីរមិនទាន់អាចរកមេធាវីការពារក្ដីបាននៅឡើយ។ លោក គីម ចាន់ចាវ រាយការណ៍

លោក មាជ សុវណ្ណារ៉ា ជាអ្នកនយោបាយ ដែលធ្លាប់ជាតំណាងរាស្ត្រនៃអតីតគណបក្សសង្គ្រោះជាតិ ស្និទ្ធនឹងលោក កឹម សុខា ដែរនោះ បានទៅដល់ពន្ធនាគារព្រៃស(ម១) ដើម្បីជួបសួរសុខទុក្ខ និងពិភាក្សានីតិវិធីជាមួយយុវជនជាប់ឃុំទាំងពីរ ប៉ុន្តែលោកមិនត្រូវបានអនុញ្ញាតឲ្យជួបអ្នកទាំងពីរឡើយ។ លោកបានឱ្យដឹងថា អ្នកទាំងពីរមិនទាន់រកបានមេធាវីការពារក្ដីបាននៅឡើយ ក្រោយពីការស្វះស្វែងរកមេធាវីពីបណ្ដាភាគីពាក់ព័ន្ធ ដែលធ្លាប់ជួយការពារក្ដីដល់ជនរងគ្រោះ។

អ្នកនយោបាយដែលសកម្មក្នុងការរិះគន់រដ្ឋាភិបាលរូបនេះ ប្រកាសស្វែងរកមេធាវីជួយការពារក្ដីដល់លោកយឹម ស៊ីណន និង លោក ហ៊ុន កុសល។ លោកក៏បានធានាថា នឹងធ្វើជាអ្នកស្វែងរកមូនិធិទ្រទ្រង់រាល់ការការពារក្ដីនេះ ដោយរ៉ាប់រងការចំណាយថ្លៃសេវាកម្មក្នុងការទូទាត់ដំណើរការក្តីតុលាការ។ លោកថាបើទោះបីការពារក្ដីមិនសង្ឃឹមថាឈ្នះយ៉ាងណាក៏ដោយ ក៏លោក ធ្វើដោយពេញចិត្តពេញថ្លើមបំផុត។

លោក យឹម ស៊ីណន និងលោក ហ៊ុន កុសល ត្រូវបានចាប់ខ្លួន បន្ទាប់ពីអ្នកទាំងពីរបានបង្ហោះសារតាមបណ្តាញសង្គមពាក់ព័ន្ធនឹងព្រះមហាក្សត្រព្រះរាជទានព្រះអគ្គីជ័យកីឡា សម្រាប់ព្រឹត្តិការណ៍ប្រកួតកីឡាអាស៊ីអាគ្នេយ៍លើកទី៣២ ឆ្នាំ២០២៣ នៅខេត្តសៀមរាបកាលពីថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៣។ សម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រីដែលបានបញ្ជាឱ្យចាប់ខ្លួនយុវជន ២ អះអាងថា នឹងមិនលើកលែងឡើយ បើទោះបីជាមានការសុំទោសក្ដី។ ការមិនអធ្យាស្រ័យដោយសម្តេចចាត់ទុកការរិះគន់របស់ពួកគេមានចេតនាដ៏អាក្រក់ ធ្វើឱ្យប៉ះពាល់ធ្ងន់ធ្ងរដល់ព្រះចេស្តាព្រះមហាក្សត្រ មានចរិកវាយប្រហារលើសម្តេចហ៊ុន សែន និងធ្វើឲ្យសាធារណជនភាន់ច្រឡំ។ មួយថ្ងៃក្រោយការចាប់ខ្លួន គឺនៅថ្ងៃ២២ ខែមីនា ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ បានសម្រេចឃុំខ្លួន អ្នកទាំងពីរជាបណ្តោះអាសន្នក្រោមបទចោទចំនួន២ គឺត្រូវដាក់ឲ្យស្ថិតក្រោមការពិនិត្យពីបទប្រមាថចំពោះអង្គព្រះមហាក្សត្រ និងបទញុះញង់បង្កឲ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម៕

Share

ព័ត៌មានទាក់ទង

Image