ភ្នំពេញ៖ប្រជាពលរដ្ឋរស់នៅរាជធានីភ្នំពេញ ជាពិសេសអ្នករស់នៅតំបន់ជាយរាជធានីភ្នំពេញ បានត្អូញត្អែរពីបញ្ហាខ្វះខាតទឹកប្រើប្រាស់។ ពលរដ្ឋស្នើឱ្យអាជ្ញាធរពាក់ព័ន្ធជួយដោះស្រាយបញ្ហានេះដោយមិនត្រូវបណ្ដោយឱ្យកើតមានបញ្ហាអត់ទឹកនេះកើតមានជាប្រចាំឆ្នាំទៀតនោះទេ។ សង្គមស៊ីវិលយល់ថា រដ្ឋករទឹកគួរតែមានទិន្នន័យច្បាស់លាស់អំពីការប្រើប្រាស់ទឹក ដើម្បីរៀបចំការផ្គត់ផ្គង់ឱ្យបានសមស្រប ចៀសជាងភាពខ្វះខាតដែលធ្វើឱ្យប៉ះពាល់ដល់ជីវភាពពលរដ្ឋអ្នកប្រើប្រាស់។ លោក គីម ចាន់ចាវ រាយការណ៍
ការត្អូញត្អែរនេះបានកើតឡើងកាន់តែខ្លាំងពីសំណាក់ប្រជាពលរដ្ឋដែលរស់នៅក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ ដោយសារតែដល់រដូវកាល ដែលត្រូវជួបបញ្ហាខ្វះខាតទឹកស្អាតប្រើប្រាស់ ឬទឹកមានសម្ពាធខ្សោយបានមកដល់។ បញ្ហានេះបានកើតឡើង ភាគច្រើនកើតឡើងនៅក្នុងសង្កាត់ទាំង ៣១ ដែលនៅជាយក្រុងភ្នំពញជាង ២ ខែមកហើយ សូម្បីតែនៅតាមបុរីមួយចំនួនក៏ពុំមានទឹកប្រើប្រាស់គ្រប់គ្រាន់ដូចគ្នា រហូតធ្វើឱ្យពលរដ្ឋខ្លះសម្រេចចិត្ដឈប់រស់នៅក្នុងបុរីទាំងនោះ។ នៅព្រឹកថ្ងៃទី២៥ មីនា ឆ្នាំ២០២៣ ប្រជាជនដែលរស់នៅបុរីពិភពថ្មីឈូកវ៉ា ១ បានប្រមូលយកធុង ចានដែក ពីដុងដាក់ទឹកមកយកទឹកពីឡានទឹករបស់រដ្ឋបាលខណ្ឌព្រែកព្នៅ ដែលបានដឹកយកទៅចែកឱ្យពលរដ្ឋនៅទីនោះបានប្រើប្រាស់ ដែលរូបភាពនេះត្រូវបានចែកចាយយ៉ាងព្រោងព្រាតលើបណ្ដាញសង្គមដោយសរសេរសាររិះគន់ផ្សេងគ្នា។ ជាមួយនឹងរូបភាពពលរដ្ឋយកធុងទឹកសុទ្ធដឹកទឹក ម្ចាស់គណនីហ្វេសប៊ុក ឈ្មោះ Narong Narong បានសរសេរសារ ថា«ទឹកប្រើរាល់ខែធម្មតាទេ ចុះយ៉ាងមេចបានជាដាច់ទឹកតែខែ3»4ហ្នឹង ទន្លេក៏មិនរឹងស្ងួតដែរ ឆ្នាំមុនថាទន្លេមានតែ1ឆ្នាំនេះយ៉ាងមេចវិញ»។
យោងតាមរបាយការណ៍សិក្សាតម្រូវការទឹករបស់រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញឆ្នាំ ២០១៦-២០៣០ បានបង្ហាញថានៅឆ្នាំ២០២៣ នេះ តម្រូវការទឹកប្រើប្រាស់បានកើនឡើងជាង ៨៩ ម៉ឺនម៉ែត្រគូបក្នុងមួយថ្ងៃ នៅពេលដែលសមត្ថភាពផលិតទឹកជាក់ស្តែងមានប្រមាណ ៦៤ម៉ឺនម៉ែត្រគូបក្នុងមួយថ្ងៃតែប៉ុណ្ណោះ។ មានន័យថារដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ ខ្វះទឹកផ្គត់ផ្គង់ចំនួន ២៥ម៉ឺនម៉ែត្រគូបក្នុងមួយថ្ងៃ។ តាមរយៈសេចក្តីជូនដំណឹងរបស់ខ្លួន កាលពីថ្ងៃទី២៣ ខែមីនា រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញជឿជាក់ថា នៅដើមខែឧសភា ឆ្នាំ២០២៣នេះ រោងចក្រផលិតទឹកស្អាតថ្មី នឹងផលិតចែកចាយទឹកស្អាតបានក្នុងបរិមាណ ២០ម៉ឺនម៉ែត្រគូបក្នុងមួយថ្ងៃ បន្ថែមលើសមត្ថភាពផលិតបច្ចុប្បន្ន ៦៤ម៉ឺនម៉ែត្រគូបក្នុងមួយថ្ងៃ។ ពោលគឺរដ្ឋាករទឹកមានសមត្ថភាពផលិត ៨៤ម៉ឺនម៉ែត្រគូបក្នុងមួយថ្ងៃ ធៀបនឹងតម្រូវការទឹកស្អាត៨៩ម៉ឺនម៉ែត្រគូបក្នុងមួយថ្ងៃ និងមានន័យថារដ្ឋាករទឹកបានដោះស្រាយបញ្ហា ខ្វះទឹកស្អាតបានជាង៩០%។
ក៏ប៉ុន្តែម្ចាស់គណនីហ្វេសប៊ុក ឈ្មោះបង ជូ បានលើកឡើងថា«ដំណោះស្រាយ ត្រូវរង់ចាំដល់ខែ ឧសភា ទើបអាចដោះស្រាយបាន គឺដល់ខែភ្លៀងល្មម»។ គណនីដដែលបញ្ជាក់ថា «កាលមុន ការខ្វះខាតទឹកប្រើប្រាស់ភាគច្រើន កើតមាននៅតំបន់ដាច់ស្រយាល ដល់ឥលូវ កើតមាននៅទីក្រុងភ្នំពេញ។ មូលហេតុដែលបណ្តាលដោយខ្វះទឹក គឺមកពីយើងមានតែទន្លេមេគង្គមួយគត់ គ្រោះធម្មជាតិ ក្តៅពេក អ្នកប្រើប្រាស់ហួសកំរិត»។
លោក យ៉ង់ គឹមអេង ប្រធានមជ្ឈមណ្ឌលប្រជាពលរដ្ឋដើម្បីអភិវឌ្ឍន៍ និងសន្តិភាព យល់ថារដ្ឋករទឹកគួរតែមានទិន្នន័យច្បាស់លាស់អំពីការប្រើប្រាស់ទឹក ពោលគឺរាប់ទាំងសំណង់ផ្ទះល្វែងបន្ថែម និងចំនួនពលរដ្ឋ រួមទាំងភ្ញៀវទេសចរ ដើម្បីអាចផ្គត់ផ្គង់ទឹកបានគ្រប់គ្រាន់។ ត្បិតការខ្វះខាតទឹកប្រើប្រាស់បានធ្វើឱ្យប៉ះពាល់ដល់ជីវភាពរស់នៅប្រចាំថ្ងៃរបស់ពលរដ្ឋ រួមទាំងប៉ះពាល់ដល់អាជីវកម្មចិញ្ចឹមជីវិតផងដែរ។
លោក ឡុង ណារ៉ូ អគ្គនាយករដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ ធ្លាប់បានលើកឡើងនៅក្នុងសន្និសីទកាសែតកាលពីឆ្នាំ២០២២កន្លងទៅថា ករណីខ្វះទឹកប្រើប្រាស់ដោយសារកំណើនប្រជាពលរដ្ឋសម្រុកចូលមកក្រុងភ្នំពេញកាន់តែច្រើន។ ម្យ៉ាងវិញទៀត កម្ពស់ទឹកទន្លេមានការស្រកចុះខុសប្រក្រតីនៅក្នុងរដូវប្រាំង នារយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ។ លោកអះអាងថា ជាទូទៅរដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញដាក់ការសិក្សានិងកំណត់ថា នៅក្នុងរដូវប្រាំងត្រូវតែមានទឹកកម្ពស់៣ម៉ែត្រដើម្បីបូមធានាចូលក្នុងប្រព័ន្ធប្រព្រឹត្តកម្ម។ ប៉ុន្តែបច្ចុប្បន្នទឹកនៅតែ២ម៉ែត្រប៉ុណ្ណោះ។
ទោះយ៉ាងណា កាលពីពេលថ្មីៗនេះ រដ្ឋាករទឹកបញ្ជាក់ថាចាប់ពីដើមឆ្នាំ២០២៤ រដ្ឋាករទឹកនឹងអាចផលិតទឹកស្អាតបាន ២០ម៉ឺនម៉ែត្រគូបក្នុងមួយថ្ងៃ បន្ថែមទៀត ដែលធ្វើឲ្យសមត្ថភាពសរុបរបស់រដ្ឋាករទឹកមានរហូតដល់ជាង១លានម៉ែត្រគូបក្នុងមួយថ្ងៃ។ រដ្ឋាករទឹកបញ្ជាក់ថាចាប់ឆ្នាំ២០២៤ទៅអតិថិជនរស់នៅរាជធានីភ្នំពេញ និងក្រុងតាខ្មៅទាំងអស់មានទឹកប្រើប្រាស់គ្រប់គ្រាន់៕