en     km
en     km

គណបក្សភ្លើងទៀនគ្រោងរៀបចំពិធីបង្សុកូលរម្លឹកវិញ្ញាណក្ខន្ធបាតុករស្លាប់ក្នុងហេតុការណ៍បំផ្ទុះគ្រាប់បែកមុខរដ្ឋសភាចាស់

Share

នៅថ្ងៃទី៣០ ខែ មីនា ឆ្នាំ២០២៣ខាងមុខនេះជាខួបលើកទី២៦ឆ្នាំ នៃសោកនាដកម្មបំផ្ទុះគ្រាប់បែក៤គ្រាប់ នៅមុខអគារអតីតមន្ទីររដ្ឋសភា ដែលបានសម្លាប់បាតុករធ្វើបាតុកម្មអហិង្សានិងសន្ដិវិធី ចំនួន១៦នាក់ និងជាង២០០នាក់ផ្សេងទៀតរងរបួសធ្ងន់។ គណបក្សភ្លើងទៀន នឹងរៀបចំធ្វើពិធីបង្សុកូលនៅថ្ងៃនោះ ដើម្បីគោរពវិញ្ញាណក្ខន្ធដល់វីរបាតុករទាំងនោះ។

លោកឡាក់ ច័ន្ទតារា ជូននូវសេចក្ដីរាយការណ៍៖

គណបក្សភ្លើងទៀន ប្រកាសថានឹងរៀបចំពិធីបុណ្យបង្សុកូល ដើម្បីគោរពវិញ្ញាណក្ខន្ធបាតុករដែលបានបាត់បង់ជីវិត ដោយអំពើភេរវកម្មនៃការវាយប្រហារដោយគ្រាប់បែកចំនួន៤ គ្រាប់ ទៅលើបាតុករអហិង្សា និងសន្ដិវិធី ដែលឈរទាមទារឱ្យមានការកែទម្រង់ប្រព័ន្ធតុលាការ នៅមុខមន្ទីររដ្ឋសភា កាលពីថ្ងៃ៣០ ខែមីនា ឆ្នាំ១៩៩៧។

វិទ្យុស្ដ្រីមិនអាចទាក់ទងលោក ខៀវ សុភ័គ អ្នកនាំពាក្យក្រសួងមហាផ្ទៃ ដើម្បីសួរពីដំណើរការសំណុំរឿងនេះបានទេ នៅព្រឹកថ្ងៃនេះ។ តែយ៉ាងណាក្រសួងមហាផ្ទៃធ្លាប់បានលើកឡើងកាលពីពេលកន្លងទៅថា មិនទាន់បានបិទបញ្ចប់នៅឡើយទេ។

គួររម្លឹកដែរ កាលពីថ្ងៃទី៣០ ខែមីនា ឆ្នាំ១៩៩៧ មានជនមិនស្គាល់មុខមួយក្រុមបានវាយប្រហារដោយគ្រាប់បែកដៃចំនួន ៤ គ្រាប់ទៅលើហ្វូងបាតុករដឹកនាំដោយលោក សម រង្ស៊ី ដែលកាលនោះលោកមានតួនាទីជាប្រធានគណបក្សជាតិខ្មែរ បានដឹកនាំធ្វើបាតុកម្មក្នុងគោលបំណងទាមទារយុត្តិធម៌សង្គម លក្ខខណ្ឌការងាររបស់ក្រុមកម្មករ និងកែទម្រង់ប្រព័ន្ធតុលាការនៅមុខអតីតអគាររដ្ឋសភា។

អតីតគណបក្សសង្គ្រោះជាតិធ្លាប់បានលើកឡើងថា បើតាមរបាយការណ៍ស៊ើបអង្កេតរបស់ទីភ្នាក់ងារស៊ើបអង្កេត សហរដ្ឋអាមេរិក FBI បានបង្ហាញថា លោក ហ៊ីង ប៊ុនហៀង និងលោក ហ៊ុយ ពិសិដ្ឋ ដែលជាប្រធាន និងអនុប្រធានកងអង្គរក្សផ្ទាល់របស់សម្ដេច ហ៊ុន សែន គឺជាអ្នករៀបចំ និងបញ្ជាផ្ទាល់លើការវាយប្រហារនេះ។ បើយ៉ាងនេះក្ដី រាជរដ្ឋាភិបាលក៏ធ្លាប់បានច្រានចោលចំពោះ ការចោទថា ប្រកាន់នេះដែរ។

យ៉ាងណា គណបក្សភ្លើងទៀនថា ពិធីបង្សុកូលឆ្នាំ២០២៣នេះ នឹងធ្វើនៅបរិវេញស្ដូបវីរបាតុករមុខអតីតមន្ទីររដ្ឋសភា៕

 

Share

Image
Image
Image