en     km
en     km

ក្រសួងព័ត៌មានគ្រោងបញ្ជូនច្បាប់ស្ដីពីសិទ្ធិទទួលព័ត៌មាន ទៅគណៈរដ្ឋមន្ត្រី ក្រោយការពន្យាពេលជាច្រើនលើក

Share

ភ្នំពេញ៖ លោក ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានបញ្ជាក់ថា ក្រសួងព័ត៌មាន បានទទួលធ្វើការរៀបចំច្បាប់ស្តីពីសិទ្ធិទទួលព័ត៌មាន បានចប់រួចរាល់ និងបញ្ជូនទៅគណៈរដ្ឋមន្រ្តី ពិនិត្យលម្អិតបន្ថែម ព្រោះច្បាប់នេះធំ ហើយគ្របលើច្បាប់ទាំងអស់។ ការបញ្ជាក់បែបនេះរបស់រដ្ឋមន្ត្រីក្រសួងព័ត៌មាន ស្របពេលដែលសង្គមស៊ីវិលដែលតាមដាន និងចូលរួមក្នុងកិច្ចការនេះ បានរិះគន់ពីភាពយឺតយ៉ាវ ក្នុងការរៀបចំសេចក្ដីព្រាងច្បាប់នេះ ដែលតែងតែត្រូវបានពន្យាពេល រាប់ចាប់តាំងពីឆ្នាំ២០១៥មក។ លោក គីម ចាន់ចាវ រាយការណ៍

លោក ខៀវ កាញារីទ្ធ រួមជាមួយប្រតិភូក្រសួងព័ត៌មាន ដែលទទួល ផ្នែកជំនាញនីមួយៗ បានឆ្លើយតបចំពោះសំណួរនានាដែលគណៈកម្មការទី៥ នៃព្រឹទ្ធសភាព ដែលបានចោទសួរ ទៅលើកិច្ចការសំខាន់ៗរបស់ក្រសួង ដោយក្នុងនោះ សម្រាប់ដំណើរការរៀបចំច្បាប់ស្តីពីសិទ្ធិទទួលព័ត៌មាន ត្រូវបានក្រសួងព័ត៌មាន ទទួលធ្វើការរៀបចំបានចប់រួចរាល់ និងបញ្ជូនទៅគណៈរដ្ឋមន្រ្តី ពិនិត្យលម្អិតបន្ថែម ព្រោះច្បាប់នេះធំ ហើយគ្របលើច្បាប់ទាំងអស់។ លោករដ្ឋមន្រ្តី បានមានប្រសាសន៍បែបនេះ ក្នុងជំនួបពិភាក្សាការងាររវាងគណៈកម្មការកិច្ចការបរទេស សហប្រតិបត្តិការអន្តរជាតិ ឃោសនាការ និង ព័ត៌មាននៃព្រឹទ្ធសភា ដឹកនាំដោយ លោកស្រី ទី បូរ៉ាស៊ី ប្រធានគណៈកម្មការទី៥ ព្រឹទ្ធសភា ជាមួយ ក្រសួងព័ត៌មាន កាលពីថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៣ នៅសាលសិក្ខាសាលាបណ្ណាល័យព្រឹទ្ធសភា។ជាមួយគ្នានេះ រដ្ឋមន្ត្រីក្រសួងព័ត៌មាន បញ្ជាក់ដល់មជ្ឈដ្ឋានមួយចំនួនកុំមានការ យល់ច្រឡំថា ច្បាប់នេះ គឺសម្រាប់តែសារព័ត៌មានផ្សាយកាសែតនោះ គឺសម្រាប់ប្រជាពលរដ្ឋទាំងអស់តែម្តង។

ម្ដងជាពីរដង រដ្ឋាភិបាលតែង ខកខាន​មិនបាន​អនុម័ត​សេចក្តីព្រាងច្បាប់​ស្តីពីសិទ្ធិទទួល​ព័ត៌មាន​ដែលបានពន្យាពេលយូរមក​ហើយ​នោះ បើទោះបីជា​សម្តេច​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន​ ធ្លាប់សន្យាថាសេចក្តីព្រាងច្បាប់នេះនឹងត្រូវ​អនុម័ត​តាំងពី​ ​ឆ្នាំ​២០២០​ក៏ដោយ​។ ប៉ុន្តែក្រោយមក គឺនៅក្នុងជំនួបជាមួយអ្នកសារព័ត៌មាន ក្នុងអំឡុងខែមករា ឆ្នាំ២០២៣ សម្តេច ហ៊ុន សែន បានប្តេជ្ញាថា នឹងអនុម័តច្បាប់នេះ ក្នុងឆ្នាំ២០២៤ ឬ២០២៥យ៉ាងយូរ។

លោក ឡាំ សុជាតិ នាយកប្រតិបត្តិវិទ្យាស្ថានតស៊ូ មតិ និងគោលនយោបាយ (API) បានប្រាប់វិទ្យុស្ត្រីនៅរសៀលថ្ងៃទី២៤ ខែមីនានេះថា ច្បាប់នេះបានរៀបចំបញ្ចប់តាំងពីឆ្នាំ២០១៨ ហើយក្រុមអង្គការសង្គមស៊ីវិលបានផ្ដល់ធាតុចូលម្ដងជាពីរដងលើកង្វះខាត ប៉ុន្តែធាតុចូលដែលពួកគេបានផ្ដល់ចុងក្រោយនេះមិនទាន់បានឃើញថាក្រសួងរាប់បញ្ចូលយ៉ាងណានៅឡើយទេ មិនមែនបញ្ជូនច្បាប់នេះទៅគណៈរដ្ឋមន្ត្រី។

«ខាងក្រសួងព័ត៌មានយើងបានផ្ដល់ធាតុចូលម្ដងជាពីរ ទៅលើអាVersion ក្រោយៗគាត់ទៀតដែលវាមានចំណុចខ្វះខាតមួយចំនួនដែលអង្គការសង្គមស៊ីវិល និងយុវជន ទាមទារឱ្យកែលម្អអីហ្នឹងហាស៎។​ ហើយក៏មានការជួបទទួលស្ដាប់ធាតុចូលរបស់យើងពីរដងដែរ ហើយធាតុចូលយើងក៏គាត់យកទៅពិនិត្យដែរ ប៉ុន្តែយើងសុំអាច្បាប់Versionចុងក្រោយពីក្រសួងគាត់អត់ឱ្យ យើងទៅសុំពីរដងហើយ។ ចឹងគាត់ថាគាត់គ្រោងនឹងផ្ញើរទៅគណៈរដ្ឋមន្ត្រី ហើយមិនដឹងអាVersionចុងក្រោយ បញ្ចូលធាតុចូលរបស់សង្គមស៊ីវិលទាមទារឱ្យកែលម្អប៉ុណ្ណា យើងអត់ដឹង ហើយគាត់ថាគ្រោងផ្ញើរទៅគណៈរដ្ឋមន្ត្រីហ្នឹង គ្រោងៗហ្នឹងពីរឬបីឆ្នាំហើយ អត់ទាន់ផ្ញើរទៅជាផ្លូវការ»។

លោក ឡាំ សុជាតិ ក៏បានពន្យល់ពីភាពសំខាន់នៃច្បាប់ស្ដីពីសិទ្ធិទទួល​ព័ត៌មាននេះថា នឹងអាចជួយឱ្យអ្នកសារព័ត៌មាន និងពលរដ្ឋទូទៅមានសិទ្ធិក្នុងការទាមទារ ព័ត៌មានចាំបាច់ក្នុងការបំពេញមុខងារ ឬមុខរបរចិញ្ចឹមជីវិត និងគម្រោងអភិវឌ្ឍនានាប្រកបដោយតម្លាភាព។

«ដូចបងអ្នកកាសែត បើបងសុំព័ត៌មានពីរដ្ឋ រដ្ឋអត់ឱ្យ បងបានព័ត៌មានអីទៅសរសេរគ្រប់ជ្រុងជ្រោយ? ប្រជាជនដូចគ្នាប្រសិនបើគាត់ចង់សុំព័ត៌មានទាក់ទងនឹង ចំណូលចំណាយរបស់រដ្ឋ គម្រោងអភិវឌ្ឍ គម្រោងវិនិយាគរបស់រដ្ឋ របស់ឯកជន និងអាជីវកម្មពាក់ព័ន្ធនឹងគាត់ ហើយបើរដ្ឋអត់ឱ្យគាត់ប៉ះពាល់សិទ្ធិ និងជីវភាពរស់នៅប្រចាំថ្ងៃគាត់ចឹងហាស…»។

ជារួមសេចក្តី​ព្រាងច្បាប់​នេះ ​មាន​បំណង​អនុញ្ញាតឲ្យ​សាធារណៈជន​ទទួល​បានរបាយ​ការណ៍​និង​​ឯកសារ​របស់​រដ្ឋ​។ ទន្ទឹមនឹងច្បាប់នេះលោក ខៀវ កាញារីទ្ធ បញ្ចាក់ថា ក្រសួងព័ត៌មាន ក៏គ្រោងធ្វើវិសោធនកម្មច្បាប់ស្តីពីរបបសារព័ត៌មាន ក្រោយហេតុផលថាដើម្បីធ្វើយ៉ាងណាឱ្យស្ថាប័ន សារព័ត៌មាន និងអ្នកសារព័ត៌មាន កាន់តែមានវិជ្ជាជីវៈ ក្រមសីលធម៌ និងការអនុវត្តន៍ច្បាប់កាន់តែល្អ ប្រសើរបន្ថែមទៀត៕

 

Share

ព័ត៌មានទាក់ទង

Image