នៅអំឡុងខែមេសាខាងមុខ កម្ពុជានឹងប្រកាសឱ្យប្រើប្រាស់របាយការណ៍អង្កេតប្រជាសាស្ត្រ និងសុខភាពឆ្នាំ២០២១-២០២២ ដែលផ្កោតលើករណីរបស់ស្ដ្រី ក្រោយប្រមូលព័ត៌មានបានពីការអង្កេតប្រជាសាស្ត្រ និងសុខភាព។ នេះបើយោងទៅតាមក្រុមប្រឹក្សាស្ថិតិនៃក្រសួងផែនការ តាមរយៈលោក នេត្រ ភក្ដ្រា រដ្ឋលេខាធិការ និងជាសមាជិកមួយរូបនៃក្រុមប្រឹក្សាស្ថិតិ ពីក្រសួងបរិស្ថាន នៅថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៣នេះ។
ប្រភពពីសមាជិកក្រុមប្រឹក្សាស្ថិតិនេះបានឱ្យដឹងបន្ថែមថា មូលដ្ឋានសូចនាករប្រជាសាស្រ្ត និងសុខភាព នៅឆ្នាំ ២០២១-២០២២ បានប្រមូលព័ត៌មានស្តីពីលទ្ធភាពមានកូនរបស់ស្រ្តី ផែនការគ្រួសារ ការអនុវត្តការបំបៅកូនដោយទឹកដោះម្តាយ ស្ថានភាពអាហារូបត្ថម្ភរបស់ស្ត្រី និងកុមារ សុខភាពមាតា និងកុមារ អត្រាមរណភាពពេញវ័យ និងកុមារ។
ក្រៅពីនេះ ការពង្រឹងសិទ្ធិអំណាចអោយស្ត្រី អំពើហិង្សាក្នុងគ្រួសារ ការយល់ដឹង និងអាកប្បកិរិយាទាក់ទងនឹងមេរោគអេដស៍ និងជំងឺអេដស៍ និងជំងឺកាមរោគផ្សេងៗ និងបញ្ហាសុខភាពផ្សេងទៀត ដូចជាការជក់បារីជាដើម ក៏សមាជិកក្រុមប្រឹក្សាស្ថិតិថា នឹងត្រូវបានប្រកាសឱ្យប្រើប្រាស់ផងដែរ។
ការប្រកាសឱ្យប្រើប្រាស់របាយការណ៍ប្រជាសាស្ដ្រ និងសុខភាពនេះជាពិសេសទាក់ទងដល់អំពើហិង្សាលើស្ដ្រីក្នុងគ្រួសារដែលជាអ្នកជិតស្និតលើស្ដ្រីនេះ ធ្វើឡើងក្រោយសង្គមស៊ីវិលធ្លាប់បានលើកឡើងថា អាជ្ញាធរមានសមត្ថកិច្ចនៅមានចំណុចខ្វះខាតនូវឡើយចំពោះបញ្ហាហិង្សានេះ និងស្នើឱ្យពង្រឹកបន្ថែមចំពោះវិធានការលើបញ្ហាដែលកើតមានឡើង។
យ៉ាងណាកាលពីទិវាអន្ដរជាតិនារី ៨មីនា ទាំងក្រសួងកិច្ចការនារី និងសង្គមស៊ីវិលធ្វើការលើយែនឌ័រ បានលើកឡើងដូចគ្នា ថាអំពើហិង្សាលើស្ដ្រីនៅតែជាបញ្ហាប្រឈម។
ចំណែកការពង្រឹងអំណាចដល់ស្ដ្រី នាពេលថ្មីៗនេះ រាជរដ្ឋាភិបាលបានលើកឡើងជាម្ដងពីរដង ឱ្យស្នើបេក្ខភាពស្ដ្រីដើម្បីឡើងតំណែង តែមិនថាថ្នាក់ជាតិ ឬថ្នាក់ក្រោយជាតិ ដាក់បេក្ខភាពសុទ្ធតែជាបុរស ធ្វើឱ្យការអនុវត្តលើយែនឌ័រមានតែការនិយាយចេញពីមាត់ តែគ្មានការអនុវត្តជាក់។ នេះបើយោងតាមប្រសាសន៍នាយករដ្ឋមន្ដ្រី សម្ដេច ហ៊ុន សែនកន្លងមក។
ទោះបីជារបាយការណ៍ប្រជាសាស្ដ្រ និងសុខភាព២០២១-២០២២ នឹងត្រូវប្រកាសឱ្យប្រើប្រាស់នាខែមេសាខាងមុខក៏ដោយ សង្គមស៊ីវិលធ្លាប់បានស្នើការអនុវត្តដោយតម្លាភាពដោយគ្មានការរើសអើងបក្សពួកឡើយ៕