en     km
en     km

កងទ័ពជើងទឹកអាមេរិកនិយាយថា អ៊ីរ៉ង់បានរឹបអូសកប៉ាល់ដឹកប្រេងមួយនៅឈូងសមុទ្រអូម៉ង់

Share

កងទ័ពជើងទឹកអាមេរិកបាននិយាយនៅថ្ងៃព្រហស្បតិ៍ ទី២៧ ខែមេសា ឆ្នាំ២០២៣នេះថា អ៊ីរ៉ង់បានរឹបអូសកប៉ាល់ដឹកប្រេងដែលមានទង់ជាតិកោះ Marshall នៅឈូងសមុទ្រអូម៉ង់ ក្នុងដែនទឹកអន្តរជាតិកាលពីថ្ងៃព្រហស្បតិ៍ ដែលជាការរឹបអូសកប៉ាល់ចុងក្រោយបំផុតរបស់អ៊ីរ៉ង់ចាប់តាំងពីឆ្នាំ២០១៩។

ប្រព័ន្ធផ្សព្វផ្សាយរដ្ឋអ៊ីរ៉ង់បានរាយការណ៍ថា កងទ័ពអ៊ីរ៉ង់បានរឹបអូសកប៉ាល់ដឹកប្រេងដែលមានទង់ជាតិកោះ Marshall នៅឈូងសមុទ្រអូម៉ង់ បន្ទាប់ពីវាបានបុកជាមួយទូកអ៊ីរ៉ង់ បណ្តាលឲ្យនាវិកជាច្រើននាក់រងរបួស។សេចក្តីថ្លែងការណ៍របស់កងទ័ពអ៊ីរ៉ង់បានថ្លែងថា “នាវិកពីរនាក់បានបាត់ខ្លួន និងជាច្រើននាក់បានរងរបួសដោយសារតែការបុកគ្នានៃកប៉ាល់ដឹកប្រេង” ។

កងទ័ពជើងទឹកអាមេរិកបានកំណត់អត្តសញ្ញាណនាវាដឹកប្រេងមានឈ្មោះថាAdvantage Sweet។ យោង​​តាមទិន្នន័យតាមដានកប៉ាល់ Refinitiv បានឱ្យដឹងថានាវាដឹកប្រេងនេះត្រូវបានជួលដោយក្រុមហ៊ុនប្រេង Chevron (CVX.N) ហើយបានចូលចតចុងក្រោយនៅប្រទេសគុយវ៉ែត។

អ្នកនាំពាក្យក្រុមហ៊ុន Chevron បាននិយាយថាខ្លួនបានដឹងពីស្ថានភាពដែលពាក់ព័ន្ធនឹងនាវា Advantage Sweet ហើយកំពុង “ទាក់ទងជាមួយប្រតិបត្តិករនាវា ជាមួយក្ដីសង្ឃឹមក្នុងការដោះស្រាយស្ថានភាពនេះឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន” ។

ទិន្នន័យតាមដានកប៉ាល់បានបង្ហាញថានាវានេះនឹងចូលចតនៅកំពង់ផែ Houston សហរដ្ឋអាមេរិក។អ្នកគ្រប់គ្រងរបស់នាវាដែលមានមូលដ្ឋាននៅប្រទេសទួរគីមិនបានឆ្លើយតបភ្លាមៗចំពោះសំណើសុំការអត្ថាធិប្បាយទេ។ដោយឡែកអ្នកគ្រប់គ្រងដែនសមុទ្រ Marshall Islands បាននិយាយថា ខ្លួនបានដឹងអំពីព័ត៌មាននេះ និងកំពុងទាក់ទងជាមួយម្ចាស់នាវា ប៉ុន្តែបដិសេធមិនធ្វើអត្ថាធិប្បាយបន្ថែម។

កងទ័ពជើងទឹកអាមេរិកបាននិយាយថា “ការបន្តការយាយីរបស់អ៊ីរ៉ង់ចំពោះនាវា និងការជ្រៀតជ្រែកលើសិទ្ធិធ្វើនាវាចរណ៍នៅក្នុងដែនទឹកក្នុងតំបន់ គឺជាការគំរាមកំហែងដល់សន្តិសុខដែនសមុទ្រ និងសេដ្ឋកិច្ចពិភពលោក” ដោយបន្ថែមថា អ៊ីរ៉ង់បានរឹបអូសនាវាពាណិជ្ជកម្មយ៉ាងតិចចំនួន៥ គ្រឿងដោយខុសច្បាប់ក្នុងរយៈពេលពីរឆ្នាំចុងក្រោយនេះនៅមជ្ឈិមបូព៌ា។

កងទ័ពជើងទឹកសហរដ្ឋអាមេរិកបានបន្ថែមថា បន្ទាប់ពីបានបញ្ជូនយន្តហោះល្បាតដែនសមុទ្រដើម្បីតាមដានស្ថានភាពបានឱ្យដឹងថា ” កងទ័ពជើងទឹកអ៊ីរ៉ង់ជាអ្នករឹបអូសកប៉ាល់ដឹកប្រេងនេះ” ។

អាជ្ញាធរ​អ៊ីរ៉ង់​មិន​បាន​ឆ្លើយ​តប​ភ្លាមៗ​ចំពោះ​សំណើ​របស់​រ៉យទ័រ​សុំ​ការ​អត្ថាធិប្បាយ​ទេ។យោងតាមទិន្នន័យពីក្រុមហ៊ុនវិភាគ Vortexa បានឱ្យដឹងថា ប្រហែលមួយភាគប្រាំនៃផលិតផលប្រេងឆៅ និងប្រេងរបស់ពិភពលោកត្រូវដឹកឆ្លងកាត់ច្រកសមុទ្រ Hormuz ដែលជាច្រកតូចចង្អៀតរវាងអ៊ីរ៉ង់ និងអូម៉ង់ ដែលជាច្រកកប៉ាល់ដឹកប្រេងឈ្មោះAdvantage Sweetបានឆ្លងកាត់ដែរ៕

Share

ព័ត៌មានទាក់ទង

Image