en     km
en     km

ស្ត្រី​ថៃម្នាក់​ត្រូវ​​ចោទប្រកាន់ថាបាន​សម្លាប់​មិត្ត​ភក្តិ​១២​នាក់​ដោយ​ថ្នាំពុល

Share

ប៉ូលិសថៃបាននិយាយថាបានចាប់ខ្លួនស្ត្រីម្នាក់ដែលសង្ស័យថាបានសម្លាប់មិត្តភក្តិចំនួន១២ នាក់ ដោយ​ប្រើធាតុបំពុលស៊ីយ៉ានីត(cyanide)។អ្នកនាង Sararat Rangsiwuthaporn ត្រូវ​បាន​ចាប់​ខ្លួន​ក្នុង​ទីក្រុង​បាងកក​កាល​ពី​ថ្ងៃ​អង្គារ​ទី២៥ មេសា ឆ្នាំ២០២៣ បន្ទាប់​ពី​បាន​សាកសួរ​អំពី​ការ​ស្លាប់​មិត្ត​ភក្តិ​។

ក្រុម​គ្រួសារ​នារី​រង​គ្រោះ​ម្នាក់បាន​ដាក់​ការ​សង្ស័យ​ បន្ទាប់​ពី​ជនរងគ្រោះបាន​ស្លាប់​នៅពេលធ្វើដំណើរកម្សាន្ត​​ជាមួយ​ជនសង្ស័យ​កាល​ពី​ដើម​ខែមេសា​នេះ។បន្ទាប់ពីប៉ូលីសបានសាកសួរក្នុងសប្តាហ៍នេះ ពួកគេជឿថាអ្នកនាងSararat បានសម្លាប់មនុស្ស ១១នាក់ផ្សេងទៀតរួមទាំងអតីតមិត្តប្រុសម្នាក់ផងដែរ។

ប៉ូលិស​មានការសង្ស័យថា​នាង​សម្លាប់​មិត្តភក្តិប្លន់យករបស់របរ លុយកាក់។ទោះយ៉ាងណាអ្នកនាងសារ៉ាត់​បាន​បដិសេធ​រាល់​ការ​ចោទ​ប្រកាន់ទាំងនេះ។ អាជ្ញាធរថៃបានបដិសេធការធានានាងឱ្យនៅក្រៅឃុំ។

ប៉ូលិសបាននិយាយថា កាលពី២សប្តាហ៍មុន ជនសង្ស័យបានធ្វើដំណើរជាមួយមិត្តទៅកាន់ខេត្ត Ratchaburi ភាគខាងលិចទីក្រុងបាងកក ដើម្បីចូលរួមក្នុងពិធីបុណ្យព្រះពុទ្ធសាសនានៅទន្លេមួយ។មួយសន្ទុះក្រោយមក មិត្តភ័ក្តិរបស់ជនសង្ស័យឈ្មោះSiriporn Khanwong បានដួលហើយស្លាប់នៅមាត់ទន្លេ។

ប៉ូលីសបាននិយាយថាការធ្វើកោសល្យវិច័យសាកសពបានរកឃើញសារធាតុពុល Cyanide នៅក្នុងខ្លួនជនរងគ្រោះ។ ទូរស័ព្ទ លុយ និងកាបូបរបស់ជនរងគ្រោះក៏បានបាត់ដែរ នៅពេលគេរកឃើញសាកសព។

អាជ្ញាធរ​បាន​និយាយ​ថា ជន​រង​គ្រោះ​ផ្សេង​ទៀត​បាន​ស្លាប់​ក្នុង​លក្ខណៈ​ស្រដៀង​គ្នា​នេះ​ដែរ ប៉ុន្តែ​មិន​បាន​បង្ហាញ​ព័ត៌មាន​បន្ថែម​ឡើយ។ ពួកគេបាននិយាយថា ឃាតកម្មបានចាប់ផ្តើមតាំងពីឆ្នាំ ២០២០មកម្លេះ។

ពួកគេ​ក៏​មិន​បាន​កំណត់​អត្តសញ្ញាណ​ជនរងគ្រោះ​ទាំងអស់​ដែរ ប៉ុន្តែដឹងថាជនរងគ្រោះម្នាក់ជា​អតីត​មិត្តប្រុស​របស់​ជនសង្ស័យ។សារព័ត៌មាន​ថៃ​បាន​រាយការណ៍​ថា អ្នក​ទាំង​ពីរ​បាន​បែក​គ្នា​កាល​ពី​ពេល​ថ្មីៗ​នេះ។

ប៉ូលីសបាននិយាយថាអ្នកនាង Sararat ស្គាល់ជនរងគ្រោះទាំងអស់ ហើយប្រហែលជានាងសម្លាប់អ្នកទាំងនោះដើម្បីយកទ្រព្យសម្បត្តិ លុយកាក់។

ប៉ូលីសបាននិយាយថា ជនរងគ្រោះជាមិត្តភ័ក្តិម្នាក់បានឱ្យអ្នកនាងសារ៉ាត់ជាជនសង្ស័យខ្ចីប្រាក់ចំនួន ២៥ម៉ឺនបាត ប្រហាក់ប្រហែលនឹង $៧.៣០០។ ស្ត្រីជាជនរងគ្រោះ​បាន​ក្អួត និង​ដួល​សន្លប់​បន្ទាប់​ពី​បាន​ទទួលអាហារ​​ថ្ងៃត្រង់​ជាមួយជនសង្ស័យ ប៉ុន្តែ​បានសង្គ្រោះឱ្យ​រួច​ជីវិត។ប៉ូលីសបាននិយាយទៀតថា សាច់ញាតិជនរងគ្រោះក៏បានរាយការណ៍ថាបាត់គ្រឿងអលង្ការ និងលុយផងដែរ។មន្ត្រី​បាន​បញ្ជាក់​ថា ការ​ប្រមូល​ភស្តុតាង​អាច​ជួបការលំបាក ដោយសារសាកសពមួយចំនួនត្រូវបានបូជារួចហើយ។

សារធាតុពុល Cyanide អាចរកឃើញនៅក្នុងសាកសពជាច្រើនខែបន្ទាប់ពីការស្លាប់ ប្រសិនបើបរិមាណប្រើប្រាស់ច្រើន។សារធាតុពុលនេះធ្វើឱ្យកោសិកាក្នុងរាងកាយមនុស្សខ្វះអុកស៊ីហ្សែន ដែលអាចបណ្តាលឱ្យគាំងបេះដូង។ រោគសញ្ញាដំបូងរួមមាន វិលមុខ ដកដង្ហើមខ្លី និងក្អួត។ការប្រើប្រាស់សារធាតុនេះនៅក្នុងប្រទេសថៃត្រូវបានគ្រប់គ្រងយ៉ាងតឹងរ៉ឹង ហើយអ្នកដែលប្រើប្រាស់វាដោយគ្មានការអនុញ្ញាតត្រូវប្រឈមនឹងការជាប់ពន្ធនាគាររយៈពេលពីរឆ្នាំ៕

 

Share

Image
Image
Image