en     km
en     km

ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិថ្កោលទោសក្រុមតាលីបង់ដែលបង្រ្កាបលើស្ត្រីអាហ្វហ្គានីស្ថាន

Share

យោងតាម Reuters ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិគ្រោងនឹងបោះឆ្នោតនៅថ្ងៃព្រហស្បតិ៍ទី២៧ មេសា ឆ្នាំ ២០២៣ ដើម្បីថ្កោលទោសក្រុមតាលីបង់ដែលហាមស្ត្រីអាហ្វហ្គានីស្ថានមិនឱ្យធ្វើការឱ្យអង្គការសហប្រជាជាតិនៅក្នុងប្រទេសអាហ្វហ្គានីស្ថានហើយអំពាវនាវឱ្យរដ្ឋបាលតាលីបង់ “កែប្រែបម្រាមនេះឱ្យបានឆាប់”។

សេចក្ដីសម្រេចដែលត្រូវបោះឆ្នោតនាពេលនេះត្រូវបានព្រាងដោយ ប្រទេសអារ៉ាប់រួម និងជប៉ុន បានហៅការហាមឃាត់នេះថាជា “រឿងមិនធ្លាប់មានពីមុនមកក្នុងប្រវត្តិសាស្ត្ររបស់អង្គការសហប្រជាជាតិ” និងអះអាង ” តួនាទីស្រ្តីមិនអាចខ្វះបាននៅក្នុងសង្គមអាហ្វហ្គានីស្ថាន” ។

អ្នកការទូតបាននិយាយថា ញត្តិថ្កោលទោសនេះគេរំពឹងថានឹងត្រូវបានអនុម័ត។ សេចក្តីព្រាងសេចក្តីសម្រេចបានចែងថា ការហាមប្រាមស្ត្រីអាហ្វហ្គានីស្ថានធ្វើការឱ្យអង្គការសហប្រជាជាតិ “ធ្វើឱ្យខូចសិទ្ធិមនុស្ស និងគោលការណ៍មនុស្សធម៌”។

ឯកអគ្គរដ្ឋទូតរបស់អារ៉ាប់រួមប្រចាំអង្គការសហប្រជាជាតិ លោកស្រី Lana Nusseibeh បាននិយាយថា ការរឹតបន្តឹងនេះ “អាចបង្កផលប៉ះពាល់ដល់ប្រតិបត្តិការរបស់អង្គការសហប្រជាជាតិ នៅក្នុងប្រទេសអាហ្វហ្គានីស្ថានទាំងមូល” ក្រុមប្រឹក្សាសន្តិសុខមិនអាចនៅស្ងៀមបានទេ។លោក​ស្រី​បាន​បន្ត​ថា​៖ «​បញ្ហា​ប្រឈម​ក្នុង​ប្រទេស​អាហ្វហ្គានីស្ថាន​មាន​លក្ខណៈ​ចម្រុះ ហើយ​ក៏​ត្រូវ​តែ​ដោះ​ស្រាយ​ផង​ដែរ»។ «​ប៉ុន្តែ​អ្វី​ដែល​ច្បាស់​នោះ​គឺ​ថា បើ​គ្មាន​ស្ត្រី​ទេ ស្ថានការណ៍​ដ៏​អាក្រក់​ក្នុង​ប្រទេសនេះ​មិន​អាច​​ដោះស្រាយ​ដោយ​និរន្តរភាព​ឡើយ​»​។

កាលពីដើមខែនេះ ក្រុមតាលីបង់បានចាប់ផ្តើមហាមឃាត់ស្ត្រីអាហ្វហ្គានីស្ថានធ្វើការឱ្យអង្គការសហប្រជាជាតិ បន្ទាប់ពីបានបញ្ឈប់បុគ្គលិកស្ត្រីភាគច្រើនដែលធ្វើការឱ្យអង្គការជំនួយមនុស្សធម៌ក្នុងខែធ្នូ។ ចាប់តាំងពីការដួលរំលំរដ្ឋាភិបាលដែលគាំទ្រដោយលោកខាងលិចក្នុងឆ្នាំ ២០២១ ពួកគេក៏បានរឹតបន្តឹងលើស្ត្រី រួមទាំងការរារាំងស្ត្រីមិនឱ្យរៀននៅសាកលវិទ្យាល័យ និងហាមក្មេងស្រីរៀននៅវិទ្យាល័យផងដែរ។ពួក​តាលីបង់​និយាយ​ថា​ខ្លួន​គោរព​សិទ្ធិ​ស្ត្រី​ដោយ​យោង​តាម​ការ​បកស្រាយ​ច្បាប់​អ៊ិស្លាម។ មន្ត្រី​តាលីបង់​បាន​និយាយ​ថា ការ​សម្រេច​ចិត្តហាមប្រាមស្រ្តីនៅពេលនេះគឺ​ជា “បញ្ហា​ផ្ទៃ​ក្នុង”។

 

Share

Image
Image
Image