វ៉ាស៊ីនតោន៖ ក្រុមតាលីបង់បានសម្លាប់”មេក្លោង”ក្រុមសកម្មប្រយុទ្ធរដ្ឋឥស្លាម ដែលបានវាយប្រហារអត្តឃាតនៅអាកាសយានដ្ឋានអន្តរជាតិក្រុងកាប៊ុល ក្នុងឆ្នាំ ២០២១ ដែលបានសម្លាប់ទាហានអាមេរិកចំនួន ១៣ នាក់ និងជនស៊ីវិលជាច្រើននាក់។
អ្នកនាំពាក្យសេតវិមានលោក John Kirby បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា “ម្នាក់នោះគឺជាមន្ត្រីសំខាន់របស់ក្រុមISISដែលជាប់ពាក់ព័ន្ធដោយផ្ទាល់នៅក្នុងប្រតិបត្តិការផែនការ Abbey Gate ហើយឥឡូវនេះ គាត់មិនអាចរៀបចំផែនការវាយប្រហារបានទៀតទេ”។ លោក John Kirby មិនបានប្រាប់ពីពេលវេលា និងឈ្មោះមេក្លោងISISដែលត្រូវបានសម្លាប់នោះទេ។
សម្ព័ន្ធក្រុមរដ្ឋអ៊ីស្លាម អាហ្វហ្គានីស្ថាន ដែលត្រូវបានគេស្គាល់ថាជារដ្ឋអ៊ីស្លាម Khorasan ឬ ISIS-K គឺជាសត្រូវរបស់ពួកតាលីបង់។ ក្រុមអ្នកប្រយុទ្ធរដ្ឋអ៊ីស្លាមបានបង្ហាញខ្លួនជាលើកដំបូងនៅភាគខាងកើតប្រទេសអាហ្វហ្គានីស្ថាននៅក្នុងឆ្នាំ ២០១៤ ហើយក្រោយមកបានចូលទៅក្នុងតំបន់ផ្សេងទៀត។
ការវាយប្រហារបានកើតឡើងប្រហែលម៉ោង ៦ល្ងាច ម៉ោងក្នុងស្រុក ថ្ងៃទី ២៦ ខែសីហា ឆ្នាំ ២០២១ នៅច្រក Abbey នៃអាកាសយានដ្ឋាន។កាលនោះមានហ្វូងមនុស្សយ៉ាងច្រើនបានប្រមូលផ្តុំគ្នានៅកន្លែងកើតហេតុនោះ ដើម្បីរកវិធីភៀសខ្លួនទៅក្រៅប្រទេស នៅពេលដែលទាហានអាមេរិកបានដកខ្លួនចេញពីប្រទេសអាហ្វហ្គានីស្ថាន។
ពេលនោះរដ្ឋាភិបាលអង់គ្លេសបានបញ្ជាក់ថា ក្នុងចំណោមអ្នកស្លាប់មានជនជាតិអង់គ្លេស៣នាក់។
ប៉ុន្មានថ្ងៃក្រោយមកអាមេរិកបានបើកការវាយប្រហារដោយយន្តហោះគ្មានមនុស្សបើកនៅទីក្រុងកាប៊ុល ដោយនិយាយថា ខ្លួនបានកំណត់គោលដៅទៅលើអ្នកបំផ្ទុះគ្រាប់បែកអត្តឃាត ប៉ុន្តែបានសម្លាប់ជនស៊ីវិល ១០នាក់ ក្នុងនោះមានកុមារ៧នាក់ផងដែរ។