ទីភ្នាក់ងារព័ត៌មាន Reuters បានចុះផ្សាយថា តុលាការកំពូលប្រទេសមីយ៉ាន់ម៉ា ដែលគ្រប់គ្រងដោយយោធា នឹងបើកសវនាការលើបណ្តឹងសាទុក្ខរបស់លោកស្រី Aung San Suu Kyi ពីបទពុករលួយ និងការរំលោភលើច្បាប់បោះឆ្នោត និងច្បាប់កិច្ចការសម្ងាត់របស់រដ្ឋ។
ម្ចាស់ជ័យលាភីរង្វាន់ណូបែលវ័យ៧៧ឆ្នាំរូបនេះកំពុងជាប់ពន្ធនាគារ៣៣ឆ្នាំ ក្នុងសំណុំរឿងជាច្រើនដែលលោកស្រី ស៊ូជី បានហៅការកាត់ក្ដីនេះថាមិនសមហេតុផល ហើយសម្ព័ន្ធមិត្តលោកស្រីបាននិយាយថាការកាត់ទោសដែលធ្វើឡើងដោយរបបយោធា គឺដើម្បីបញ្ជប់អាជីពនយោបាយរបស់លោកស្រី។
គណបក្សសម្ព័ន្ធជាតិដើម្បីប្រជាធិបតេយ្យ (NLD) របស់លោកស្រី ស៊ូជី បានឈ្នះការបោះឆ្នោតភ្លូកទឹកភ្លូកដីជាថ្មីក្នុងការបោះឆ្នោតនៅខែវិច្ឆិកា ឆ្នាំ ២០២០ ប៉ុន្តែកងទ័ពបានចាប់ខ្លួនលោកស្រី បីខែបន្ទាប់ក្នុងព្រឹត្តិការណ៍រដ្ឋប្រហារ។
ប្រភពដែលមិនបញ្ចេញឈ្មោះ បាននិយាយថាមិនមានកាលបរិច្ឆេទច្បាស់លាស់អំពីសវនាការតុលាការកំពូលលើបណ្តឹងរបស់លោកស្រីស៊ូជី និងលោក Win Myint អតីតប្រធានាធិបតីភូមានោះទេ។ប្រភពដដែលបន្តថា៖ «ថ្ងៃនេះចៅក្រមបានទទួលយកសំណើដើម្បីស្តាប់បណ្តឹងរបស់លោកស្រីសូជីចំនួន៧ករណី។
អ្នកស្រី ស៊ូជី ដែលបានទទួលការអប់រំនៅសកលវិទ្យាល័យ Oxford បានចំណាយពេលស្ទើរពេញមួយជីវិតនៅឃុំដែលធ្វើដោយរដ្ឋាភិបាលយោធា ហើយបច្ចុប្បន្នលោកស្រីកំពុងត្រូវបានឃុំខ្លួននៅក្នុងពន្ធនាគារក្នុងរដ្ឋធានី Naypyitaw។
លោកស្រីបានដឹកនាំប្រទេសមីយ៉ាន់ម៉ារយៈពេល ៥ឆ្នាំចាប់ពីឆ្នាំ ២០១៥ បន្ទាប់ពីប្រទេសនេះបានបញ្ចប់ការគ្រប់គ្រងដោយរបបយោធារយៈពេល ៤៩ ឆ្នាំនៅឆ្នាំ២០១១។របបយោធាមីយ៉ាន់ម៉ាគ្រោងនឹងរៀបចំការបោះឆ្នោតឡើងវិញ ប៉ុន្តែកាលពីខែមុនបានរំលាយគណបក្ស NLD និងគណបក្សជាច្រើនទៀត បន្ទាប់ពីគណបក្សទាំងនោះមិនបានបំពេញបែបបទចុះឈ្មោះគណបក្សតាមការកំណត់របស់ក្រុមយោធា។ គណបក្សរបស់កងទ័ពមីយ៉ាន់ម៉ាត្រូវគេរំពឹងថានឹងគ្រប់គ្រងការបោះឆ្នោតនាពេលខាងមុខ៕