en     km
en     km

យ៉ាងហោចណាស់មនុស្ស ៧៨ នាក់បានរត់ជាន់គ្នាស្លាប់នៅក្នុងរដ្ឋធានីយេម៉ែន

Share

ប្រព័ន្ធផ្សព្វផ្សាយផ្លូវការក្រុម Houthi និងសាក្សីបាននិយាយនៅព្រឹកថ្ងៃព្រហស្បតិ៍ទី ២០ ខែមេសា ថាយ៉ាងហោចណាស់មានមនុស្ស ៧៨ នាក់បានស្លាប់ដោយសារការរត់ជាន់គ្នាក្នុងរដ្ឋធានី Sanaa ប្រទេសយេម៉ែន នៅក្នុងកម្មវិធីជួបជុំគ្នាក្នុងសាលារៀនមួយដើម្បីទទួលអំណោយ៩ ដុល្លារសហរដ្ឋអាមេរិកសម្រាប់មនុស្សម្នាក់ៗ។

ទូរទស្សន៍ Al Masirah ដែលជាសារព័ត៌មានគ្រប់គ្រងដោយចលនា Houthi បាននិយាយថាក្រៅពីអ្នកស្លាប់មានមនុស្សជាច្រើននាក់បានរងរបួសក្នុងនោះមាន១៣ នាក់រងរបួសធ្ងន់ធ្ងរ។អ្នកនាំពាក្យក្រសួងមហាផ្ទៃដែលគ្រប់គ្រងដោយក្រុមហ៊ូធីបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ការរត់ជាន់គ្នាបានកើតឡើងក្នុងអំឡុងពេលចែកអំណោយសប្បុរសធម៌នៅក្នុងថ្ងៃចុងក្រោយនៃបុណ្យរ៉ាម៉ាដាន។

សាក្សីពីរនាក់ដែលបានចូលរួមជួយសង្គ្រោះបានប្រាប់រ៉យទ័រថាមនុស្សរាប់រយនាក់បានប្រមូលផ្តុំគ្នានៅក្នុងសាលារៀនមួយដើម្បីទទួលអំណោយជាប្រាក់ចំនួន៥.០០០ រីយ៉ាលយេម៉ែន ឬប្រហែល ៩ ដុល្លារក្នុងមនុស្សម្នាក់ៗ។

ក្រសួងមហាផ្ទៃយេម៉េនបានចេញសេចក្តីថ្លែងការណ៍ដាច់ដោយឡែកមួយថា ពាណិជ្ជករអ្នកជំនួញពីរនាក់ដែលបានរៀបចំកម្មវិធីចែកអំណោយត្រូវបានឃាត់ខ្លួន ហើយការស៊ើបអង្កេតកំពុងដំណើរការ។

ប្រទេសយេម៉ែនមានសង្គ្រាមស៊ីវិលរយៈពេលប្រាំបីឆ្នាំមកហើយ ដែលបានសម្លាប់មនុស្សរាប់ម៉ឺននាក់ ធ្វើឱ្យសេដ្ឋកិច្ចចុះខ្សោយ និងជំរុញឱ្យមនុស្សរាប់លាននាក់ធ្លាក់ក្នុងសភាពអត់ឃ្លាន។

សូមរំលឹកផងដែរថា ក្រុមចម្រុះដឹកនាំដោយអារ៉ាប៊ីសាអូឌីតបានធ្វើអន្តរាគមន៍ក្នុងប្រទេសយេម៉ែនក្នុងឆ្នាំ ២០១៥ បន្ទាប់ពីក្រុម Houthi បានទម្លាក់រដ្ឋាភិបាលយេម៉ែននៅឆ្នាំ ២០១៤។ សង្គ្រាមស៊ីវិលនេះត្រូវបានគេមើលឃើញថាជាជម្លោះរវាងប្រទេសអារ៉ាប៊ីសាអូឌីត និងអ៊ីរ៉ង់។

ប្រទេសអារ៉ាប៊ីសាអូឌីត និងអ៊ីរ៉ង់កាលពីខែមីនាបានព្រមព្រៀងគ្នាស្តារទំនាក់ទំនងការទូតឡើងវិញបន្ទាប់ពីបានកាត់ផ្តាច់នៅឆ្នាំ ២០១៦។ប្រទេសទាំងពីរក៍បានប្តូរអ្នកទោសគ្នាក្នុងខែមេសានេះ បាននាំឱ្យមានក្តីសង្ឃឹមចំពោះដំណោះស្រាយសន្តិភាពនៃប្រទេសនេះ។

អ្នកចរចាកំពូលនៃចលនា Houthi របស់យេម៉ែនបាននិយាយថា កិច្ចចរចាសន្តិភាពនាពេលថ្មីៗនេះជាមួយអារ៉ាប៊ីសាអូឌីតមានការរីកចម្រើន ហើយកិច្ចពិភាក្សានឹងធ្វើបន្ថែមទៀត ដើម្បីដោះស្រាយចំណុចខ្វែងគំនិតគ្នាដែលនៅសេសសល់។

Share

Image
Image
Image