ប្រធានកម្មវិធីអភិវឌ្ឍន៍របស់អង្គការសហប្រជាជាតិបានរាយការណ៍ថា អង្គការសហប្រជាជាតិបានត្រៀមខ្លួនរួចជាស្រេច ក្នុងការដកខ្លួនចេញពីប្រទេសអាហ្វហ្គានីស្ថាននៅក្នុងខែឧសភាខាងមុខនេះ ប្រសិនបើពួកតាលីបង់នៅតែមិនអនុញ្ញាតឱ្យស្ត្រីអាហ្វហ្គានីស្ថានបម្រើការឱ្យអង្គការសហប្រជាជាតិនិងអង្គការមិនមែនរដ្ឋាភិបាលផ្សេងៗទៀត។
(កញ្ញា កែវ សុជាតា រាយការណ៍)
បើយោងតាមសារព័ត៌មាន AP ប្រធានកម្មវិធីអភិវឌ្ឍន៍របស់អង្គការសហប្រជាជាតិ (UNDP) លោក Achim Steiner បានប្រាប់សារព័ត៌មាន The Associated Press (AP) ថា មន្ត្រីអង្គការសហប្រជាជាតិកំពុងចរចាជាមួយរដ្ឋាភិបាលអាហ្វហ្គានីស្ថាន ជាពិសេសលោកសង្ឃឹមថា ការចរចានេះអាចស្វែងរកដំណោះស្រាយ និងការលើកលែងនូវបម្រាម ដែលហាមឃាត់ស្រ្តីអាហ្វហ្គានីស្ថានមិនឱ្យទៅបម្រើការនៅអង្គការមនុស្សធម៌នានានៅក្នុងខែនេះ។
លោក Steiner បាននិយាយថា ប្រព័ន្ធអង្គការសហប្រជាជាតិទាំងមូលកំពុងបោះជំហានថយក្រោយ និងវាយតម្លៃសារឡើងវិញនូវសមត្ថភាពរបស់ខ្លួនក្នុងប្រតិបត្តិការនៅក្នុងប្រទេសអាហ្វហ្គានីស្ថាន។ លោកបញ្ជាក់បន្ថែមថា ការចរចាជាមួយពួកតាលីបង់មិនមែននិយាយតែពីគោលការណ៍ជាមូលដ្ឋានមួយមុខគត់ប៉ុណ្ណោះទេ ក៏ប៉ុន្តែការចរចានេះ គឺទាក់ទងទៅនឹងសិទ្ធិមនុស្សនៅអាហ្វហ្គានីស្ថាន។
ទោះបីជាយ៉ាងណា UNDP បាននិយាយកាលពីថ្ងៃអង្គារ ទី១៨ ខែមេសា ឆ្នាំ២០២៣ថា អង្គការសហប្រជាជាតិនៅតែបន្តប្តេជ្ញាចិត្តបន្តការងាររបស់ខ្លួន និងនាំនូវការអភិវឌ្ឍសម្រាប់ប្រជាជាតិអាហ្វហ្គានីស្ថានដដែល។ អ្នកនាំពាក្យរបស់អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក Stéphane Dujarric បានឱ្យដឹងថា អង្គការសហប្រជាជាតិនៅតែបន្តជំរុញឱ្យមានការប្រឆាំងតបតទៅនឹងបម្រាម របស់អាជ្ញាធរតាលីបង់។
យ៉ាងណាមិញ ពួកតាលីបង់បានអនុញ្ញាតឱ្យស្ត្រីអាហ្វហ្គានីស្ថានចូលរួមក្នុងការងារមួយចំនួនហើយ។ បើតាមរបាយការណ៍របស់អង្គការសហប្រជាជាតិដែលចេញផ្សាយកាលពីថ្ងៃអង្គារ ទី១៨ ខែមេសា ឆ្នាំ២០២៣ បានបង្ហាញថា ប្រទេសនេះត្រូវការស្ត្រីធ្វើការក្នុងផ្នែកជាច្រើន ដោយសារតែសេដ្ឋកិច្ចនៅអាហ្វហ្គានីស្ថានកំពុងធ្លាក់ចុះ។
គួរបញ្ជាក់ថា បន្ទាប់ពីពួកតាលីបង់បានកាន់កាប់ប្រទេសអាហ្វហ្គានីស្ថានមក សេដ្ឋកិច្ចទាំងមូលពុំមានអ្វីខុសប្លែកឡើយ។ បើតាមរបាយការណ៍បានឱ្យដឹងថា ផលិតផលក្នុងស្រុកសរុបត្រូវបានគេរំពឹងថាប្រាក់ចំណូលសម្រាប់មនុស្សម្នាក់ៗនឹងធ្លាក់ចុះពី ៣៥៩ ដុល្លារអាមេរិកក្នុងឆ្នាំ២០២២ ដល់ ៣៤៥ ដុល្លារអាមេរិកក្នុងឆ្នាំ២០២៤។ ក៏ប៉ុន្តែ ប្រទេសអាហ្វហ្គានីស្ថានក៏មានកំណើននៃការនាំចេញ ស្ថិរភាពអត្រាប្តូរប្រាក់ និងអតិផរណាតិច។
សូមរំលឹកថា សិទ្ធិស្ត្រីនៅក្នុងប្រទេសអាហ្វហ្គានីស្ថាន ត្រូវបានកាត់បន្ថយជាបន្តបន្ទាប់ ចាប់តាំងពីក្រុមតាលីបង់បានវិលត្រឡប់មកកាន់អំណាចនៅឆ្នាំ២០២១ ក្រោយសហរដ្ឋអាមេរិកបានដកទ័ព។ ផ្ទុយទៅវិញ មានតែក្មេងប្រុស និងគ្រូបង្រៀនបុរសប៉ុណ្ណោះ ដែលអនុញ្ញាតឱ្យចូលរៀន និងបង្រៀននៅអនុវិទ្យាល័យ នៅពេលសាលារៀនបើកដំណើរការឡើងវិញក្នុងខែកញ្ញា ឆ្នាំ២០២១។ លើសពីនេះ ក្រុមតាលីបង់បានរារាំងស្ត្រីមិនឱ្យបំពេញការងារមនុស្សធម៌របស់ក្រុមជំនួយបរទេសផងដែរ៕