en     km
en     km

ប្រធានាធិបតីកូរ៉េខាងត្បូងថាអាចនឹងផ្ដល់ជំនួយយោធាដល់អ៊ុយក្រែន

Share

សេអ៊ូល៖ ប្រធានាធិបតីកូរ៉េខាងត្បូង លោក Yoon Suk Yeol បាននិយាយថា កូរ៉េខាងត្បូងអាចនឹងពង្រីកការគាំទ្រអ៊ុយក្រែន លើសពីជំនួយមនុស្សធម៌ និងសេដ្ឋកិច្ច ប្រសិនបើប្រទេសនេះ ស្ថិតក្រោមការវាយប្រហារជនស៊ីវិលទ្រង់ទ្រាយធំ។

នេះជាសញ្ញាបង្ហាញពីការផ្លាស់ប្តូរជំហររបស់លោកប្រធានាធិបតីកូរ៉េខាងត្បូង លោក Yoon Suk Yeol។​ថ្លែងនៅក្នុងបទសម្ភាសន៍ជាមួយ Reuters នៅមុនដំណើរទស្សនកិច្ចផ្លូវរដ្ឋទៅកាន់សហរដ្ឋអាមេរិកនៅ

សប្តាហ៍ក្រោយ លោក Yoon បាននិយាយថា រដ្ឋាភិបាលរបស់លោកបាននិងកំពុងរិះរកវិធីជួយការពារ និងកសាងអ៊ុយក្រែនឡើងវិញ ដូចដែលកូរ៉េខាងត្បូងបានទទួលជំនួយអន្តរជាតិក្នុងអំឡុងសង្គ្រាមកូរ៉េឆ្នាំ ១៩៥០-៥៣ ។

លោកYoon បាននិយាយថា “ប្រសិនបើមានស្ថានភាពធ្ងន់ធ្ងរដែលសហគមន៍អន្តរជាតិមិនអាចអត់ឱន​បាន ដូចជាការវាយប្រហារទ្រង់ទ្រាយធំណាមួយលើជនស៊ីវិល ការសម្លាប់រង្គាល ឬការរំលោភបំពានលើច្បាប់សង្រ្គាម វាប្រហែលជាពិបាកសម្រាប់ពួកយើងនៅតែផ្តោតលើជំនួយមនុស្សធម៌ ឬផ្នែកហិរញ្ញវត្ថុដដែលទៀតនោះ” ។

នេះគឺជាលើកទីមួយហើយដែលទីក្រុងសេអ៊ូលបានបង្ហាញជំហរបែបនេះ ចំពោះសង្គ្រាមអ៊ុយក្រែន។កូរ៉េខាងត្បូងជាសម្ព័ន្ធមិត្តដ៏សំខាន់របស់អាមេរិក និងជាអ្នកផលិតគ្រាប់កាំភ្លើងធំ រហូតមកទល់ពេលនេះបានព្យាយាមជៀសវាងមានជម្លោះជាមួយរុស្ស៊ី ដោយសារមានក្រុមហ៊ុនរកស៊ីរបស់កូរ៉េខាងត្បូងជាច្រើនកំពុងប្រតិបត្តិការនៅរុស្ស៊ី និងឥទ្ធិពលរបស់ទីក្រុងម៉ូស្គូលើកូរ៉េខាងជើង។

 

លោកYoon បានបន្ថែមថា “ខ្ញុំជឿថាវានឹងមិនមានដែនកំណត់ចំពោះជំនួយដើម្បីការពារ និងស្ដារប្រទេសដែលត្រូវបានឈ្លានពានដោយខុសច្បាប់ទាំងនៅក្រោមច្បាប់អន្តរជាតិ និងច្បាប់ក្នុងស្រុក” ។ “ទោះជាយ៉ាងណា បើពិចារណាលើទំនាក់ទំនងរបស់យើងជាមួយភាគីដែលចូលរួមក្នុងសង្គ្រាម និងការវិវត្តនៅសមរភូមិ យើងនឹងចាត់វិធានការសមស្របបំផុត”។លោកYoon គ្រោងនឹងធ្វើទស្សនកិច្ចនៅទីក្រុងវ៉ាស៊ីនតោននៅសប្តាហ៍ក្រោយដើម្បីចូលរួមកិច្ចប្រជុំកំពូលជាមួយប្រធានាធិបតីសហរដ្ឋអាមេរិក Joe Biden ដើម្បីប្រារព្ធខួបលើកទី ៧០នៃសម្ព័ន្ធភាពរបស់ប្រទេសទាំងពីរ។

 

ក្នុងអំឡុងកិច្ចប្រជុំកំពូលនេះ លោក Yoon នឹងស្វែងរក “លទ្ធផលជាក់ស្តែង” លើកិច្ចខិតខំប្រឹងប្រែងរបស់សម្ព័ន្ធមិត្ត ដើម្បីកែលម្អការឆ្លើយតបទៅនឹងការវិវត្តនៃការគំរាមកំហែងពីប្រទេសកូរ៉េខាងជើង ដែលបានបង្កើនសកម្មភាពយោធា និងបានបាញ់បង្ហោះកាំជ្រួចអន្តរទ្វីបជាលើកដំបូងកាលពីសប្តាហ៍មុន។

លោកYoon បាននិយាយថា ទីក្រុងសេអ៊ូលនឹងបង្កើនសមត្ថភាពឃ្លាំមើល ការឈ្លបយកការណ៍ និងការវិភាគស៊ើបការណ៍សម្ងាត់របស់ខ្លួន និងអភិវឌ្ឍ “អាវុធដែលមានសមត្ថភាពខ្ពស់ និងថាមពលខ្លាំង” ដើម្បីការពារការគំរាមកំហែងពីកូរ៉េខាងជើង។ លោកបាននិយាយថា “ប្រសិនបើសង្គ្រាមនុយក្លេអ៊ែរផ្ទុះឡើងរវាងកូរ៉េខាងត្បូង និងកូរ៉េខាងជើង នោះប្រហែលជាមិនមែនគ្រាន់តែជាបញ្ហារវាងភាគីទាំងពីរប៉ុណ្ណោះទេ ប៉ុន្តែអាស៊ីឦសានទាំងមូលប្រហែលជាប្រែទៅជាផេះ។ នោះជាអ្វីដែលត្រូវតែបញ្ឈប់” ។ កាលពីខែកុម្ភៈ កូរ៉េខាងត្បូង និងសហរដ្ឋអាមេរិកបានធ្វើសមយុទ្ធដ៏ធំដែលក្លែងធ្វើការវាយប្រហារនុយក្លេអ៊ែរពីកូរ៉េខាងជើង ដែលជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងរបស់ទីក្រុងសេអ៊ូល ដើម្បីដើរតួនាទីកាន់តែសំខាន់នៅក្នុងគោលនយោបាយនុយក្លេអ៊ែររបស់ទីក្រុងវ៉ាស៊ីនតោនចំពោះកូរ៉េខាងជើង។

 

Share

Image
Image
Image