កងកម្លាំងទាំងពីរបក្សរបស់ស៊ូដង់បានអះអាងថា ពួកគេសុទ្ធតែទទួលលទ្ធផលជាទីគាប់ចិត្តកាលពីថ្ងៃចន្ទ ទី១៧ ខែមេសា ឆ្នាំ២០២៣ បន្ទាប់ជម្លោះនេះបង្កឱ្យដាច់ចរន្តអគ្គិសនី និងប្រព័ន្ធផ្គត់ផ្គង់ទឹកនៅក្នុងរដ្ឋធានីនៃប្រទេសស៊ូដង់។ ដោយឡែក បេសកជនអង្គការសហប្រជាជាតិប្រចាំប្រទេសស៊ូដង់បាននិយាយថា បច្ចុប្បន្ន ភាគីទាំងសងខាងមិនបានបង្ហាញនូវសញ្ញាចង់ចរចាគ្នានៅឡើយទេ។
(កញ្ញា កែវ សុជាតា រាយការណ៍)
បើយោងតាមសារព័ត៌មាន Reuters បានឱ្យដឹងថា ជម្លោះដណ្តើមអំណាចគ្នារវាងមេដឹកនាំយោធាស៊ូដង់ លោក Abdel Fattah al-Burhan និងមេដឹកនាំ RSF ឧត្តមសេនីយ៍ Mohamed Hamdan Dagalo បានបំផ្លិចបំផ្លាញ និងបង្កជាចលាចលនៅក្នុងទីក្រុង Khartoum នៃប្រទេសស៊ូដង់ កាលពីថ្ងៃសៅរ៍ ទី១៥ ខែមេសា ឆ្នាំ២០២៣។
បេសកជនអង្គការសហប្រជាជាតិ លោក Volker Perthes ប្រចាំនៅប្រទេសស៊ូដង់បាននិយាយថា ការប្រយុទ្ធគ្នារវាងកងទ័ព និងកងកម្លាំង RSFបានសម្លាប់មនុស្សយ៉ាងហោចណាស់ ១៨៥ នាក់ និងរបួសជាង ១,៨00 នាក់ ក្នុងការវាយប្រហារតាមអាកាស និងការប្រយុទ្ធគ្នានៅទីក្រុង Khartoum និងជម្លោះនៅទូទាំងប្រទេសស៊ូដង់។
ក្នុងនោះដែរ សាកលវិទ្យាល័យ គឺជាចំណុចដ៏គ្រោះថ្នាក់មួយ ដោយសារវានៅជិតទីបញ្ជាការកងកម្លាំងប្រដាប់អាវុធ ដោយមានយន្តហោះចម្បាំងហោះពីលើ និងអគារសកលវិទ្យាល័យជាច្រើនត្រូវបានឆាបឆេះក្នុងរងើកភ្លើង។
លោក Al-Muzaffar Farouk វ័យ ២៣ ឆ្នាំ ជានិស្សិតម្នាក់ក្នុងចំណោម ៨៩ នាក់ នៅសាកលវិទ្យាល័យបាននិយាយថា ហេតុការណ៍នេះពិតជាគួរឱ្យតក់ស្លុតជាខ្លាំង ដោយសារប្រទេសទាំងមូលប្រែទៅជាសមរភូមិក្នុងរយៈពេលតែមួយយប់ប៉ុណ្ណោះ។
ទោះបីជាយ៉ាងណាក៏ដោយ លោក Antony Blinken រដ្ឋមន្ត្រីក្រសួងការបរទេសសហរដ្ឋអាមេរិកបាននិយាយទៅកាន់លោក Burhan និងមេបញ្ជាការ RSF ឧត្តមសេនីយ៍ Mohamed Hamdan Dagalo ថា ភាគីទាំងពីរត្រូវមានទំនួលខុសត្រូវក្នុងការធានាសុវត្ថិភាព និងសុខុមាលភាពរបស់ជនស៊ីវិល បុគ្គលិកការទូត និងបុគ្គលិកមនុស្សធម៌ ដែលកំពុងរស់នៅក្នុងប្រទេសស៊ូដង់ជាដាច់ខាត។
លោក Volker Perthes បានប្រាប់អ្នកយកព័ត៌មានតាម videolink ពីទីក្រុង Khartoum ថា ភាគីទាំងពីរកំពុងប្រយុទ្ធតទល់គ្នាយ៉ាងក្តៅគគុក ហើយពួកគេមិនចាប់អារម្មណ៍លើការសម្របសម្រួលស្វែងរកសន្តិភាពភ្លាមៗទេ។ លោកបានបន្តថា ភាគីទាំងពីរបានព្រមព្រៀងបទឈប់បាញ់បោះក្នុងរយៈពេលបីម៉ោង ក៏ប៉ុន្តែការប្រយុទ្ធនៅថ្ងៃទីពីរបានបន្ត។ នេះបើយោងតាមអ្នកយកព័ត៌មាន Al Jazeera និង Al Arabiya ដែលផ្សាយពីទីក្រុង Khartoum។
យ៉ាងណាមិញ ប្រធានាធិបតីអេហ្ស៊ីប លោក Abdel Fattah al-Sisi បាននិយាយនៅក្នុងទូរទស្សន៍រដ្ឋអេហ្ស៊ីបមួយកាលពីល្ងាចថ្ងៃចន្ទ ទី១៧ ខែមេសាថា លោកកំពុងទាក់ទងជាមួយមេបញ្ជាកងទ័ព និងមេដឹកនាំក្រុម RSF ដើម្បីបញ្ចុះបញ្ចូលឱ្យក្រុមទាំងពីរងាកមកសម្រុះសម្រួលគ្នា និងដោះស្រាយវិវាទដោយសន្និវិធី៕