សេអ៊ូល៖ តាមរ៉យទ័រ ក្រុមមន្ត្រីកូរ៉េខាងត្បូងបាននិយាយថា មនុស្សជាង ៥០០ នាក់បានជម្លៀសចេញពីផ្ទះនៅទីក្រុង Gangneung ឆ្នេរសមុទ្រភាគខាងកើតរបស់ប្រទេសកូរ៉េខាងត្បូង ខណៈដែលភ្លើងឆេះព្រៃបានបង្កជាខ្យល់បក់ខ្លាំងកាលពីថ្ងៃអង្គារទី១១ មេសា ២០២៣ ប៉ុន្តែភាពភ័យខ្លាចនៃការឆេះរីករាលដាល បានធូរស្រាលវិញ ដោយសារមានភ្លៀងមួយមេបានជួយក្រុមពន្លត់អគ្គីភ័យ។
ភ្លើងដែលបានចាប់ផ្តើមឆាបឆេះនៅម៉ោងប្រហែល ៨.៣០នាទីព្រឹក ម៉ោងក្នុងស្រុក នៅថ្ងៃចន្ទ ទី១០ មេសា នៅទីក្រុង Gangneung និងគ្រប់គ្រងស្ថានការណ៍បានវិញនៅម៉ោង ៤.៣០នាទីរសៀល បន្ទាប់ពីបានឆេះអស់ផ្ទៃដីចំនួន ១៧០ ហិកតា និងបានបង្ខំឱ្យមានការជម្លៀសប្រជាជនប្រហែល ៥៥០ នាក់។ មន្រ្តីសេវាកម្មព្រៃឈើកូរ៉េបាននិយាយថានៅក្នុងទីក្រុងនេះដែលមានមនុស្សជាង ២០ម៉ឺននាក់រស់នៅ។
ភ្នាក់ងារព្រៃឈើជាតិបាននិយាយថា អគ្គិភ័យនេះបានធ្វើឱ្យមនុស្សបីនាក់រងរបួស រួមទាំងអ្នកពន្លត់អគ្គីភ័យពីរនាក់ផង និងបានបំផ្លាញអគាររាប់សិបខ្នង។ ទីភ្នាក់ងារព័ត៌មាន Yonhap បានរាយការណ៍ដោយដកស្រង់សំដីប៉ូលីសទីក្រុង Gangneung ថា សាកសពមួយត្រូវបានគេរកឃើញនៅពេលរសៀលថ្ងៃកើតហេតុ នៅក្នុងផ្ទះឆេះមួយនៅក្នុងតំបន់រងគ្រោះ។មន្ត្រីបាននិយាយថា អគ្គិភ័យនេះទំនងជាបានចាប់ផ្តើមបន្ទាប់ពីមានខ្យល់បក់បោកដើមឈើមួយដើមទៅលើខ្សែភ្លើង ហើយបានឆាបឆេះជាអណ្តាតភ្លើងឡើង។
ក្រុមពន្លត់អគ្គិភ័យបានព្យាយាមពន្លត់ភ្លើងដោយសារមានខ្យល់បក់ខ្លាំង ប៉ុន្តែភ្លៀងបានជួយពន្លត់ទៅវិញនៅរសៀលថ្ងៃដដែល។រូបថតនិងវីដេអូដែលបានផ្សព្វផ្សាយនៅលើបណ្តាញសង្គមបានបង្ហាញពីភ្លើងឆេះព្រៃនិងវាលស្រែ និងអគារមានហុយផ្សែង។ការិយាល័យរបស់លោកប្រធានាធិបតីកូរ៉េខាងត្បូងលោក Yoon Suk Yeol បាននិយាយថាលោកបានបញ្ជាឱ្យមន្ត្រីមូលដ្ឋានពន្លត់ភ្លើងឱ្យបានឆាប់តាមដែលអាចធ្វើបាន និងជម្លៀសប្រជាជននៅក្បែរនោះឱ្យបានឆាប់រហ័ស ដើម្បីកាត់បន្ថយចំនួនអ្នកស្លាប់៕