ម៉ានីល៖ យោងតាម AP កាលពីថ្ងៃអង្គារទី១១ មេសា ២០២៣ កងទ័ពអាមេរិក និងហ្វីលីពីន បានធ្វើសមយុទ្ធដ៏ធំបំផុតក្នុងរយៈពេលជាច្រើនទសវត្សរ៍ នៅក្នុងដែនទឹកសមុទ្រចិនខាងត្បូង និងច្រកសមុទ្រតៃវ៉ាន់ ដែលទីក្រុងវ៉ាស៊ីនតោនបានព្រមានម្តងហើយម្តងទៀតអំពីភាពតានតឹងខ្លាំងជាមួយប្រទេសចិន។
សមយុទ្ធប្រចាំឆ្នាំរបស់សម្ព័ន្ធមិត្តចាសវស្សាមានឈ្មោះថា Balikatan – Tagalog “ស្មាគៀកស្មា” នឹងប្រព្រឹត្តិទៅរហូតដល់ថ្ងៃទី២៨ខែមេសា ដែលមានការចូលរួមពីកងទ័ពជាង១៧.៦០០បាក់។ សមយុទ្ធនេះក្លាយជាសមយុទ្ធចុងក្រោយបំផុតបានបង្ហាញឥទ្ធិពលអាមេរិកនៅក្នុងតំបន់អាស៊ី ខណៈដែលរដ្ឋបាល Biden កំពុងពង្រឹងសម្ព័ន្ធភាពដើម្បីទប់ទល់នឹងឥទ្ធិពលរបស់ប្រទេសចិន។
សមយុទ្ធនេះគឺជាការខិតខំប្រឹងប្រែងរបស់ប្រទេសហ្វីលីពីនក្រោមការដឹកនាំរបស់ប្រធានាធិបតី Ferdinand Marcos Jr. ដើម្បីការពារផលប្រយោជន៍ហ្វីលីពីននៅសមុទ្រចិនខាងត្បូង ដែលចិនទាមទារយកតំបន់នេះស្ទើរតែទាំងស្រុង។
ឧត្តមសេនីយត្រី Eric Austin កងម៉ារីនអាមេរិកបាននិយាយថា “តាមរយៈទំនាក់ទំនងដែលយើងមាន យើងធ្វើសមយុទ្ធពេលនេះ នឹងធ្វើឱ្យយើងឆ្លើយតបទៅនឹងជម្លោះ វិបត្តិ ជំនួយមនុស្សធម៌ និងការសង្គ្រោះគ្រោះមហន្តរាយកាន់តែលឿន” ។
យោធាអាមេរិកប្រហែល ១២.២០០នាក់ កងទ័ពហ្វីលីពីនចំនួន ៥.៤០០នាក់ និងអូស្ត្រាលីចំនួន ១១១នាក់បានចូលរួមក្នុងសមយុទ្ធនេះ ដែលជាចំនួនដ៏ច្រើនបំផុតចាប់តាំងពីសមយុទ្ធ Balikatan បានចាប់ផ្តើមកាលពី ៣ ទសវត្សរ៍មុន។បើយោងតាមមន្ត្រីយោធាអាមេរិក និងហ្វីលីពីន សមយុទ្ធនេះនឹងមានការចូលរួមពីនាវាចម្បាំងអាមេរិក យន្តហោះចម្បាំងក៏ដូចជាកាំជ្រួច Patriot គ្រាប់រ៉ុក្កែត HIMARS និងគ្រាប់ប្រឆាំងរថក្រោះ Javelins ផងដែរ។
សមយុទ្ធបាញ់គ្រាប់ពិតនេះ កងកម្លាំងសហរដ្ឋអាមេរិក និងហ្វីលីពីននឹងក្លែងធ្វើជាពន្លិចកប៉ាល់សត្រូវនៅក្នុងដែនទឹកហ្វីលីពីននៅខេត្ត Zambales នៅភាគខាងលិចនៅថ្ងៃទី ២៦ ខែមេសា ដោយមានការទម្លាក់គ្រាប់បែកពីអាកាស និងការវាយប្រហារដោយកាំភ្លើងធំពីដីគោក និងឆ្នេរសមុទ្រផង។
លោក Michael Logico អ្នកនាំពាក្យកងទ័ពហ្វីលីពីនសម្រាប់ការធ្វើសមយុទ្ធនេះ បានប្រាប់អ្នកសារព័ត៌មានថា “យើងត្រូវបាញ់ទៅលើគោលដៅ ដែលយើងគិតថាមានការគំរាមកំហែងជាក់ស្តែង ដែលជាការឈ្លានពានតាមច្រកសមុទ្រ”។ «យើងកំពុងបង្ហាញថា យើងបានត្រៀមខ្លួនជាស្រេចក្នុងការប្រយុទ្ធ»។
មន្ត្រីយោធាហ្វីលីពីនបាននិយាយថា សមយុទ្ធនេះមានគោលបំណងពង្រឹងការការពារឆ្នេរសមុទ្រ និង ឆ្លើយតបនឹងគ្រោះមហន្តរាយនានា ដោយមិនសំដៅទៅលើប្រទេសណាមួយឡើយ។ស្ថានទូតអាមេរិកនៅទីក្រុងម៉ានីលបាននិយាយថា សេណារីយ៉ូក្នុងសមយុទ្ធនេះគឺ«សាកល្បងសមត្ថភាពរបស់សម្ព័ន្ធមិត្តក្នុងការបាញ់គ្រាប់ពិតរួមគ្នា ការចែករំលែកព័ត៌មាននិងការស៊ើបការណ៍សម្ងាត់ ការធ្វើទំនាក់ទំនងរវាងអង្គភាពសមយុទ្ធ ប្រតិបត្តិការដឹកជញ្ជូន ប្រតិបត្តិការនាវាចរណ៍»។ ប្រទេសចិនកាលពីសប្តាហ៍មុនបានព្រមានប្រឆាំងនឹងការដាក់ពង្រាយយោធារបស់សហរដ្ឋអាមេរិកកាន់តែច្រើននៅក្នុងតំបន់។ អ្នកនាំពាក្យក្រសួងការបរទេសចិន លោក Mao Ning បាននិយាយនៅក្នុងសន្និសីទសារព័ត៌មានជាទៀងទាត់មួយនៅទីក្រុងប៉េកាំងថា វានឹងនាំទៅរកភាពតានតឹងកាន់តែខ្លាំង និងកាត់បន្ថយសន្តិភាព និងស្ថិរភាពនៅក្នុងតំបន់។ សមយុទ្ធ Balikatan បានធ្វើនៅក្នុងប្រទេសហ្វីលីពីនមួយថ្ងៃបន្ទាប់ពីចិនបានបញ្ចប់សមយុទ្ធប្រយុទ្ធរយៈពេលបីថ្ងៃ ដែលក្លែងធ្វើការបិទខ្ទប់កោះតៃវ៉ាន់ បន្ទាប់ពីជំនួបរវាងប្រធានាធិបតីតៃវ៉ាន់ Tsai Ing-wen និងប្រធានសភា Kevin McCarthy កាលពីសប្តាហ៍មុននៅរដ្ឋកាលីហ្វ័រញ៉ា ដែលបានធ្វើឱ្យទីក្រុងប៉េកាំងខឹងសម្បារយ៉ាងខ្លាំង។ នៅថ្ងៃច័ន្ទ កងនាវាចរទី៧ របស់សហរដ្ឋអាមេរិកបានដាក់ពង្រាយនាវាពិឃាត USS Milius ក្នុងចម្ងាយ ១២ ម៉ាយពីសមុទ្រMischief Reef ដែលជាតំបន់ផ្កាថ្មដែលទាមទារដោយទីក្រុងម៉ានីល ដែលប្រទេសចិនបានកាន់កាប់នៅពាក់កណ្តាលទសវត្សរ៍ឆ្នាំ ១៩៩០ ហើយបានប្រែក្លាយទៅជាមូលដ្ឋានកោះការពារមីស៊ីលមួយក្នុងចំណោមមូលដ្ឋានចំនួនប្រាំពីរនៅភាគខាងត្បូង។ ប្រជុំកោះ Spratlys ដែលមានជម្លោះដ៏ក្តៅគគុកនោះ យោធាអាមេរិកបានធ្វើនាវាចរណ៍ច្រើនឆ្នាំមកហើយ ដើម្បីផ្ដល់សញ្ញាទៅចិនថាទីនេះជាដែនទឹកអន្តរជាតិ។ កងនាវាចរទី ៧ របស់អាមេរិកបាននិយាយថា “ដរាបណាប្រទេសមួយចំនួនបន្តទាមទារសិទ្ធិរបស់ពួកគេស្របតាមច្បាប់អន្តរជាតិ សហរដ្ឋអាមេរិកនឹងបន្តការពារសិទ្ធិ និងសេរីភាពផ្លូវសមុទ្រដែលធានាដល់អ្នកទាំងអស់គ្នា” ។