en     km
en     km

ប្រទេសចិន និងកោះតៃវ៉ាន់កំពុងកើនកំដៅ​ ខណៈមានការលូកដៃពីខាងក្រៅ

Share

ដំណើទស្សនកិច្ចរបស់ប្រធានាធិបតីតៃវ៉ាន់លោកស្រី Tsai Ing-wen ទៅកាន់សហរដ្ឋអាមេរិកថ្មីៗនេះបានបង្កភាពសម្រូងចម្រាស់យ៉ាងខ្លាំងរវាងចិននិងតៃវ៉ាន់ និងបន្ថែមលើនេះគឺភាពតានតឹងរវាងមហាអំណាចចិននិងសហរដ្ឋអាមេរិក។តើដំណើរទស្សនកិច្ចនេះមានអត្ថន័យផ្នែកនយោបាយយ៉ាងណាខ្លះ? កញ្ញា កែវ សុជាតា សូមជូនសេចក្ដីប្រែសម្រួលដូចតទៅ៖….

ប្រធានាធិបតីតៃវ៉ាន់ លោកស្រី Tsai Ing-wen បានជួបប្រធានសភាអាមេរិក លោក Kevin McCarthy  នៅក្នុងរដ្ឋកាលីហ្វ័រញ៉ាកាលពីថ្ងៃពុធទី៥ មេសា ២០២៣។ មុនពេលអ្នកទាំង២ជួបគ្នា ប្រទេសចិនបានព្រមានមហាអំណាចអាមេរិកកុំឱ្យបង្កើតកំហុសជាលើកទី២ ដែលចិនចង់សំដៅដល់ដំណើរទស្សនកិច្ចរបស់លោកស្រី Nancy Pelosi មកកាន់កោះតៃវ៉ានកាលពីឆ្នាំ២០២២។ ទោះយ៉ាងណាសហរដ្ឋអាមេរិកហាក់សម្តែងអាកប្បកិរិយាព្រងើយកន្តើយចំពោះការព្រមានរបស់ចិននៅពេលនេះ។

នៅក្នុងដំណើរទស្សនកិច្ចលើកនេះ លោកស្រី Tsai Ing-wen បានបង្ហាញពីជំហរបន្តពង្រឹងនិងការការពារ ​កោះតៃវ៉ាន់ជាមួយបណ្ដាប្រទេសសម្ព័ន្ធមិត្តរបស់ខ្លួនផ្សេងទៀត។ ជាមួយគ្នានេះមានអ្នកវិភាគជាច្រើនបានយល់ថា ជំនួបរវាងតៃវ៉ាន់ និងអាមេរិកនៅពេលនេះមិនមែនជារឿងចៃដន្យទេ ប៉ុន្តែវាអាចជាគាំទ្រ​ចំពោះ​តៃវ៉ាន់​ដោយ​បើក​ចំហ​តែម្ដង។

វត្តមានលោកស្រី Nancy Pelosi នៅទីក្រុងតៃប៉ិ កាលពីឆ្នាំ២០២២កន្លងទៅនេះ បានធ្វឱ្យប្រទេសចិនចេញមុខប្រតិកម្មទៅនឹងទង្វើឥតក្រែងរអារបស់អាមេរិកភ្លាមៗ។ ចិនប្រតិកម្មដោយឆក់យកឱកាសនេះធ្វើសមយុទ្ធយោធាយ៉ាងធំសម្បើមនៅជុំវិញកោះតៃវ៉ាន់ និងបានផ្អាក ឬលុបចោលកិច្ចសន្ទនាយោធាផ្លូវការចំនួន៨ជាមួយសហរដ្ឋអាមេរិក។ លើសពីនេះ ប្រទេសចិនបានបង្ហោះកាំជ្រួចអន្តរទ្វីបប៉ាលេស្ទីករំលងកោះតៃវ៉ាន់ ​ដើម្បីគំរាមកំហែងសហរដ្ឋអាមេរិកមិនឱ្យលុកដៃ ឬផ្តល់ជំនួយឱ្យកោះតៃវ៉ាន់។

តាមលោកសាស្ត្រាចារ្យ William Stanton អតីតនាយកវិទ្យាស្ថានអាមេរិកនៅតៃវ៉ាន់បាននិយាយថា ខ្លួនលោកផ្ទាល់មានការប្រឆាំងយ៉ាងខ្លាំងចំពោះដំណើរទស្សនកិច្ចរបស់លោកស្រី Pelosi មកកាន់ទឹកដីរបស់កោះតៃវ៉ាន់។ លោកថា នេះជាគោលនយោបាយថ្កោលទោសប្រទេសចិនដោយប្រយោល។

បើយោងការឱ្យដឹងពីសារព័ត៌មាន Reuters ប្រធានាធិបតីតៃវ៉ាន់ លោកស្រី Tsai មិនចង់ឱ្យតៃវ៉ាន់ធ្លាក់ចូលក្នុងការកត់ត្រាប្រវត្តិសាស្រ្តច្រំដែល ដូចកាលពីដំណើរទស្សនកិច្ចរបស់លោកស្រី Nancy Pelosi កាលឆ្នាំមុននោះទេ។​ ក៏ប៉ុន្តែលោកស្រីក៏ចង់បង្ហាញទៅកាន់ប្រទេសចិនវិញដែរថា តៃវ៉ាន់ត្រូវការទំនាក់ទំនងការទូតយ៉ាងជិតស្និទ្ធជាមួយសម្ព័ន្ធមិត្តដ៏មានឥទ្ធិពលពីទីក្រុងវ៉ាស៊ីនតោន។ ដូច្នេះហើយ ទើបលោកស្រីនៅតែបន្តមានវត្តមាននៅក្នុងកិច្ចប្រជុំជាមួយលោក McCarthy នៅរដ្ឋកាលីហ្វ័រញ៉ានៅពេលនេះ។

 

ក្រឡេកមកមើល លោក McCarthy ឯណ្ណេះវិញ លោកបាននិយាយបែបលេងសើចថា ជំនួបរវាងអាមេរិកនិងតៃវ៉ាន់ជាកិច្ចប្រជុំទ្វេភាគី។ លោកបានបន្តថា ប្រទេសចិនមិន​ចាំបាច់​ប្រតិកម្ម​ខ្លាំង​ពេក​ចំពោះ​កិច្ច​ប្រជុំ​នេះទេ ព្រោះវាគ្មានអ្វីទាក់ទងនឹងប្រទេសចិនសោះឡើយ។

គួរបញ្ជាក់ថា​ ក្នុងរយៈពេលជាច្រើនឆ្នាំមកនេះ សម្ព័ន្ធមិត្តជាច្រើនរបស់តៃវ៉ាន់បានងាកមកភ្ជាប់ទំនាក់ទំនងជាមួយប្រទេសចិនវិញ។ បច្ចុប្បន្ន តៃវ៉ាន់មានសម្ព័ន្ធមិត្តត្រឹមតែ ១៣ ប្រទេសប៉ុណ្ណោះ។ កាលពីថ្មីៗនេះ ប្រទេសហុងដូរ៉ាសក៏ងាកមកមានទំនាក់ទំនងការទូតជាមួយប្រទេសចិនជាផ្លូវការវិញដែរ។

បើតាមលោក Wen-Ti Sung អ្នក​វិទ្យាសាស្ត្រ​នយោបាយ​នៃ​សាកលវិទ្យាល័យ​ជាតិ​អូស្ត្រាលីបាននិយាយថា ក្នុងដំណើរទស្សនកិច្ចអន្តរជាតិទាំងនេះ ជាតម្រូវការរបស់កោះតៃវ៉ាន់ដើម្បីការទទួលស្គាល់ពីសហគមន៍អន្តរជាតិ ពីព្រោះតៃវ៉ាន់កំពុងត្រូវការការគាំទ្រពីសំណាក់អន្តរជាតិនៅក្នុងវិវាទរវាងតៃវ៉ាន់និងចិន។

ទន្ទឹមនឹងនេះ បក្សកុម្មុយនិស្តចិនបានបង្កើនការវាយលុកដ៏ត្រជាក់ល្អូកមួយ ដោយបានអញ្ជើញ អតីតប្រធានាធិបតីតៃវ៉ាន់ លោក Ma Ying-jeou មកទស្សនកិច្ចនៅប្រទេសចិនដីគោក។ ជាការពិត នេះជាលើកទីមួយហើយ ដែលអតីតប្រធានាធិបតីតៃវ៉ាន់ ត្រូវបានចិនអញ្ជើញឱ្យមកធ្វើទស្សនកិច្ចនៅសាធារណរដ្ឋប្រជាមានិតចិន ចាប់តាំងពីឆ្នាំ១៩៤៩មក។លោក Ma បានធ្វើដំណើរទៅកាន់ទីក្រុងចំនួន៥នៅប្រទេសចិន ក្នុងគោលបំណងមកគោរពផ្នូរបុព្វបុរសនៅកណ្តាលប្រទេសចិនផង និង​ជា​រឿង​នយោបាយ​ផង។

លោក Wen-Ti Sung បាននិយាយថា ទីក្រុងប៉េកាំងកំពុងព្យាយាមលួងលោមអ្នកគាំទ្រតៃវ៉ាន់ ក៏ដូចជាជៀសវាងការកើនឡើងនៃអ្នកជាតិនិយមតៃវ៉ាន់ក្នុងអំឡុងពេលយុទ្ធនាការជ្រើសរើសប្រធានាធិបតីថ្មីក្នុងឆ្នាំ២០២៤។ លោកបន្ថែមថា ដំណើរទស្សនកិច្ចរបស់លោក Ma ជាសញ្ញាបិទបាំងនយោបាយ។ នៅពេលលោក Ma បានចុះចតនៅទីក្រុងណានជីងកាលពីសប្តាហ៍មុន លោកបានលើឡើងថា ប្រជាជននៅសងខាងនៃច្រកសមុទ្រតៃវ៉ាន់ គឺជាជនជាតិចិន ហើយប្រជាជនទាំងពីរគឺជាកូនចៅរបស់រាជវង្សយ៉ាន និងអធិរាជលឿង។

បើតាមលោកសាស្រ្តាចារ្យ Stanton បានថា ទីក្រុងប៉េកាំងហាក់បានសម្តែងជាធ្វើល្អចំពោះលោក Ma Ying-jeou ពីព្រោះលោកតំណាងឱ្យកោះតៃវ៉ាន់។

តាមការស្ទង់មតិបង្ហាញថា ជាងពាក់កណ្តាលនៃប្រជាជនតៃវ៉ានជឿថា សង្គ្រាមជាមួយចិនទំនងជានឹងចាប់ផ្តើមក្នុងពេលឆាប់ៗនេះ។ លោក Wen-Ti Sung បាននិយាយថា គោលបំណងរបស់លោក Ma គឺដើម្បីបញ្ចុះបញ្ចូលប្រជាជនតៃវ៉ាន់ថាមានតែគណបក្សKuomintang(KMT)របស់លោកតែមួយប៉ុណ្ណោះ​ដែលអាចបញ្ជៀសសង្រ្គាមរវាងចិននិងតៃវ៉ាន់បាន៕

 

Share

ព័ត៌មានទាក់ទង

Image