បើយោងតាមសារព័ត៌មាន BBC បានឱ្យដឹងនៅថ្ងៃពុធ ទី៦ ខែមេសា ឆ្នាំ២០២៣ ថាប្រធានាធិបតីតៃវ៉ាន់ លោកស្រី Tsai Ing-wen បានជួបជាមួយប្រធានសភាអាមេរិក លោក Kevin McCarthy នៅក្នុងរដ្ឋកាលីហ្វ័រញ៉ា។ នៅមុនជំនួបនេះ ប្រទេសចិនបានព្រមានអាមេរិក និងហាមឃាត់មិនឱ្យមហាអំណាចមួយនេះបង្កើតកំហុសជាលើកទី២ ក៏ប៉ុន្តែអាមេរិកហាក់សម្តែងអាកប្បកិរិយាព្រងើយកន្តើយចំពោះការព្រមានរបស់ចិន។
នៅក្នុងដំណើរទស្សនកិច្ចលើកនេះ លោកស្រី Tsai Ing-wen បានបង្ហាញពីជំហរ និងគោលនយោបាយនៃការបន្តពង្រឹងការការពារ ជាមួយនឹងប្រទេសដែលជាសម្ព័ន្ធមិត្តដទៃទៀត។ ស្របពេលដែរ មនុស្សជាច្រើនបានយល់ថា ជំនួបរវាងតៃវ៉ាន់ និងអាមេរិកមិនមែនជាការចៃដន្យប៉ុណ្ណោះទេ ប៉ុន្តែវាអាចជាគាំទ្រចំពោះតៃវ៉ាន់ដោយបើកចំហកាន់តែខ្លាំងឡើង។
ដោយឡែក កាលពីឆ្នាំ២០២២កន្លងទៅនេះ អតីតប្រធានសភាអាមេរិក លោកស្រី Nancy Pelosi បានធ្វើទស្សនកិច្ចនៅទីក្រុងតៃប៉ិនៃកោះតៃវ៉ាន់ ដែលបានបង្កជាការភ្ញាក់ផ្អើលយ៉ាងខ្លាំងសម្រាប់ប្រជាជាតិនៅក្នុងសកលលោក។ ក្នុងនោះ ប្រទេសចិនបានចេញមុខប្រតិកម្មនឹងទង្វើឥតក្រែងរអារបស់អាមេរិកភ្លាមៗ។
ជាការតបតទៅវិញ ប្រទេសចិនបានធ្វើសមយុទ្ធយោធានៅជុំវិញកោះតៃវ៉ាន់ភ្លាមៗ ហើយបានផ្អាក ឬលុបចោលកិច្ចសន្ទនាយោធាផ្លូវការចំនួន ៨ ជាពិសេសបញ្ឈប់កិច្ចសហប្រតិបត្តិការមួយចំនួនជាមួយសហរដ្ឋអាមេរិក។ លើសពីនេះ ប្រទេសចិនបានបាញ់កាំជ្រួចអន្តរទ្វីបប៉ាលេស្ទីកកាត់កោះតៃវ៉ាន់ ក្នុងគោលបំណងគំរាមកំហែងមិនឱ្យសហរដ្ឋអាមេរិកព្យាយាមលុកដៃ ឬផ្តល់ជំនួយមកឱ្យកោះតៃវ៉ាន់។
តាមលោកសាស្ត្រាចារ្យ William Stanton អតីតនាយកវិទ្យាស្ថានអាមេរិកនៅតៃវ៉ាន់បាននិយាយថា លោកផ្ទាល់មានការប្រឆាំងយ៉ាងខ្លាំងចំពោះដំណើរទស្សនកិច្ចរបស់លោកស្រី Pelosi មកកាន់ទឹកដីរបស់កោះតៃវ៉ាន់។ លោកថា នេះជាគោលនយោបាយថ្កោលទោសប្រទេសចិនដោយប្រយោល។
ទោះបីជាយ៉ាងណាក៏ដោយ ប្រធានាធិបតីតៃវ៉ាន់ លោកស្រី Tsai មិនចង់បានប្រវត្តិសាស្រ្តច្រំដែល ពោលគឺដំណើរទស្សនកិច្ចដូចកាលពីឆ្នាំមុនជាមួយនឹងថ្នាក់ដឹកនាំអាមេរិកនោះទេ។ ក៏ប៉ុន្តែលោកស្រីក៏ចង់បង្ហាញទៅកាន់ប្រទេសចិនវិញដែរថា តៃវ៉ាន់ត្រូវការវត្តមានទំនាក់ទំនងការទូតយ៉ាងជិតស្និទ្ធជាមួយសម្ព័ន្ធមិត្តដ៏មានឥទ្ធិពលបំផុតនៅក្នុងទីក្រុងវ៉ាស៊ីនតោន។ ដូច្នេះហើយ ទើបលោកស្រីនៅតែបន្តមានវត្តមាននៅក្នុងកិច្ចប្រជុំនៅរដ្ឋកាលីហ្វ័រញ៉ា។ ក្នុងនោះដែរ លោក McCarthy បាននិយាយបែបលេងសើចថា នេះជាកិច្ចប្រជុំទ្វេភាគី បើទោះបីជាប្រទេសចិនបានព្រមានសហរដ្ឋអាមេរិកកុំឱ្យលេងជាមួយភ្លើងក៏ដោយ។ សេតវិមានបានថា ប្រទេសចិនមិនចាំបាច់ប្រតិកម្មខ្លាំងពេកចំពោះកិច្ចប្រជុំនេះទេ ព្រោះវាគ្មានអ្វីទាក់ទងនឹងប្រទេសចិនសោះឡើយ។
យ៉ាងណាមិញ ក្នុងរយៈពេលជាច្រើនឆ្នាំមកនេះ សម្ព័ន្ធមិត្តជាច្រើនរបស់តៃវ៉ាន់បានងាកមកផ្សារទំនាក់ទំនងជាមួយប្រទេសចិនវិញ។ បច្ចុប្បន្ន តៃវ៉ាន់មានសម្ព័ន្ធមិត្តត្រឹមតែ ១៣ ប្រទេសប៉ុណ្ណោះ។ កាលពីថ្មីៗនេះ ប្រទេសហុងដូរ៉ាសក៏មានទំនាក់ទំនងការទូតជាមួយប្រទេសចិនជាផ្លូវការដែរ។
លោក Sung មានប្រសាសន៍ថា ក្នុងដំណើរទស្សនកិច្ចអន្តរជាតិទាំងនេះ ជាតម្រូវការរបស់សង្គមតៃវ៉ាន់សម្រាប់ការទទួលស្គាល់ពីប្រជាអន្តរជាតិ ពីព្រោះតៃវ៉ាន់កំពុងត្រូវការការគាំទ្រពីសំណាក់អន្តរជាតិនៅក្នុងវិវាទរវាងតៃវ៉ាន់និងចិន។
ទន្ទឹមនឹងនេះ បក្សកុម្មុយនិស្តចិនបានបង្កើនការវាយលុកដ៏គួរឱ្យស្ញើចផងដែរ ដោយបានអញ្ជើញ អតីតប្រធានាធិបតីតៃវ៉ាន់ លោក Ma Ying-jeou មកទស្សនកិច្ចនៅប្រទេសដីគោក។ ជាការពិត នេះជាលើកទីមួយហើយ ដែលអតីតប្រធានាធិបតីតៃវ៉ាន់ ត្រូវបានគេអញ្ជើញឱ្យមកធ្វើទស្សនកិច្ចនៅសាធារណរដ្ឋប្រជាមានិតចិន ចាប់តាំងពីការបង្កើតឡើងនៅឆ្នាំ១៩៤៩មក។ ក្នុងនោះ លោក Ma បានធ្វើដំណើរទៅកាន់ទីក្រុងចំនួន៥ ក្នុងគោលបំណងមកគោរពផ្នូរបុព្វបុរសនៅកណ្តាលប្រទេសចិនផង និងជារឿងនយោបាយផង។
លោក Sung បាននិយាយថា ទីក្រុងប៉េកាំងកំពុងព្យាយាមបន្ទន់សម្លេងអ្នកគាំទ្រតៃវ៉ាន់ ហើយក៏ជៀសវាងការកើនឡើងនៃជាតិនិយមតៃវ៉ាន់ក្នុងអំឡុងពេលយុទ្ធនាការជ្រើសរើសប្រធានាធិបតីថ្មីក្នុងឆ្នាំ២០២៤។ លោកបន្ថែមថា ដំណើរទស្សនកិច្ចរបស់លោក Ma ជាសញ្ញាបិទបាំងនយោបាយ។ នៅពេលលោក Ma បានចុះចតនៅទីក្រុងណានជីងកាលពីសប្តាហ៍មុន បានរាយការណ៍ថា ប្រជាជននៅសងខាងនៃច្រកសមុទ្រតៃវ៉ាន់ គឺជាជនជាតិចិន ហើយអ្នកទាំងពីរគឺជាកូនចៅរបស់យ៉ាន និងអធិរាជលឿង។
ក្នុងនោះដែរ លោកសាស្រ្តាចារ្យ Stanton មានប្រសាសន៍ថា ទីក្រុងប៉េកាំងសម្តែងជាធ្វើល្អចំពោះលោក Ma Ying-jeou ពីព្រោះគាត់តំណាងឱ្យតៃវ៉ាន់។
យ៉ាងណាមិញ តាមការស្ទង់មតិបង្ហាញថា ជាងពាក់កណ្តាលនៃកោះតៃវ៉ានជឿថា សង្គ្រាមជាមួយចិនទំនងជានឹងចាប់ផ្តើមក្នុងពេលឆាប់ៗនេះ។ លោក Sung បាននិយាយថា គោលបំណងរបស់លោក Ma គឺដើម្បីបញ្ចុះបញ្ចូលអ្នកបោះឆ្នោតតៃវ៉ាន់ថា មានតែគណបក្សរបស់លោក គឺគណបក្ស Kuomintang (KMT) ប៉ុណ្ណោះដែលអាចជៀសវាងពីសង្រ្គាមរវាងចិននិងតៃវ៉ាន់៕